ភាពជា​អ្នកដឹកនាំ​ឆ្នើម​ទាក់ទាញ​ម្ចាស់​អាជីវកម្ម​ ៥០០នាក់​ចូលរួម​ជាមួយ​គ្រូបង្វឹក​លំដាប់​ពិភពលោក​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័​រក្លឹប​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ បាន​រៀបចំ​ “កម្មវិធី​សង្គម​ប្រចាំឆ្នាំ​ ២០១៩​ ស្តី​ពី​ ភាពជា​អ្នកដឹកនាំ​ឆ្នើម​” នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ កម្ពុជា​-ជប៉ុន​ (CJCC​) ដែល​មាន​ម្ចាស់​អាជីវកម្ម​កម្ពុជា​ប្រមាណ​ ៥០០នាក់​ចូលរួម​ជាមួយនឹង​គ្រូបង្វឹក​លំដាប់​ពិភពលោក​។

ថវិកា​ប្រមូល​បាន​នឹង​ប្រគល់​ជូន​ដល់​អង្គការ​ Raven’s​ Hope​ International​ ទាំងអស់​ ដើម្បី​យក​ទៅ​ជួយ​ដល់​ការ​ពង្រឹង​សមត្ថភាព​ស្រ្តី​ខ្មែរ​អាយុ១៨​-៣០ឆ្នាំ​ដែល​មាន​ជីវភាព​ខ្វះខាត​ និង​មាន​បញ្ហា​គ្រួសារ​។

កម្មវិធី​ជួយ​ដល់​សង្គម​ប្រចាំឆ្នាំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ជាតិ​និង​អន្តរ​ជា​តិ​ល្បី​ៗ ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ក្នុង​ការដឹកនាំ​ និង​គ្រប់គ្រង​ ០២រូប​ រួមមាន​៖ លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័​រក្លឹប​ នៃ​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ និង​ លោកស្រី​ Karen​ Robinson​ អ្នកជំនាញ​ភាពជា​ដឹកនាំ​ ក្រុម​ John​ Maxwell​ (Leadership​ Expert​ with​ John​ Maxwell​ Team​) មក​ពី​សហរដ្ឋអាមេរិក​។

ការ​បើក​វគ្គ​បំពាក់បំប៉ន​ពិសេស​ប្រចាំឆ្នាំ​នេះ​ ធ្វើឡើង​គោលបំណង​ចំនួន​ពីរ​ ដែល​ទីមួយ​ ជួយ​បង្វឹក​បុគ្គលិក​របស់​បងប្អូន​សមាជិក​គ្រួសារ​ CEO​ Master​ Club​ ឲ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម​ ក្លាយជា​បុគ្គលិក​ទ្រព្យ​ ក្លាយជា​បុគ្គលិក​ដែល​ស្រលាញ់​ការងារ​ ​ស្រលាញ់​ដឹងគុណ​ថៅកែ​ ដឹងគុណ​ក្រុមហ៊ុន​ ក្លាយជា​បុគ្គលិក​មាន​សមត្ថភាព​ អត្ត​ចរិ​កល្អ​ មាន​វិន័យ​ ផ្នត់គំនិត​វិជ្ជា​មាន​ ក្លាយជា​បុគ្គលិក​មានគុណ​តម្លៃ​ មាន​ភាព​ស្មោះត្រង់​ អាច​ឡើង​តំណែង​បាន​លឿន​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ និង​ទីពីរ​ ជួយ​ដល់​ស្រ្តី​វ័យក្មេង​ដែល​ជួប​ការ​លំបាក​នៅ​អង្គការ​ Raven’s​ Hope​ International​ នៅ​ប្រទេស​កម្ពុជា​និង​នៅ​សហរដ្ឋអាមេរិក​។

ស្ថាបនិក​របស់​ CEO​ Master​ Club​ នៃ​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ លោ​ក អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “បើ​យើង​ទាំង​អស់គ្នា​ចង់ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ដាច់ខាត​ត្រូវតែ​ជួយ​កសាង​សមត្ថភាព​ និង​ជ្រោមជ្រែង​សហគ្រិន​នៅក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​”។ លោក​បន្ត​ថា​ “នៅពេល​សហគ្រិន​រឹងមាំ​ សហគ្រិន​យើង​អាច​ធ្វើ​រឿង​សំ​ខាន់​ៗដូចជា​ ទី១​ បាន​បង្កើត​ផលិត​ ផល​សេវាកម្ម​ឆ្លើយតប​តាម​តម្រូវការ​របស់​សង្គមជាតិ​ ទី២​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ ទី៣​ ចូលរួម​ចំណែក​កសាង​គុណភាព​ធនធានមនុស្ស​បាន​ច្រើន​។

​ទី៤​.ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន​ ដែល​ទាំងនេះ​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ជាតិ​ មានការ​រីកចម្រើន​បាន​ឆាប់រហ័ស​ និង​រឹងមាំ​យូរអង្វែង​”។

CEO​ Master​ Club​ ជា​ស្ថាប័ន​ប្រមូលផ្ដុំ​ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​អគ្គនាយក​ ដែល​មាន​លក្ខណៈ​អាជីព​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ស្ថាប័ន​ អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

​គិត​ត្រឹម​ខែកក្កដា​នេះ​ CEO​ Master​ Club​ កើន​សមាជិក​សរុប​ចំនួន៨៧៥នាក់​ ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម​ជាង១​,០០០​ ក្រុមហ៊ុន​ និង​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០​,០០០នាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here