ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ការធ្វើការងារជាក្រុមប្រកបដោយវិជ្ជាជីវៈ និងផ្តល់គុណតម្លៃដល់គ្នាទៅវិញទៅមកបាននិងកំពុងក្លាយជាប្រព័ន្ធការងារជាប្រចាំ នៃក្រុមហ៊ុន ខេ អេច លែន (KH LAND CO.,LTD) ដែលផ្តោតលើការលក់និងការប្រឹក្សាយោបល់ផ្សេងៗលើអចលនទ្រព្យ។
ជាក់ស្តែងក្នុងដំណើរកំសាន្តទៅកាន់ខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ ក្រុមការងារ KH LAND ប្រមាណជិត១០០នាក់ បានធ្វើសកម្មភាពរួមគ្នាជាច្រើន រួមមាន៖ សកម្មភាពកីឡា លេងហ្គេម កំសាន្ត ដាំដើមឈើក្នុងសាលារៀន ដើម្បីលើក កម្ពស់បរិស្ថាននាទឹកដីដ៏សែនមនោរម្យ នៃខេត្តមណ្ឌលគិរី។
-->
កញ្ញា យ៉ុង សុភ័ក្រ្ត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន KH LAND បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ កក្កដានេះថា ការរៀបចំដំណើរកំសាន្តនេះ ធ្វើឡើងក្នុងគោលដៅបង្កើតភាពស្និទ្ធស្នាល ការស្រលាញ់គ្នាក្នុងនាមជាអ្នកធ្វើការងារជាក្រុម ការងាររួមគ្នា និងការស្រលាញ់ធម្មជាតិ។
កញ្ញាបន្តថា ជាលទ្ធផលនៃដំណើរកំសាន្តនេះ យើងឃើញបុគ្គលិកមានភាពស្និទ្ធស្នាលគ្នា ស្រលាញ់គ្នា ចេះសហការសាមគ្គីគ្នា បើកចិត្តទូលាយ ដើម្បីធ្វើយ៉ាងណាឲ្យរីកចម្រើនដល់ខ្លួនឯង ក្រុមហ៊ុន និងដល់សង្គមជាតិទាំងមូល។
កញ្ញាបន្តថា “យើងបានដាំដើម KH LAND ក្នុងបេះដូង ហើយយើងចាត់ទុក KH LAND ជាផ្ទះទី២របស់យើង ព្រោះក្រុមហ៊ុនបានផ្តល់នូវបរិយាកាសការងារ និងការដឹកនាំដ៏ល្អប្រសើរ”។
ជាមួយគ្នានេះ លោក ពៀង សុក្រឹត ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន KH LAND បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុមហ៊ុន KH LAND តែងតែរៀបចំដំណើរកំសាន្តបែបនេះជារៀងរាល់ឆ្នាំ ហើយពេលយើងបានធ្វើដំណើរទៅទស្សនកិច្ច នៅខេត្តមណ្ឌលគិរី យើងបានលេងហ្គេម Team Work និងដាំដើមឈើនៅក្នុងសាលារៀនមួយផងដែរ។
លោកបន្តថា “តាមរយៈដំណើរកំសាន្តនេះ បុគ្គលិកក្រុមហ៊ុនទាំងអស់បានយល់ពីចក្ចុវិស័យ បេសកកម្មរបស់ក្រុមហ៊ុនចង់បានអ្វី ហើយយើងត្រូវធ្វើអ្វីដើម្បីសម្រេចបានទស្សនវិស័យរួមគ្នា”។
ចំពោះទស្សនវិស័យចំពោះមុខ ក្រុមហ៊ុន KH LAND ដែលបច្ចុប្បន្នកំពុងទទួលសិទ្ធិលក់លើគម្រោងដីឡូតិ៍ និងផ្ទះល្វែង ប៉ុន្តែមហិច្ឆតារបស់ក្រុមហ៊ុននេះនាពេលអនាគត នឹងដើរតួនាទីជាអន្តរការីជាមួយអ្នកវិនិយោគដទៃទៀត ដើម្បីសាងសង់បុរី ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនទៀត។
ក្រុមហ៊ុន KH LAND ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយចំនួនបុគ្គលិកបានកើនឡើងជាបន្តបន្ទាប់។ កញ្ញា យ៉ុង សុភ័ក្រ្ត បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនគឺផ្តោតលើទស្សនវិស័យឈ្នះ ឈ្នះបួន ដូចជា៖ អតិថិជនឈ្នះ ក្រុមហ៊ុនភ្នាក់ងារលក់ឈ្នះ បុគ្គលិកឈ្នះ និងក្រុមហ៊ុនឈ្នះ ដែលជាទស្សនវិស័យ និងយុទ្ធសាស្រ្តពង្រឹងដំណើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុន។
រហូតមកទល់ពេលនេះ ក្រុមហ៊ុនKH LAND ទទួលបានជោគជ័យលើគម្រោងធំៗចំនួន៥រួចមកហើយ និងគ្រោងពង្រីកគម្រោងទី៦បន្ថែមទៀតនាពេលអនាគតឆាប់ៗនេះ៕

