ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អាចនិយាយបានថាជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលត្រឹមរយៈពេល៧ខែ អាចសម្រេចបានការនាំចេញផលិតផលផ្នែកកសិកម្មទៅកាន់ពិភពលោកបានរហូតដល់ប្រមាណ ២,៣៧លានតោន។ នេះបើតាមការថ្លែងឱ្យដឹងពីសំណាក់លោករដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីម្សិលមិញនេះ។

-->
នៅក្នុងពិធីជំនួបពិភាក្សាការងារ និងពង្រីកសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី តំណាងដោយលោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ជាមោទនភាពរបស់កម្ពុជា ដែលនៅត្រឹមរយៈពេល៧ខែ អាចនាំចេញកសិផលទៅកាន់បណ្តាប្រទេសនានាក្នុងពិភពលោកបានរហូតដល់ ២,៣៧លានតោន។
លោក វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា និងតែងតែគាំទ្រដល់ផលិតផលកសិកម្មដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។
ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថែមទៀតថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧លានតោន។ សមិទ្ធផលដ៏ធំធេងមួយទៀត ការនាំចេញចេកអំបូងលឿងកម្ពុជាឆ្ពោះត្រង់ទៅកាន់ទីផ្សារនៃប្រទេសចិន។
ជាមួយគ្នានេះ លោកក៏បានស្នើដល់ភាគីម៉ាឡេស៊ីពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៃព្រះរាជជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងឧស្សាហកម្មដែលមានមូលដ្ឋានផ្នែកកសិ-ឧស្សាហកម្មនៃម៉ាឡេស៊ី ដើម្បីជំរុញឱ្យមានការគាំទ្របន្ថែមទៀតទៅលើការធ្វើពាណិជ្ជកម្មលើផ្នែកកសិកម្មរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក Eldeen Hasaaini bin Mohd បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន។ ក្នុងឱកាសនោះ លោកក៏បានឯកភាពទាំងស្រុងចំពោះការស្នើសុំពាក់ព័ន្ធនឹងការងារពង្រឹង និងពង្រីកការវិនិយោគពីម៉ាឡេស៊ីមកលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។
លោកបានបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួននឹងមកទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។
លោកក៏បានបន្ថែមទៀតថា ភាគីម៉ាឡេស៊ីរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង ៕