ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្សារទំនើបដ៏ធំទីមួយ និងលើកដំបូងគេនៅក្នុងក្រុងព្រះសីហនុ FURI TIMES SQUARE Mall ដែលប្រមូលផ្តុំទៅដោយហាងលក់ទំនិញម៉ាកល្បីៗ គ្រោងនឹងចាប់បើកដំណើរការសាកល្បង នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៩ ឆាប់ៗ ខាងមុខនេះ។
នៅក្នុងកិច្ចជំនួបពិភាក្សាការងារបង្ហាញ ពីលទ្ធផលនៃការសាងសង់ តុបតែងលម្អ ដើម្បីឈានទៅរកការសម្រេចប្រកាសសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន FURI COPORATION ដែលមានទីតាំងនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
-->
សមាជិកពាក់ព័ន្ធដែលបានចូលរួមនៅក្នុងកម្មវិធីជំនួបខាងលើនេះ រួមមានអគ្គនាយកក្រុមហ៊ុន FURI COPORATION ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍ គណៈគ្រប់គ្រងគម្រោងផ្សារទំនើប FURI TIMES SQUARE Mall , នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់គម្រោងផ្សារទំនើប FURI TIMES SQUARE Mall អ្នកតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនរចនាម៉ូដ និងតុបតែង (Design) អ្នកតំណាងគុណភាពសំណង់ រួមជាមួយនឹងបណ្តាអ្នកតំណាងហាងទំនិញនានា ដែលជួលទីតាំងលក់រាយនៅក្នុងផ្សារទំនើប FURI TIMES SQUARE Mall សរុបជិត៣០នាក់។
នាយកគ្រប់គ្រងផ្នែកទីផ្សារ និងលក់ កញ្ញា លឹម សុខាដាវីន បានឱ្យដឹងថា ពេលនេះដំណើរការសាងសង់ផ្សារទំនើប FURI TIMES SQUARE Mall បានសម្រេចជាង៩០ភាគរយហើយ ពោលគឺនៅសល់តែការត្រៀមបញ្ចប់ការតុបតែងលម្អ (Design) ហាងលក់ទំនិញនានា ដែលជាអតិថិជនទីតាំងលក់រាយនៅក្នុងផ្សារ និងការសម្អាតតែប៉ុណ្ណោះ។
កញ្ញាបានបន្តទៀតថា “ចំពោះការជួលទីតាំងលក់រាយ នៅក្នុងផ្សារទំនើបរបស់យើងគឺបានសម្រេចយ៉ាងជោគជ័យ ដែលរហូតមកដល់ពេលនេះ ទីតាំងទំនេរ គឺនៅសល់ត្រឹមតែជាង១០ភាគរយ ទីតាំងសរុបតែប៉ុណ្ណោះ”។ កញ្ញាបានបញ្ជាក់ថា “ផ្អែកតាមលទ្ធផលនៃការសាងសង់ តាមគម្រោងនៅត្រឹមចុងខែតុលា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ យើងនឹងផ្តើមបើកដំណើរការលក់សាកល្បងជាជំហានដំបូង ហើយនឹងគ្រោងកាត់ខ្សែបូណ៌សម្ពោធបើកដំណើរការជាផ្លូវការនៅពេលបន្ទាប់”។
គម្រោងផ្សារទំនើប Furi Times Square Mall ដែលមានទីកន្លែងលក់រាយនិងកន្លែងកំសាន្តចំនួន ៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើសនៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅឯពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ ផ្សារទំនើប FURI TIMES SQUAREMall មានកំពស់ ៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ៕


