កម្ពុជា​-ម៉ាឡេស៊ី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ដឹកជញ្ជូន​ផ្លូវគោក​ និង​ផ្លូវអាកាស​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​-ម៉ាឡេស៊ី​ បាន​ព្រមព្រៀង​ឯកភាព​គ្នា​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​លើ​វិស័យ​ដឹកជញ្ជូន​សំខាន់​ពីរ​ ទីមួយ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ និង​ទី២​ វិស័យ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ខណៈ​វិស័យ​ដឹក​ជញ្ជូនៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​។

លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៦​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ជំរុញ​ឱ្យ​ភាគី​ម៉ាឡេស៊ី​ពិភាក្សា​ដោយ​ផ្ទាល់​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ និង​ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​នឹង​ដឹកនាំ​គណប្រតិភូ​ចុះទៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ និង​សហការ​គ្នា​បន្ថែម​ទៀត​លើ​វិស័យ​នេះ​។

លោក​ Eldeen​ Husaini​ Mohd​ Hashim​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​វិនិយោគិន​ និង​ក្រុម​ហ៊ុន​ធំៗ​នៅ​ម៉ាឡេស៊ី​ ដែល​មាន​សមត្ថភាព​កសាង​ផ្លូវថ្នល់​ ពិសេស​ក្រុមហ៊ុន​ដែល​កសាង​ផ្លូវថ្នល់​ផ្អែកលើ​គោលការណ៍​កសាង​ ប្រតិបត្តិ​ ផ្ទេរ​ (BOT​) មក​ធ្វើការ​សិក្សា​ស្វែងយល់​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ម៉ាឡេស៊ី​ ដែល​កន្លង​បាន​ជួយឧបត្ថម្ភ​កំណល់​រថភ្លើង​ប្រើប្រាស់​ហើយ​ កម្ពុជា​នឹង​ស្នើសុំ​កំណល់​រថភ្លើង​បន្ថែម​ទៀត​ ដើម្បី​កសាង​ផ្លូវដែក​កម្ពុជា​ឱ្យ​មានសន្ទុះ​រីកចម្រើន​ទៅមុខ​។

បន្ថែម​ពីនេះ​ លោក​ទេស​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ការជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគិន​ម៉ាឡេស៊ី​ចូល​មក​ វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ បាន​កើន​ដល់ ៤៧៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ឆ្នាំ២០១៨​ ខណៈ​ឆ្នាំ២០១៧​ មាន​ប្រមាណ​តែ ៤១១លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ជាមួយគ្នា​នេះ​ ភាគី​ទាំងពីរ​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជា​សំខាន់​ទៅលើ​ការជំរុញ​ពាណិជ្ជកម្ម​ និង​ វិនិយោគ​ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​ ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ដឹកជញ្ជូន​ និង​ភស្តុភារ​ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ភាគី​ទាំងពីរ​ ដើម្បី​បង្ក​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​ និង​ផ្ដល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ដល់​ពាណិជ្ជករ​ និង​វិនិយោគិន​បរទេស​ ជាពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here