រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឲ្យ​ ILO​ បន្ត​ការ​លើកស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅ​កម្ពុជា​

0

ដោយ​៖​ រ៉ា​ណេត

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO​) បន្ត​ជួយ​ស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅ​កម្ពុជា​ ខណៈ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខ័ណ្ឌ​ការងារ​ក្នុង​វិស័យ​នេះ​។

ក្នុង​ជំនួប​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​នាយិកា​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​នៃ​អង្គការ​ ILO​ លោកស្រី​ហា​ ហ្វៀ​នហុង​ (Ha​ Nguyen​ Hong​) នៅ​ទី​ស្តី​ការក្រ​សួង​ពាណិជ្ជកម្ម​ កាលពី​ល្ងាច​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ BFC​ និង​បាន​សន្យា​ជួយ​ជំរុញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​។

លោក​បាន​បន្ត​ថា​ “ក្រសួង​ពាណិជ្ជកម្ម​ បាន​ទទួលការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​ BFC ​រយៈពេល​បីឆ្នាំទៀត​ (២០២០​-២០២២​)ដូច្នេះ​សូម ​ILO​-BFC​ រៀបចំ​សេចក្តី​ព្រាង​អនុ​ស្ស​រណ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ត្រៀម​ចុះហត្ថលេខា​នៅ​កំឡុង​ខែតុលា​ខាងមុខ​ ហើយ​សូម​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពន្លឿន​កិច្ចការ​នេះ​”។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​កិច្ច​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកស្ទួយ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​ តាមរយៈ​ការ​គាំទ្រ​ និង​បន្ត​សហការ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​-BFC​) ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​ និង​កែ​លម្អ​រសិ​ទ្ធិ​ការងារ​ ព្រមទាំង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ជាដើម​។

លោកស្រី​ ហា​ ហ្វៀ​ងហុង​ បាន​បកស្រាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​សមិទ្ធិ​ផល​សម្រេច​បាន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​តែងតែបាន​ផ្តល់​ការ​គាំទ្រ​ដល់ ​ILO​-BFC​ ដើម្បី​ចូលរួម​ពង្រឹង​ស្តង់ដារ​ និង​លក្ខខណ្ឌ​ការងារ​ សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​។

លោកស្រី​ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​ស្តី​ពី​ កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដល់​ក្រុមហ៊ុន​វិនិយោគ​ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ និង​ចូលរួម​លើកស្ទួយ​កិត្តិនាម​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែកជើង​នៅក្នុង​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here