ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី បានព្រមព្រៀងឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដឹកជញ្ជូនសំខាន់ពីរ ទីមួយវិស័យអាកាសចរណ៍ស៊ីវិល និងទី២ វិស័យដឹកជញ្ជូនឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈវិស័យដឹកជញ្ជូនៃប្រទេសទាំងពីរនៅមានកម្រិត។

-->
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ នេះបានជំរុញឱ្យភាគីម៉ាឡេស៊ីពិភាក្សាដោយផ្ទាល់អាកាសចរណ៍ស៊ីវិលកម្ពុជា និងឯកអគ្គរាជទូតម៉ាឡេស៊ីនឹងដឹកនាំគណប្រតិភូចុះទៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ និងសហការគ្នាបន្ថែមទៀតលើវិស័យនេះ។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាសន្យាថា នឹងជំរុញឱ្យវិនិយោគិន និងក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី ដែលមានសមត្ថភាពកសាងផ្លូវថ្នល់ ពិសេសក្រុមហ៊ុនដែលកសាងផ្លូវថ្នល់ផ្អែកលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) មកធ្វើការសិក្សាស្វែងយល់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម៉ាឡេស៊ី ដែលកន្លងបានជួយឧបត្ថម្ភកំណល់រថភ្លើងប្រើប្រាស់ហើយ កម្ពុជានឹងស្នើសុំកំណល់រថភ្លើងបន្ថែមទៀត ដើម្បីកសាងផ្លូវដែកកម្ពុជាឱ្យមានសន្ទុះរីកចម្រើនទៅមុខ។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ប្រទេសម៉ាឡេស៊ីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែនៅប្រទេសម៉ាឡេស៊ី និងការជំរុញឱ្យក្រុមហ៊ុនវិនិយោគិនម៉ាឡេស៊ីចូលមក វិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី បានកើនដល់ ៤៧៤លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៨ ខណៈឆ្នាំ២០១៧ មានប្រមាណតែ ៤១១លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និង វិនិយោគ ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ការពង្រឹងទំនាក់ទំនងផ្នែកដឹកជញ្ជូន និងភស្តុភារ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងភាគីទាំងពីរ ដើម្បីបង្កបរិយាកាសវិនិយោគល្អប្រសើរ និងផ្ដល់ទំនុកចិត្តកាន់តែខ្ពស់ដល់ពាណិជ្ជករ និងវិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី៕