ដោយ គង់ សូរិយា
ភ្នំពេញៈ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នៃវិទ្យាស្ថានស៊ីអ៊ីអូ បានរៀបចំ “កម្មវិធីសង្គមប្រចាំឆ្នាំ ២០១៩ ស្តីពី ភាពជាអ្នកដឹកនាំឆ្នើម” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែលមានម្ចាស់អាជីវកម្មកម្ពុជាប្រមាណ ៥០០នាក់ចូលរួមជាមួយនឹងគ្រូបង្វឹកលំដាប់ពិភពលោក។

-->
ថវិកាប្រមូលបាននឹងប្រគល់ជូនដល់អង្គការ Raven’s Hope International ទាំងអស់ ដើម្បីយកទៅជួយដល់ការពង្រឹងសមត្ថភាពស្រ្តីខ្មែរអាយុ១៨-៣០ឆ្នាំដែលមានជីវភាពខ្វះខាត និងមានបញ្ហាគ្រួសារ។
កម្មវិធីជួយដល់សង្គមប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិល្បីៗ ដែលមានជំនាញ និងបទពិសោធន៍ក្នុងការដឹកនាំ និងគ្រប់គ្រង ០២រូប រួមមាន៖ លោក អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នៃ វិទ្យាស្ថានស៊ីអ៊ីអូ និង លោកស្រី Karen Robinson អ្នកជំនាញភាពជាដឹកនាំ ក្រុម John Maxwell (Leadership Expert with John Maxwell Team) មកពីសហរដ្ឋអាមេរិក។

ការបើកវគ្គបំពាក់បំប៉នពិសេសប្រចាំឆ្នាំនេះ ធ្វើឡើងគោលបំណងចំនួនពីរ ដែលទីមួយ ជួយបង្វឹកបុគ្គលិករបស់បងប្អូនសមាជិកគ្រួសារ CEO Master Club ឲ្យក្លាយជាបុគ្គលិកឆ្នើម ក្លាយជាបុគ្គលិកទ្រព្យ ក្លាយជាបុគ្គលិកដែលស្រលាញ់ការងារ ស្រលាញ់ដឹងគុណថៅកែ ដឹងគុណក្រុមហ៊ុន ក្លាយជាបុគ្គលិកមានសមត្ថភាព អត្តចរិកល្អ មានវិន័យ ផ្នត់គំនិតវិជ្ជាមាន ក្លាយជាបុគ្គលិកមានគុណតម្លៃ មានភាពស្មោះត្រង់ អាចឡើងតំណែងបានលឿន និងមានការទទួលខុសត្រូវខ្ពស់។ និងទីពីរ ជួយដល់ស្រ្តីវ័យក្មេងដែលជួបការលំបាកនៅអង្គការ Raven’s Hope International នៅប្រទេសកម្ពុជានិងនៅសហរដ្ឋអាមេរិក។
ស្ថាបនិករបស់ CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា “បើយើងទាំងអស់គ្នាចង់ឱ្យកម្ពុជា ក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅក្នុងស្រុកឱ្យមានភាពរឹងមាំ”។ លោកបន្តថា “នៅពេលសហគ្រិនរឹងមាំ សហគ្រិនយើងអាចធ្វើរឿងសំខាន់ៗដូចជា ទី១ បានបង្កើតផលិត ផលសេវាកម្មឆ្លើយតបតាមតម្រូវការរបស់សង្គមជាតិ ទី២ បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន ទី៣ ចូលរួមចំណែកកសាងគុណភាពធនធានមនុស្សបានច្រើន។

ទី៤.ចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជម្រុញឱ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនបានឆាប់រហ័ស និងរឹងមាំយូរអង្វែង”។
CEO Master Club ជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាឱ្យក្លាយទៅជាអគ្គនាយក ដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័ន អាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យមានភាពរឹងមាំ។

គិតត្រឹមខែកក្កដានេះ CEO Master Club កើនសមាជិកសរុបចំនួន៨៧៥នាក់ ដែលកំពុងបើកដំណើរការអាជីវកម្មជាង១,០០០ ក្រុមហ៊ុន និងចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋចំនួនជាង ៣០,០០០នាក់៕