ដោយ ម៉ាណេត
ភ្នំពេញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញសេដ្ឋកិច្ច ស្របពេលសេដ្ឋកិច្ចនៅតែបន្តភាពរឹងមាំ ដែលគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង១៩,២ភាគរយ ស្មើនឹងនឹង១៦៦ នៃផ.ស.ស ឥណទាន ១០៣ភាគរយ និងប្រាក់បញ្ញើ៩២ភាគរយនៃផ.ស.ស (ផលិតផលសរុបក្នុងស្រុក)។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជាស្តីពី លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២។
-->
របាយការខាងលើបានបន្ថែមថា គុណភាពសំពាធឥណទានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត២,៣ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង១,១ ភាគរយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ធនាគារជាតិបានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុឲ្យបានរឹងមាំ ធនគារជាតិនៃកម្ពុជា បានបន្តពង្រីការត្រួតពិនិត្យផ្អែកលើហនិភ័យ និងទស្សនៈអនាគត ការដាក់ចេញនូវការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន កិច្ចការពារអតិថិជន និងការយល់ដឹងផ្នែហិរញ្ញវត្ថុរបស់សារធារណជន។
លោកប៊ុន មុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា វិស័យវត្ថុមានការរីកចំរើន ខណៈកម្ពុជាបាននិងកំពុងទទួលបានក្រុមហ៊ុនហិរញ្ញវត្ថុថ្មីៗដែលនឹងចូលរួមបន្ថែមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកបានឲ្យដឹងថា “វារឿងល្អមួយសម្រាប់អ្នកវិនិយោគទុន ចូលមកនៅក្នុងប្រទេសជាតិរបស់យើង ធ្វើឲ្យមានការរីកចំរើន និងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយចំពោះការចូលមករបស់អ្នកចំណូលថ្មីដូចជាមកពី តៃវ៉ាន់ និងកូរ៉េ ជារឿងមួយសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាយើង”។
លោកប៊ុន មុនីបានបន្តថា ទោះបីជាយើងឃើញមានការប្រកួតប្រជែងកាន់តែខ្លាំងដែលជារឿងមួយចូលដល់ក្នុងរបត់មួយជាមួយការផ្លាស់ប្តូរ ដែលយើងគិតថាទីផ្សារស្រុកខ្មែរយើងមានការអភិវឌ្ឍន៍មកដល់ចំណុចនេះ ហើយប្រជាពលរដ្ឋយើងមានជម្រើសច្រើនក្នុងជ្រើសរើសយកធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើការខ្ចីលុយ និងធ្វើការរកស៊ីជាមួយគ្នា។
លោកថាបន្ថែមថា “គាត់(ប្រជាជន)អាចមានជម្រើសច្រើន ហើយកត្តាមួយដែលល្អគឺថា បើទោះបីមានអ្នកប្រកួតប្រជែងច្រើន ប៉ុន្តែវានឹងមានការផ្លាស់ប្តូរ សេដ្ឋកិច្ចយើងនឹងមានការវិវត្តន៍ឈានឡើងបន្តបន្ទាប់ទៀត”។
ធនាគារជាតិបានអះអាងថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោក បានបន្តថមថយល្បឿនបន្តិច ដោយសារការថយចុះនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ សេដ្ឋកិច្ចនៅតែបន្តភាពរឹងមាំដែលគាំទ្រ ដោយកំណើនវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។
ប្រធានផ្នែកលក់ និងទីផ្សារនៃបុរីវិមានភ្នំពេញ អ្នកនាង ឆាយ ស៊ីណា បាននិយាយកាលពីពេលថ្មីៗនេះថា ធនាគារពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ព្រោះអ្នកទិញលំនៅឋានបច្ចុប្បន្ន ៩០ភាគរយ បានប្រើប្រាស់ឥណទានរបស់ធនាគារនានា ដែលអត្រាការប្រាក់បាននិងកំពុងធ្លាក់ចុះមកនៅត្រឹមជាង៨ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។
អ្នកនាងបន្តថា “អ្នកខ្លះបានប្រើប្រាស់ការបង់រំលស់តាមរយៈក្រុមហ៊ុន និងខ្លះទៀតបានប្រើប្រាស់ឥណទានរបស់ធនាគារ”។ អ្នកនាងបានថ្លែងថា “អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើន ជាប្រជាជនវ័យក្មេង ដែលទើបរៀបការហើយបែកពីគ្រួសារមករស់នៅជាមួយប្តី ប្រពន្ធរបស់ពួកគេ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ មិនសូវប្រើប្រាស់ឥណទានរបស់ធនាគារនោះទេ ពួកគេតែងតែប្រើប្រាស់សាច់ប្រាក់សុទ្ធ ដើម្បីទិញលំនៅឋានសម្រាប់រស់នៅ ក៏ដូចជាទិញលំនៅឋានសម្រាប់កូនរបស់ពួកគេ”៕