អាមេរិក​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​កែតម្រូវ​អតុល្យភាព​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ចាត់វិធានការ​សកម្ម​ដើម្បី​កែតម្រូវ​អតុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ខណៈ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ជាមួយ​អាមេរិក​ បាន​បំបែក​កំណត់ត្រា​ជា​ប្រវត្តិ​សស្ត្រ​។

យោង​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យដឹង​ថា​ កាលពី​ឆ្នាំមុន​អាមេរិក​បាន​នាំចូល​ទំនិញ​ពី​វៀតណាម​ចំនួន
៤៧​,៨ពាន់​លាន​ដុល្លារ​ ហើយ​អាមេរិក​នាំចេញ​ទំនិញ​ដែល​មាន​តំលៃ​ត្រឹមតែ១០.៥​ ពាន់​លាន​ដុល្លារ​ទៅ​វៀតណាម​។

អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ក្នុងរយៈពេល៥ខែ​ដំបូង​ មាន​ចំនួន២១​,៦ពាន់​លាន​ដុល្លារ​ កើនឡើង៤៣ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ Robert​ Lighthizer​ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​ការ​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ថា​ “រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​យ៉ាង​ច្បាស់លាស់​ជាមួយ​ប្រទេស​វៀតណាម​ ដែល​ត្រូវតែ​ចាត់វិធានការ​ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​មិន​មាន​និរន្តរភាព​”។

លោក​បាន​បន្ថែម​ថា​ “វៀតណាម​គួរតែ​មាន​វិធានការណ៍​ រួម​ទាំង​ការពង្រីក​ការនាំចូល​ទំនិញ​ពី​អាមេរិក​ និង​តាមរយៈ​ការ​ដោះស្រាយ​ការ​រឹតត្បិត​ ការ​ចូល​ទៅកាន់​ទីផ្សារ​ទាក់ទង​នឹង​ទំនិញ​ សេវាកម្ម​ ផលិតផល​កសិកម្ម​ និង​កម្មសិទ្ធិ​បញ្ញា​”។

កាលពី​ខែមុន​ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ ដែកថែប​របស់​ប្រទេស​វៀតណាម​ ជាមួយនឹង​ដំឡើង​ពន្ធ​លើ​ការនាំចូល​ជាង៤០០ភាគរយ​ នៅពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​បាន​កើតឡើង​រវាង​ប្រទេស​ទាំងពីរ​។

រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា​ ប្រទេស​វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​ដែកថែប​របស់​អាមេរិក​ ដោយ​ការនាំចូល​ដែកថែប​កូរ៉េ​ និង​តៃវ៉ាន់​ និង​កែច្នៃ​ជា​ផលិតផល​ដើម​របស់​វៀតណាម​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​។

កាលពី​ខែមុន​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​សហរដ្ឋអាមេរិក​ថា​ “យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​។ វៀតណាម​ ជា​ប្រទេស​តូចជាង​ចិន​ ប៉ុន្តែ​ប្រទេស​នេះ​ស្ទើរតែ​ជា​ប្រទេស​រំលោភបំពាន​ដ៏​ខ្លាំង​ជាងគេ​។

លោក​ បាន​បន្ថែម​ថា​ “មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​ផ្លាស់​ប្តូរ​ ទៅកាន់​ប្រទេស​វៀតណាម​ ប៉ុន្តែ​ប្រទេស​វៀតណាម​បាន​ទាញ​យក​ផលប្រយោជន៍​ពី​យើង​ គឺ​អាក្រក់​ជាង​ប្រទេស​ចិន​ទៅទៀត​”។

ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​កម្ពុជា​វៀតណាម​ និង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ដទៃទៀត​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here