ក្រសួងពាណិជ្ជកម្ម បានផ្តល់សិទ្ធិបន្ថែមទៀតដល់អ្នកនាំចេញ និងផលិតករនៅកម្ពុជាក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ចាប់ពីថ្ងៃទី៦ ខែកញ្ញានេះទៅ។
ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែសម្រួលនិងកាត់បន្ថយដំណាក់កាលនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តកម្មដល់ផលិតករ និងអ្នកនាំចេញ ដោយសម្រេចផ្តល់សិទ្ធបន្ថែមដល់ថ្នាក់នាយកដ្ឋាននាំចេញ-នាំចូល និងថ្នាក់អគ្គនាយកដ្ឋានសេវាកម្ម ក្នុងការពិនិត្យ និងអនុម័តការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានថ្លែងថា ក្រសួងពាណិជ្ជកម្ម បានសម្រេចផ្តល់សិទ្ធបន្ថែម ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីថ្ងៃទី ៦ខែកញ្ញានេះទៅ ហើយក្នុងគោលបំណងសំខាន់ គឺដើម្បីសម្រួលដល់ការនាំចេញនាំចូលទំនិញពីកម្ពុជា ទៅក្រៅប្រទេស។ កញ្ញាអ្នកនាំពាក្យ បន្ថែមថា ថ្ងៃក្រោយនៅពេលដែលកម្ពុជាមានដៃគូពាណិជ្ជកម្មហើយបើសិនជាមានកិច្ចព្រមព្រៀងទៀតនោះនឹងសម្រួលដល់ការនាំចេញពីកម្ពុជាឲ្យកាន់តែងាយស្រួលបំផុត។