លោកច្រឹក សុខនីម / លោក សន សៀប
ដោយៈ រ៉ាណេត
ភ្នំពេញៈ ភាពមិនប្រក្រតីនៃការវាយតម្លៃអចលនវត្ថុពីសំណាក់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យមួយចំនួន ដែលបំប៉ោងតម្លៃខ្ពស់ជាងទីផ្សារ ដើម្បីសម្រួលដល់ម្ចាស់ទ្រព្យអាចមានលទ្ធភាពទទួលបានកម្ចីពីធនាគារឯកជន ដោយការដាក់បញ្ចាំ ឬអាចលក់បានតម្លៃខ្ពស់ ត្រូវបានក្រុមអ្នកជំនាញលើកឡើងថា ការធ្វើសកម្មភាពបែបនេះ វាគឺជាការសម្លាប់អាជីពខ្លួនឯង និងប្រឈមមុខទៅនឹងផ្លូវច្បាប់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate Co,.Ltd លោក សន សៀប បានមានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពបែបអវិជ្ជមានដូចការលើកឡើងខាងលើនេះពិតជាមានមែន ប៉ុន្តែមិនទូទៅទូលំទូលាយពេកនោះទេ។ លោកបានបន្តទៀតថា ករណីបែបនេះទាំងកាលពីមុន ក៏ដូចជាសព្វថ្ងៃនេះនៅតែមាន ប៉ុន្តែវាមិនច្រើនពេកនោះទេ។
-->

លោកបន្តទៀតថា “ការវាយតម្លៃខុសពីការពិត ដែលផ្ទុយពីវិជ្ជាជីវៈបែបនេះ អាចកើតមានតែចំពោះក្រុមមួយចំនួនតូច ដែលបង្កកើតឡើងដោយមិនស្របច្បាប់ ឬមិនបានទទួលបានការបណ្តុះបណ្តាលជំនាញជាអ្នកអាជីព”។
លោកបន្ថែមថា ករណីវាយតម្លៃអចលវត្ថុខ្ពស់ជាងតម្លៃទីផ្សារ ដើម្បីទទួលបានប្រយោជន៍ទាំងសងខាងនេះ មិនមែនមានតែក្នុងប្រទេសយើងនោះទេ នៅតាមបណ្តាប្រទេសនានាលើសាកលលោកក៏ធ្លាប់កើតមានដែរ រហូតមានស្ថាប័ន ដែលជាក្រុមហ៊ុនជំនាញក្នុងវិស័យនេះ ចងក្រងជាក្រមសីលធម៌ និងតម្រូវឱ្យគោរព អនុវត្តទាំងអស់គ្នា។
លោកសន សៀបបានបន្តទៀតថា “បច្ចុប្បន្ននេះនៅកម្ពុជា មិនទាន់មានច្បាប់កំណត់ពីកម្រិតនៃការទទួលទោស ពីការវាយតម្លៃអចលនទ្រព្យខុសនោះទេ គឺមានតែការបង្កើតជាច្បាប់វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបង្កើតឡើងដោយសមាគមជំនាញដែលពាក់ព័ន្ធក្រោមការរួមគ្នានបង្កើតតែប៉ុណ្ណោះ។ ហេតុនេះអ្វីដែលជាដំណោះស្រាយ និងអាចគេចផុតពីករណីទាំងអស់នេះ ទាំងម្ចាស់ ក៏ដូចជាស្ថាប័ន (ធនាគារម្ចាស់បំណុល) ដែលពាក់ព័ន្ធ គួរតែស្វែងរកក្រុមហ៊ុនជំនាញ ឬភ្នាក់ងារវាយតម្លៃស្របច្បាប់ធ្វើជាដៃគូ ចៀសវាងខាតបង់ផលប្រយោជន៍។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា ករណីនៃការវាយតម្លៃអចលនទ្រព្យ ខ្ពស់ជាងតម្លៃតម្លៃទីផ្សារ ដើម្បីទទួលបានផលប្រយោជន៍ វាគឺជាការធ្វើអាជីវកម្មដោយការបោកបញ្ឆោត។ លោកបានបន្តទៀតថា នៅពេលដែលមានករណីបែបនេះកើតឡើង វាអាចមានសមាសភាពចំនួន៣ពាក់ព័ន្ធ និងប្រឈមខាតបង់ផលប្រយោជន៍។

លោកបន្តទៀតថា “ការបោកប្រាស់ មិនអាចមានសុពលភាពយូរអង្វែងនោះទេ មិនយូរមិនឆាប់ភាពការពិតនឹងលេចឡើង ហើយក្រុមហ៊ុនធំៗ ឈ្មួញធំៗដែលមានបទពិសោធន៍ ក៏ដូចជាធនាគារ ពួកគេមិនមែនជឿទៅលើការវាយតម្លៃរបស់បុគ្គល ឬក្រុមហ៊ុនវាយតម្លៃដែលគ្មានកេរ្តិ៍ឈ្មោះនោះដែរ”។ លោកថា “មុនពេលគេយល់ព្រម និងជឿជាក់ទៅលើលទ្ធផលនៃការវាយតម្លៃ គេក៏មានអ្នកជំនាញ ដើម្បីសិក្សា ផ្ទៀងផ្ទាត់ជាមួយនឹងការវាយតម្លៃផងដែរ ហើយអ្នកដែលធ្វើការវាយតម្លៃបំភ្លើសទាំងនោះ នឹងអស់ជំនឿទុកចិត្តពីអតិថិជន ហើយថែមទាំងអាចប្រឈមជាមួយផ្លូវច្បាប់ ដោយប្រការណាមួយក៏អាចថាបាន”។
ជាមួយនឹងការចូលរួមនៅក្នុងប្រធានបទមួយនេះ ដើម្បីចៀសវាងបញ្ហាដែលអាចកើតមាន លោកសុខនីមបានទទូច និងលើកទឹកចិត្តដល់ម្ចាស់ទ្រព្យ គួរតែស្វែងរកក្រមហ៊ុន និងភ្នាក់ងារវាយតម្លៃទាំងឡាយណាដែលមានកេរ្តិ៍ឈ្មោះល្អ មានក្រមសីលធម៌វិជ្ជាជីវៈ និងទទួលស្គាល់ដោយច្បាប់ទើបជាការប្រសើរ៕