រយៈពេល៧ខែ​ កម្ពុជា​នាំ​ចេ​ញក​សិ​កផល​ទៅកាន់​ពិភពលោក​ជាង​ ២លាន​តោន​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ អាច​និយាយ​បាន​ថា​ជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា​ ដែល​ត្រឹម​រយៈពេល៧ខែ​ អាច​សម្រេច​បានការ​នាំចេញ​ផលិតផល​ផ្នែក​កសិកម្ម​ទៅកាន់​ពិភពលោក​បាន​រហូតដល់​ប្រមាណ​ ២,៣៧លាន​តោន​។ នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹងពី​សំណាក់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កាលពី​ម្សិលមិញ​នេះ​។

នៅក្នុង​ពិធី​ជំនួប​ពិភាក្សា​ការងារ​ និង​ពង្រីក​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ តំណាងដោយ​លោក​ Eldeen​ Hasaaini​ bin​ Mohd​ ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៩​ម្សិលមិញ​នេះ​ លោក​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​ ជា​មោទនភាព​របស់​កម្ពុជា​ ដែល​នៅ​ត្រឹម​រយៈពេល៧ខែ​ អាច​នាំចេញ​កសិផល​ទៅកាន់​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រហូតដល់​ ២,៣៧លាន​តោន​។

លោក​ វេង​ សា​ខុន​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អជា​មួយ​កម្ពុជា​ និង​តែងតែ​គាំទ្រ​ដល់​ផលិតផល​កសិកម្ម​ដែល​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​កន្លងមក​។

ពាក់ព័ន្ធ​នឹង​ការនាំចេញ​ផលិតផល​កសិកម្ម​ រដ្ឋមន្ត្រី​រូប​នេះ​បាន​គូសបញ្ជាក់​ថែមទៀត​ថា​ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​ ២,៣៧លាន​តោន​។ សមិទ្ធផល​ដ៏​ធំធេង​មួយទៀត​ ការនាំចេញ​ចេកអំបូង​លឿង​កម្ពុជា​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ស្នើ​ដល់​ភាគី​ម៉ាឡេស៊ី​ពិនិត្យ​វឌ្ឍនភាព​ និង​ជំរុញ​ការអនុវត្ត​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ និង​ក្រសួង​កសិកម្ម​ និង​ឧស្សាហកម្ម​ដែល​មាន​មូលដ្ឋាន​ផ្នែក​កសិ​-ឧស្សាហកម្ម​នៃ​ម៉ាឡេស៊ី​ ដើម្បី​ជំរុញ​ឱ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត​ទៅលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។

ឯកអគ្គ​រដ្ឋទូត​ប្រទេស​ម៉ាឡេស៊ី​ ប្រចាំ​នៅ​កម្ពុជា​ លោក​ Eldeen​ Hasaaini​ bin​ Mohd​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ក៏ដូចជា​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លងមក​ ក៏ដូចជា​បច្ចុប្បន្ន​។ ក្នុង​ឱកាស​នោះ​ លោក​ក៏បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការ​ស្នើសុំ​ពាក់ព័ន្ធ​នឹង​ការងារ​ពង្រឹង​ និង​ពង្រីក​ការ​វិនិយោគ​ពី​ម៉ាឡេស៊ី​មក​លើ​វិស័យ​កសិកម្ម​ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។

លោក​បាន​បញ្ជាក់​ថា​ ក្នុង​អំឡុង​ខែកញ្ញា​ខាងមុខនេះ​ ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​មួយចំនួន​នឹង​មក​ទស្សនកិច្ច​សិក្សា​ ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ភាគី​ម៉ាឡេស៊ី​រីករាយ​ចំពោះ​ការ​បង្កើន​បរិមាណ​នៃ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ភាគី​ម៉ាឡេស៊ី​បានសម្រេច​បង្កើន​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ហើយ​កំពុង​មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ផលិតផល​ដទៃទៀត​ ដូចជា​ម្រេច​ តាង៉ែន​ និង​ប្រេងដូង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here