ដោយ៖ រ៉ាណេត
ពោធិ៍សាត់ៈ វត្តមានថ្មីនៃផ្លូវជាតិលេខ៥៥ ដែលកំពុងផ្តល់ភាពទាក់ទាញដូចបានឃើញក្នុងរូបភាពនេះស្រាប់ ដែលគ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមវត្តមានរបស់សម្ដេច តេជោហ៊ុន សែននៅពេលឆាប់ៗខាងមុខនេះ ត្រូវបានអ្នកជំនាញលើកឡើងថា នឹងចូលខ្លួនមកបម្រើដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ទៅថ្ងៃអានាគតយ៉ាងប្រសើរ។

-->
ផ្លូវជាតិលេខ៥៥មួយខ្សែថ្មីមួយទៀត ដែលទើបតែបញ្ចប់ការសាងសង់ទាំងស្រុង មានចម្ងាយ១៨០គីឡូម៉ែត្រ ចំណាយថវិកាអស់ចំនួន១៣២,៨០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាយពេល៤២ខែ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា កាលពីព្រឹកថ្ងៃទ២៥ ខែកក្កដា ឆ្នាំ២០១៩បានមានប្រសាសន៍បង្ហាញពីក្ដីសាទរជាមួយនឹងវត្តថ្មីនៃផ្លូវជាតិមួយនេះ ដែលវានឹងចូលមកបម្រើផលប្រយោជន៍ ដល់សង្គមជាតិតាម រយៈវិស័យដឹកជញ្ជូន វិស័យទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលត្រូវប្រើប្រាស់ផ្លូវមួយខ្សែនេះ។
លោកបានមានប្រសាសន៍ថា “បើនិយាយពីកក្តាភូមិសាស្ត្រផ្លូវមួយខ្សែនេះ គឺមានភាពល្អប្រសើរច្រើន ជាពិសេសលើវិស័យទេសចរណ៍ច្រើនជាងវិស័យដឹកជញ្ជូន”។ លោកបានបន្តទៀតថា “ពីមុនបើអ្នកនៅពោធិ៍សាត់ចង់ទៅតំបន់សមុទ្រ ឬទៅខេត្តកោះកុង គឺត្រូវតែធ្វើដំណើរតាមផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ទើបទៅដល់ ប៉ុន្តែពេលនេះគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ និង៤៨ ជាការស្រេច”។
លោកបន្តទៀតថា ដោយឡែកបើសម្រាប់វិស័យដឹកជញ្ជូនទំនិញ វាមានខ្លះៗដែរ ប៉ុន្តែហាក់មិនសូវជាសកម្មនោះទេ ដោយសារតែតំបន់ដែលត្រូវលើកដាក់ទំនិញមិនស្ថិតនៅតាមបណ្តាញផ្លូវនេះនោះទេ។
;លោកហុង វណ្ណៈបានបន្តថា “បើតាមខ្ញុំយល់ ផ្លូវមួយខ្សែនេះនឹងក្លាយជាតំបន់ទាក់ទាញលើវិស័យទេសចរណ៍ច្រើនជាង ព្រោះនៅតំបន់ដែលពាក់ព័ន្ធនឹងផ្លូវនេះសម្បូរទៅដោយធម្មជាតិស្អាតច្រើន មានភ្នំ មានទឹកជ្រោះ និងមានរុក្ខប្លែកៗច្រើន ដែលសុទ្ធតែជាភាពទាក់ទាញក្នុងវិស័យនេះ”។
ផ្ទុយពីការលើកឡើងខាងលើនេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានមានប្រសាសន៍នៅថ្ងៃដដែលថា បច្ចុប្បន្ននេះ និងទៅថ្ងៃខាងមុខដ៏ខ្លី តំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ ហាក់មិនទាន់មានភាពទាក់ទាញផ្នែកទេសចរណ៍ខ្លាំងនៅឡើយនោះទេ។
លោកបានបន្តទៀតថា “ខ្ញុំទទួលស្គាល់ថា ផ្លូវមួយខ្សែនេះមានភាពទាក់ទាញដោយសារតែស្ថានភាពនៃផ្លូវ និងតំបន់មានធម្មជាតិច្រើន ប៉ុន្តែវាហាក់ថ្មីពេក ដែលអ្នកទេសចរណ៍ភាគច្រើននៅមិនទាន់បានជ្រាបច្បាស់នៅឡើយ”។ លោកបន្តទៀតថា “ភាពល្អប្រសើរសម្រាប់វិស័យទេសចរណ៍ អាចសមស្របចំពោះដំណើរទេសចរណ៍លក្ខណៈ Adventure ដែលគេអាចកម្សាន្តតាមការធ្វើដំណើរគយគន់ទេសភាព ដូចជា ចេញដំណើរពីភ្នំពេញទៅកោះកុង តាមផ្លូវជាតិលេខ៤ លេខ៤៨ លុះពេលវិលត្រឡប់មកវិញ គេអាចចេញមកតាមផ្លូវ៤៨ ផ្លូវជាតិលេខ៥៥ លេខ៥ ចូលមកកាន់រាជធានីភ្នំពេញវិញ”។
យ៉ាងណាក៏ដោយលោក រំពឹងថា នៅថ្ងៃអនាគតបន្ទាប់ពីមានការអភិវឌ្ឍ និងរៀបចំធ្វើជាតំបន់កម្សាន្ត នឹងមានភ្ញៀវទេសចរណ៍ចូលទៅកម្សាន្តនៅតំបន់នេះ។
ផ្លូវជាតិលេខ៥៥ ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត) មានស្ពានចំនួន ៤៥កន្លែង ត្រូវបានសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីដើមសប្ដាហ៍នេះថា ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង។ ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕