ដោយ វុត្ថា
ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យអោយទទួលបានប្រាក់ចំណេញ វាមិនមែនងាយស្រួលនោះទេ សម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមរៀនវិនិយោគថ្មីៗ ដែលលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវលើការវិនិយោគនេះ។
បើសម្រាប់អ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកវិញ ដូចជា លោក Donald Trump , Sam Sell Eli Broad, Selvin Simon, Walter Shorenstein, Rober T.Kiyosoaki និង លោក Li Ka Sing ភាពជោគជ័យនៃការវិនិយោគលើវិស័យអចលនទ្រព្យគឺមានភាពងាយស្រួលបំផុត។
-->
តើអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកទាំងនេះ មានអាថ៌កំបាំងអ្វីខ្លះ ទើបធ្វើឱ្យពួកគាត់ទទួលបានជោគដ៏មហាសាលបែបនេះ?
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយក ក្រុមហ៊ុន Premium Housing Co.,Ltd បានឱ្យដឹងនៅក្នុងវេទិកាស្តីអំពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធិភាព និងទទួលបានប្រាក់ចំណេញខ្ពស់” កាលពីចុងសប្តាហ៍កន្លងមកថា គ្មានអ្វីជាអាទិ៍កំបាំងនោះទេ សម្រាប់អ្នកជំនាញអចលនទ្រព្យទាំងនោះទេ ហើយពួកគាត់គ្មានអ្វីពិសេសលើសយើងដែរ វាគ្រាន់តែពួកគាត់រាល់គ្នាមានចំណុមួយចំនួនស្រដៀងគ្នា គឺពួគគាត់មានគោលការណ៍ច្បាស់លាស់ ដែលពួកគាត់ប្រកាន់ភ្ជាប់ក្នុងការវិនិយោគ លើអចលនទ្រព្យរួមមាន ២០ចំណុច។
តែគេហទំព័រព័ត៌មាន propertyarea.sia ដែលជាគេហទំព័រព័ត៌មានអចលនទ្រព្យឈានមុខគេនៅកម្ពុជា សូមលើកយកតែ១០ចំណុចសំខាន់ៗ យកមកចុះផ្សាយទុកជាចំណេះដឹងមុនធ្វើការវិនិយោគដូចខាងក្រោមគឺ៖
១) ផ្តោតការវិនិយោគជាចំបងលើអចលនទ្រព្យប្រភេទផ្ទះ
ផ្ទះ គឺជាប្រភេទអចលនទ្រព្យដែលស័ក្តិសមជាងគេ សម្រាប់ការវិនិយោគដោយសារផ្ទះគឺជាប្រភេទអចលនទ្រព្យ ដែលមានតម្រូវការកើនឡើងគ្រប់ពេល។ ហើយអចលនទ្រព្យប្រភេទផ្ទះអាចធ្វើកម្ចី ប្រាក់ពីធនាគារមកធ្វើការវិនិយោគបានច្រើន ហើយមានរយៈពេលយូរ និងការប្រាក់ទាបទៀតផង។ ពិសេសជាងនេះទៀត អចលនទ្រព្យប្រភេទផ្ទះនេះ អាចអោយយើងរកកម្រៃបន្ថែមផ្សេងទៀតបានដូចជា ការជួលជាដើម។
២) ចាប់ផ្តើមវិនិយោគបន្តិចបន្តួចជាមុនសិន មុននឹងធ្វើការបន្ថែមដើមទុនអោយកើនឡើងបន្តបន្ទាប់
វិធីនេះ គឺជាវិធីល្អ ព្រោះវាអាចជួយអោយយើងបានដកស្រង យកបទពិសោធន៍ពីកំហុសឆ្គង ក្នុងការវិនិយោគនៅគ្រាបន្តបន្ទាប់ទៀត ហើយវាក៏អាចជួយអោយយើងកាន់តែមានជំនឿចិត្តបន្ថែមទៀត ក្នុងការវិនិយោគលើកក្រោយៗទៀត។
៣) ជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អ ប្រសើរជាងផ្ទះដែលមានទីតាំងល្អ
ការមានអ្នកជិតខាងល្អ វាជួយអោយផ្ទះមានតម្លៃល្អទៅថ្ងៃក្រោយបាន ហើយវាក៏ទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់យើងដែរ។ ម្យ៉ាងទៀតផ្ទះដែលមានទីតាំងល្អហើយមានអ្នកជិតខាងមិនល្អ មិនប្រកដថាថ្ងៃក្រោយលក់បានតម្លៃខ្ពស់នោះដែរ។
៤) ជ្រើសរើសអចលនទ្រព្យដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើន
ត្រូវផ្តោតលើអចលនទ្រព្យ ដែលមានទីតាំងផ្លូវចេញចូលងាយស្រួល ងាយស្រួលក្នុងការធ្វើដំណើរ ទៅធ្វើការ ងាយស្រួលទាំងការរស់នៅប្រចាំថ្ងៃ និងមានបរិយាកាសល្អ ហើយសំខាន់ជាងគេនោះ គឺត្រូវគិតពីផលដែលទទួលត្រឡប់វិញ ដូចជា ការរស់នៅល្អ ហើយសំខាន់គេនោះ គឺត្រូវគិតពីផលដែលទទួលបា្រក់ត្រឡប់វិញ ស្របទៅនឹងប្រាក់ដែលយើងបានវិនិយោគ។
៥) ត្រូវទិញអចលនទ្រព្យអោយបានក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីឱ្យយើងចំណេញតាំងពីយើងចាប់ផ្តើមទិញ
យើងត្រូវផ្តោតលើអចលនទ្រព្យដែលអាច ឱ្យតម្លៃបានដូចជា ផ្ទះចាស់ ឬម្ចាស់អចលនទ្រព្យមានបញ្ហាហិរញ្ញវត្ថុ ដោយព្យាយាមចចារតម្លៃឱ្យបានទាប ដែលយើងពេញចិត្តបំផុត។ ត្រូវចាំទុកថា តម្លៃលក់ គឺជាតម្លៃដែលអ្នកលក់ស្នើឡើងជាលើកដំបូងប៉ុណ្ណោះ។
៦) វិនិយោគលើអចលនទ្រព្យដែលនៅជិតយើង
ពីព្រោះអចលនទ្រព្យ ដែលមានទីតាំងនៅជិតយើង គឺជាទីតាំងដែលយើងស្គាល់គ្រប់ច្រកល្ហក់ទាំងអស់ យើងងាយស្រួលក្នុងការត្រួតពិនិត្យទីតាំង ថាវាមានអ្វីខ្លះកើតឡើងថ្មីៗ ឬទេ ហើយវាងាយស្រួលក្នុងការស្រាវជ្រាវតម្លៃទិញ លក់នៅកន្លែងនោះបានយ៉ាងច្បាស់។
៧) អង្កេតតាមដានអលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឱ្យប្រាកដក្នុងចិត្តមុននឹងសម្រេចចិត្តទិញ
ធ្វើឱ្យដូចជា តោ លបចាប់ចំណី គឺតាមដានយ៉ាងកៀកកិតបំផុតទាំងព្រឹក ថ្ងៃ ល្ងាច និងពេលយប់ ដើម្បីឱ្យដឹងពីអ្វីដែលបានកើនឡើងក្នុងកន្លែងនោះ ឬតំបន់នោះ យើងត្រូវដឹងឱ្យបានថា តើនឹងមានហាងលក់ដូរ ឬអគារខ្ពស់កំពុងសាងសង់ដែរឬទេ ឬក៏មានគម្រោងសាងសង់អគារផ្សេងៗ តូចធំដែរឬទេ។
៨) ធ្វើផែនការគ្រប់យ៉ាងអោយបានហ្មត់ចត់ និងដំណើរការតាមជំហ៊ានមួយៗច្បាស់លាស់
មុនពេលសម្រេចចិត្ត វិនិយោគលើអចលនទ្រព្យគ្រប់ពេល យើងត្រូវតែគិតតាមក្បួនខ្នាតឱ្យបានល្អិតល្អន់ជាមុន។ យើងត្រូវគិតថាទិញយកមកធ្វើអ្វី ? បានផលតបស្នងត្រឡប់មកវិញប៉ុន្មាន? ត្រូវថែមលុយអភិវឌ្ឍន៍អស់ប៉ុន្មាន? ហើយបើលក់វិញបានប៉ុន្មាន? យើងធ្វើរបៀបនេះ គឺដើម្បីបានតួលេខមួយ ដែលយើងយកវាជាគោលសម្រាប់តម្លៃអលចនទ្រព្យទាំងនោះ។
៩) វិភាគលើអចលនទ្រព្យនោះ
បើយើងសម្លឹងមើលអចលនទ្រព្យ យើងមិនត្រូវសម្លឹងមើលលើអ្វីដែលអលចនទ្រព្យនោះ កំពុងមាននោះទេយើងត្រូវមើលវាអោយបានស៊ីជម្រៅថា អលចនទ្រព្យនោះអាចធ្វើអ្វីបានខ្លះ? វាអាចធ្វើឱ្យមានប្រយោជន៍ច្រើនជាងពេលនេះដែរឬទេ? ឧទាហរណ៍ ហើយមើលអចលនទ្រព្យមួយ ជាផ្ទះចាស់មានទំហំ ៥០០ម៉ែត្រការ៉េ យើងត្រូវមើលអោយបានស៊ីជម្រៅជានេះគឺថា តើយើងអាចកែប្រែក្លាយដីនេះ សាងសង់ផ្ទះល្វែងអគារខ្ពស់ ឬបន្ទប់ជួបានដែរទេ ជាដើម។ល។
១០) យើងគួរអភិវឌ្ឍន៍អចលនទ្រព្យអោយតាមតម្រូវការរបស់តំបន់នោះ
យើងត្រួវសិក្សាពីទីតាំងនោះ ស័ក្តសមជាមួយនឹងការធ្វើបន្ទប់ជួលយើង គួរធ្វើបន្ទប់ជួល យើងមិនគួរធ្វើផ្ទះល្វែងនោះទេ ហើយផ្ទុយទៅវិញ បើទីតាំងនោះសាកសមធ្វើផ្ទះល្វែង យើងមិនគួរធ្វើបន្ទប់ជួលនោះទេ ប្រសិនបើយើងមិនគោរពតាមគោលការណ៍នេះទេ ក្រោយពីអភិវឌ្ឍន៍រួចហើយ វានឹងមានផលលំបាកផ្សេងៗកើតឡើងមកតាមក្រោយផងដែរ៕