អ្នកជំនាញ​និយាយ​ពី​សក្តា​នុ​ពល​ផ្លូវជាតិ​លេខ៥៥​ លើ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​

0

ដោយ៖​ រ៉ា​ណេត​

ពោធិ៍​សា​ត់ៈ​ វត្តមាន​ថ្មី​នៃ​ផ្លូវជាតិ​លេខ៥៥​ ដែល​កំពុង​ផ្តល់​ភាព​ទាក់ទាញ​ដូច​បានឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់​ ដែល​គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​វត្តមាន​របស់​សម្ដេច​ តេជោ​ហ៊ុន​ សែន​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា​ នឹង​ចូលខ្លួន​មក​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ទៅ​ថ្ងៃ​អា​នាគ​តយ៉ាង​ប្រសើរ​។

ផ្លូវជាតិ​លេខ៥៥មួយ​ខ្សែ​ថ្មី​មួយទៀត​ ដែល​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ មាន​ចម្ងាយ១៨០គីឡូម៉ែត្រ​ ចំណាយ​ថវិកា​អស់​ចំនួន១៣២​,៨០លាន​ដុល្លារ​ ក្រោម​ហិរញ្ញ​ប្ប​ទាន​សម្ប​ ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ចំណាយពេល៤២ខែ​។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ កាលពី​ព្រឹ​កថ្ងៃ​ទ២៥​ ខែកក្កដា​ ឆ្នាំ២០១៩បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​វត្ត​ថ្មី​នៃ​ផ្លូវជាតិ​មួយ​នេះ​ ដែល​វា​នឹង​ចូល​មក​បម្រើ​ផលប្រយោជន៍​ ដល់​សង្គមជាតិ​តាម​ រយៈ​វិស័យ​ដឹកជញ្ជូន​ វិស័យ​ទេសចរណ៍​ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “បើ​និយាយ​ពី​កក្តា​ភូមិសាស្ត្រ​ផ្លូវ​មួយ​ខ្សែ​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​ច្រើនជាង​វិស័យ​ដឹកជញ្ជូន​”។ លោក​បាន​បន្ត​ទៀត​ថា​ “ពីមុន​បើ​អ្នក​នៅ​ពោធិ៍សាត់​ចង់ទៅ​តំបន់​សមុទ្រ​ ឬទៅ​ខេត្តកោះកុង​ គឺ​ត្រូវតែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៤៨​ ទើប​ទៅដល់​ ប៉ុន្តែ​ពេលនេះ​គ្រាន់តែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥៥​ និង៤៨​ ជាការស្រេច​”។

លោក​បន្ត​ទៀត​ថា​ ដោយឡែក​បើ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ទំនិញ​ វា​មាន​ខ្លះ​ៗដែរ​ ប៉ុន្តែ​ហាក់​មិនសូវ​ជាសកម្ម​នោះ​ទេ​ ដោយសារតែ​តំបន់​ដែល​ត្រូវលើ​កដាក់​ទំនិញ​មិន​ស្ថិតនៅ​តាម​បណ្តាញ​ផ្លូវ​នេះនោះ​ទេ​។

​;លោក​ហុង​ វណ្ណៈ​បាន​បន្ត​ថា​ “បើ​តាមខ្ញុំ​យល់​ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ក្លាយជា​តំបន់​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ច្រើនជាង​ ព្រោះ​នៅ​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​នេះ​សម្បូរទៅដោយ​ធម្មជាតិ​ស្អាត​ច្រើន​ មាន​ភ្នំ​ មាន​ទឹកជ្រោះ​ និង​មាន​រុ​ក្ខ​ប្លែក​ៗច្រើន​ ដែល​សុទ្ធតែ​ជា​ភាព​ទាក់ទាញ​ក្នុង​វិស័យ​នេះ​”។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ បច្ចុប្បន្ន​នេះ​ និង​ទៅ​ថ្ងៃខាងមុខ​ដ៏​ខ្លី​ តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ហាក់​មិនទាន់​មាន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ខ្លាំង​នៅឡើយ​នោះ​ទេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ទទួលស្គាល់​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ភាព​ទាក់ទាញ​ដោយសារតែ​ស្ថានភាព​នៃ​ផ្លូវ​ និង​តំបន់​មាន​ធម្មជាតិ​ច្រើន​ ប៉ុន្តែ​វា​ហាក់​ថ្មី​ពេក​ ដែល​អ្នក​ទេសចរណ៍​ភាគច្រើន​នៅ​មិនទាន់​បាន​ជ្រាប​ច្បាស់​នៅឡើយ​”។ លោក​បន្ត​ទៀត​ថា​ “ភាពល្អ​ប្រសើរ​សម្រាប់​វិស័យ​ទេសចរណ៍​ អាច​សមស្រប​ចំពោះ​ដំណើរ​ទេសចរណ៍​លក្ខណៈ​ Adventure​ ដែលគេ​អាច​កម្សាន្ត​តាម​ការ​ធ្វើដំណើរ​គយគន់​ទេសភាព​ ដូចជា​ ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​កោះកុង​ តាមផ្លូវ​ជាតិ​លេខ៤​ លេខ៤៨​ លុះ​ពេល​វិលត្រឡប់​មកវិញ​ គេ​អាច​ចេញ​មក​តាមផ្លូវ៤៨​ ផ្លូវជាតិ​លេខ៥៥​ លេខ៥​ ចូល​មកកាន់​រាជធានី​ភ្នំពេញ​វិញ​”។

យ៉ាងណាក៏ដោយ​លោក​ រំពឹង​ថា​ នៅ​ថ្ងៃ​អនាគត​បន្ទាប់ពី​មានការ​អភិវឌ្ឍ​ និង​រៀបចំ​ធ្វើជា​តំបន់​កម្សាន្ត​ នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​។

ផ្លូវជាតិ​លេខ៥៥​ ជា​ប្រភេទ​ផ្លូវ​ DBST ​គិត​ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវ​ ជាតិ​លេខ៥​ (១៩១​+១៥០​) រហូតដល់​ភ្នំក្រវាញ​-ទីរួមស្រុក​វាលវែង​-ថ្មដា​ ខេត្ត​ពោធិ​សាត់​ (ព្រំដែន​កម្ពុជា​-ថៃ​ ខេត្ត​ត្រា​ត) មាន​ស្ពាន​ចំនួន​ ៤៥កន្លែង​ ត្រូវ​បាន​សាងសង់​ដោយសា​ជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​ បច្ចេកទេស​ពី​ក្រុមហ៊ុន​ Guangzhou​ Wanna​ Construction​ Supervision​ Co​., Ltd​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ​ថា​ ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ សមាហរណកម្ម​ផ្ទៃក្នុង​។ ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ និង​រួមចំណែក​ ដល់​ការ​ប្រែក្លាយ​តំបន់​សក្តា​នុ​ពល​ផ្នែក​កសិកម្ម​ ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ដែល​អាច​តភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​។

ជាពិសេស​ជាង​នេះ​ទៀត​ ផ្លូវ​នេះ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ ឡើង​ដល់​ការ​តភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង​ ជួយ​ដល់​ការសម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​ ការ​វិនិយោគ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ និង​កសិកម្ម​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here