ដោយ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានបង្កើតឡើង និងដើរតួជាភ្នាក់ងារអចលនទ្រព្យ ដើម្បីទទួលបានផលប្រយោជន៍ពីវិស័យមួយនេះ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺការកសាងទំនុកចិត្តពីសំណាក់អតិថិជន ដើម្បីទទួលបានចំណែកទីផ្សារ។
ស្របពេលដែលទីផ្សារអចលនទ្រព្យ កំពុងតែមានសកម្មភាពផុសផុល និងផ្តល់ផលប្រយោជន៍យ៉ាងលើសលប់នោះ បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងចូលខ្លួនមកប្រឡូកនៅក្នុងវិស័យមួយនេះ។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នីក្នុងអង្គវេទិកាស្ដីពី «ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងបានចំណេញខ្ពស់» នៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ការចូលខ្លួនមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីទទួលបានផលប្រយោជន៍ មានការប្រកួតប្រជែងច្រើន ទម្រាំអាចទទួលបានចំណែកទីផ្សាររបស់ខ្លួន ក្នុងនោះមានអ្នកខ្លះបានអនុវត្តខុសពីក្រមសីលធម៌ និងមិនស្មោះត្រង់ រហូតធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត។
លោកបានបន្តថា “គ្រប់មុខជំនួញ និងការងារទាំងអស់ ការទទួលបានទំនុកកចិត្តគឺជារឿងសំខាន់បំផុត”។លោកបន្តទៀតថា “ជាទូទៅការកសាងនូវទំនុកគឺជាការសន្សំចាប់ពីចំណុចតូចឡើងទៅ និងត្រូវចំណាយពេលយូរ”។
លោកច្រឹក សុខនីមបានបន្តថា គ្រប់ក្រុមហ៊ុនធំៗទាំងអស់ មុនពេលដែលគេចូលមកសហការជាដៃគូ គឺពួកគែសុទ្ធតែធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិត ដោយគេមិនធ្វើការដោយភាពប្រថុយប្រថាននោះទេ។
លោកច្រឹក សុខនីមបានបន្តទៀតថា ក្រុមហ៊ុនធំៗគឺគេធ្វើការជាមួយដៃគូយូរអង្វែងជាមួយអ្នកដែលមានជំនាញពិតប្រាកដ មានចំណេះដឹង និងមានក្រមសីលធម៌ខ្ពស់។
លោកបន្តទៀតថា បច្ចុប្បន្ននេះនៅកម្ពុជានៅមិនទាន់មានច្បាប់ កំណត់ពីកម្រិតនៃការទទួលបានផលប្រយោន៍ និងការកំណត់តម្លៃកម្រៃជើងសារនោះទេ ប៉ុន្តែអ្វីដែលពួកគេត្រូវគោរព និងប្រកាន់យកនោះ គឺក្រមសីលធម៌និងវិជ្ជាជីវៈ។
លោកច្រឹក សុខនីមបានបន្តទៀតថា ការមិនគោរពតាមក្រមសីលធម៌ និងគ្មានវិជ្ជាជីរៈ វានឹងជះឥទ្ធិពលមកវិញក្នុងពេលដ៏ខ្លី។ ចំពោះបណ្តាភ្នាក់ងារទាំងឡាយដែលមិនមានក្រមសីលធម៌ គ្មានវិជ្ជាជីរៈ វាហាក់ដូចជាការបិតផ្លូវ និងសម្លាប់ខ្លួនឯងនៅថ្ងៃក្រោយយ៉ាងដូច្នោះ។
លោកបានបញ្ជាក់ទៀតថា “នៅពេលយើងធ្វើការដោយការប្រកាន់ នូវគោលការណ៍ មានវិជ្ជាជីវៈ និងគោរពតាមក្រមសីលធម៌ វាគឺជាការបង្កើននូវទំនុកទុកចិត្តពីសំណាក់អតិថិជនយ៉ាងប្រាកដ ហើយវាក៏ជាគន្លឹះមួយដែលអាចពង្រីកវិសាលភាព នៃទីផ្សាររបស់ខ្លួនបានកាន់តែទូលាយ”៕