ដោយ៖ រ៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានស្នើឲ្យអង្គការអន្តរជាតិខាងការងារ (ILO) បន្តជួយស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើងនៅកម្ពុជា ខណៈកម្ពុជាបានខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវលក្ខខ័ណ្ឌការងារក្នុងវិស័យនេះ។
ក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយនាយិកាកម្មវិធីការងារកាន់តែប្រសើរនៃអង្គការ ILO លោកស្រីហា ហ្វៀនហុង (Ha Nguyen Hong) នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី BFC និងបានសន្យាជួយជំរុញរោងចក្រផលិតសម្ភារៈធ្វើដំណើរចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។
-->
លោកបានបន្តថា “ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២)ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ”។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អរសិទ្ធិការងារ ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរជាដើម។
លោកស្រី ហា ហ្វៀងហុង បានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង។

លោកស្រីក៏បានសន្យាជួយផ្សព្វផ្សាយបន្តនូវព័ត៌មានស្តីពី កិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រុមហ៊ុនវិនិយោគ និងមជ្ឈដ្ឋានអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងចូលរួមលើកស្ទួយកិត្តិនាមឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា៕