វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ បន្ត​មាន​ភាពរឹងមាំ​នៅ​ឆ្នាំនេះ​ ខណៈ​ទ្រព្យសកម្ម​ក្នុង​វិស័យ​នេះ​កើនឡើង​ជាង​ ១៩ភាគរយ​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ​ និង​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​សេដ្ឋកិច្ច​ ស្រប​ពេល​សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ​ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ​ សំណង់​ និង​ទេសចរណ៍​ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។

ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង១៩​,២ភាគរយ​ ស្មើនឹង​នឹង១៦៦​ នៃផ.ស.ស​ ឥណទាន ១០៣ភាគរយ​ និង​ប្រាក់បញ្ញើ៩២ភាគរយ​នៃ​ផ.ស.ស​ (ផលិតផល​សរុប​ក្នុង​ស្រុក​)។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិនៃកម្ពុជា​ស្តី​ពី​ លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១​ និង​ទិសដៅ​ការងារ​ឆមាស​ទី២​។

របាយ​ការ​ខាងលើ​បាន​បន្ថែម​ថា​ គុណភាព​សំពាធ​ឥណទាន​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ដោយ​អនុបាត​ឥណទាន​មិន​ដំណើរការ​មានកម្រិត២​,៣ភាគរយ​ សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង១​,១ ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

ធនាគារជាតិ​បាន​ឲ្យដឹង​ថា​ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យបាន​រឹងមាំ​ ធន​គារ​ជាតិ​នៃ​កម្ពុជា​ បាន​បន្ត​ពង្រីកា​រត្រួ​តពិនិត្យ​ផ្អែក​លើ​ហនិ​ភ័យ​ និង​ទស្សនៈ​អនាគត​ ការ​ដាក់ចេញ​នូវ​ការ​ម៉ាក្រូ​ និង​មីក្រូ​ប្រុងប្រយ័ត្ន​ កិច្ចការពារ​អតិថិជន​ និង​ការយល់​ដឹង​ផ្នែ​ហិរញ្ញវត្ថុ​របស់​សារ​ធារ​ណជន​។

លោ​កប៊ុ​ន មុ​ន្នី​ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឲ្យដឹង​ថា​ វិស័យ​វត្ថុ​មានការ​រីក​ចំរើន​ ខណៈ​កម្ពុជា​បាន​និង​កំពុង​ទទួល​បាន​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ថ្មី​ៗដែល​នឹង​ចូលរួម​បន្ថែម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

លោក​បាន​ឲ្យដឹង​ថា​ “វា​រឿង​ល្អ​មួយ​សម្រាប់​អ្នកវិនិយោគទុន​ ចូល​មក​នៅក្នុង​ប្រទេសជាតិ​របស់​យើង​ ធ្វើឲ្យ​មានការ​រីក​ចំរើន​ និង​មានការ​ផ្លាស់​ប្តូរ​ជាបន្តបន្ទាប់​ ហើយ​ចំពោះ​ការ​ចូល​មក​របស់​អ្នកចំណូលថ្មី​ដូចជា​មក​ពី​ តៃវ៉ាន់​ និង​កូរ៉េ​ ជា​រឿង​មួយ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យើង​”។

លោ​កប៊ុ​ន មុនី​បាន​បន្ត​ថា​ ទោះបីជា​យើង​ឃើញ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ដែល​ជា​រឿង​មួយ​ចូល​ដល់​ក្នុង​របត់​មួយ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ ដែល​យើង​គិតថា​ទីផ្សារ​ស្រុកខ្មែរ​យើង​មានការ​អភិវឌ្ឍន៍​មកដល់​ចំណុច​នេះ​ ហើយ​ប្រជាពលរដ្ឋ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ជ្រើសរើស​យក​ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​ខ្ចី​លុយ​ និង​ធ្វើការ​រកស៊ី​ជាមួយគ្នា​។

លោក​ថា​បន្ថែម​ថា​ “គាត់​(ប្រជាជន​)អាច​មាន​ជម្រើស​ច្រើន​ ហើយ​កត្តា​មួយ​ដែល​ល្អ​គឺថា​ បើ​ទោះបី​មាន​អ្នកប្រកួត​ប្រជែង​ច្រើន​ ប៉ុន្តែ​វា​នឹង​មានការ​ផ្លាស់​ប្តូរ​ សេដ្ឋកិច្ច​យើង​នឹង​មានការ​វិវត្តន៍​ឈានឡើង​បន្តបន្ទាប់​ទៀត​”។

ធនាគារជាតិ​បាន​អះអាង​ថា​ ទោះបីជា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ បាន​បន្ត​ថមថយ​ល្បឿន​បន្តិច​ ដោយសារ​ការ​ថយ​ចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ​ដែល​គាំទ្រ​ ដោយ​កំណើន​វិស័យ​កាត់ដេរ​ សំណង់​ និង​ទេសចរណ៍​ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។

ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​ អ្នកនាង​ ឆាយ​ ស៊ី​ណា​ បាន​និយាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនាគារ​ពិតជា​ដើរតួ​នាទី​សំខាន់ណាស់​ ក្នុង​ការជំរុញ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ព្រោះ​អ្នកទិញ​លំនៅឋាន​បច្ចុប្បន្ន ៩០​ភាគរយ​ បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នានា​ ដែល​អត្រា​ការប្រាក់​បាន​និង​កំពុង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ជាង៨ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។

អ្នកនាង​បន្ត​ថា​ “អ្នកខ្លះ​បាន​ប្រើប្រាស់​ការ​បង់​រំលស់​តាមរយៈ​ក្រុមហ៊ុន​ និង​ខ្លះទៀត​បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​”។ អ្នកនាង​បាន​ថ្លែង​ថា​ “អ្នកប្រើ​ប្រាស់​ឥណទាន​ធនាគារ​ភាគច្រើន​ ជា​ប្រជាជន​វ័យក្មេង​ ដែល​ទើប​រៀបការ​ហើយ​បែក​ពី​គ្រួសារ​មក​រស់នៅ​ជាមួយ​ប្តី​ ប្រពន្ធ​របស់​ពួកគេ​ ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ មិនសូវ​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នោះ​ទេ​ ពួកគេ​តែងតែ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ ដើម្បី​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ​ ក៏ដូចជា​ទិញ​លំនៅឋាន​សម្រាប់​កូន​របស់​ពួកគេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here