ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកទាមទារឲ្យរដ្ឋាភិបាលវៀតណាម ចាត់វិធានការសកម្មដើម្បីកែតម្រូវអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈអតិរេកពាណិជ្ជកម្មវៀតណាមជាមួយអាមេរិក បានបំបែកកំណត់ត្រាជាប្រវត្តិសស្ត្រ។
យោងតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា កាលពីឆ្នាំមុនអាមេរិកបាននាំចូលទំនិញពីវៀតណាមចំនួន
៤៧,៨ពាន់លានដុល្លារ ហើយអាមេរិកនាំចេញទំនិញដែលមានតំលៃត្រឹមតែ១០.៥ ពាន់លានដុល្លារទៅវៀតណាម។
-->
អតិរេកពាណិជ្ជកម្មវៀតណាមក្នុងរយៈពេល៥ខែដំបូង មានចំនួន២១,៦ពាន់លានដុល្លារ កើនឡើង៤៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ព្រឹទ្ធសភាអាមេរិកថា “រដ្ឋាភិបាលអាមេរិកបានធ្វើយ៉ាងច្បាស់លាស់ជាមួយប្រទេសវៀតណាម ដែលត្រូវតែចាត់វិធានការ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដែលមិនមាននិរន្តរភាព”។
លោកបានបន្ថែមថា “វៀតណាមគួរតែមានវិធានការណ៍ រួមទាំងការពង្រីកការនាំចូលទំនិញពីអាមេរិក និងតាមរយៈការដោះស្រាយការរឹតត្បិត ការចូលទៅកាន់ទីផ្សារទាក់ទងនឹងទំនិញ សេវាកម្ម ផលិតផលកសិកម្ម និងកម្មសិទ្ធិបញ្ញា”។
កាលពីខែមុន រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើឧស្សាហកម្ម ដែកថែបរបស់ប្រទេសវៀតណាម ជាមួយនឹងដំឡើងពន្ធលើការនាំចូលជាង៤០០ភាគរយ នៅពេលដែលភាពតានតឹងពាណិជ្ជកម្មបានកើតឡើងរវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលអាមេរិកបានអះអាងថា ប្រទេសវៀតណាមបានគេចវេសកាតព្វកិច្ចដែកថែបរបស់អាមេរិក ដោយការនាំចូលដែកថែបកូរ៉េ និងតៃវ៉ាន់ និងកែច្នៃជាផលិតផលដើមរបស់វៀតណាម មុនពេលនាំចេញទៅអាមេរិក។
កាលពីខែមុន ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅលើកញ្ចក់ទូរទស្សន៍សហរដ្ឋអាមេរិកថា “យើងកំពុងពិភាក្សាជាមួយប្រទេសវៀតណាម។ វៀតណាម ជាប្រទេសតូចជាងចិន ប៉ុន្តែប្រទេសនេះស្ទើរតែជាប្រទេសរំលោភបំពានដ៏ខ្លាំងជាងគេ។
លោក បានបន្ថែមថា “មានក្រុមហ៊ុនជាច្រើនកំពុងតែផ្លាស់ប្តូរ ទៅកាន់ប្រទេសវៀតណាម ប៉ុន្តែប្រទេសវៀតណាមបានទាញយកផលប្រយោជន៍ពីយើង គឺអាក្រក់ជាងប្រទេសចិនទៅទៀត”។
ក្រុមហ៊ុនចិនបាន និងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាវៀតណាម និងប្រទេសជាសមាជិកអាស៊ានដទៃទៀត ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានកើតឡើងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ៕