ដោយ Donald Lee
សៀងហៃៈ ប្រធានាធិបតីអាមេរិកលោក Donald Trump មានការរំពឹងទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចត្រូវបានចរចាអំឡុងកិច្ចចរចាពាណិជ្ជកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ប៉ុន្តែជាមួយគ្នានេះដែរ Trump បាននិយាយថា សេដ្ឋកចិ្ចចិនជួបរឿងអាក្រក់។
នៅថ្ងៃនោះដែរ អ្នកចរចាអាមេរិក បានត្រៀមបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសមភាគីចិននៅប្រទេសចិន។ នេះបើតាមលោក Trump បានបង្ហោះសារធ្វីតធ័រនៅលើគណនីបណ្តាញសង្គមរបស់គាត់។
លោក Trump បានសរសេរអត្ថាធិប្បាយអំពីកំនើនសេដ្ឋកិច្ចយឺតរបស់ចិនថា “សេដ្ឋកិច្ចចិនកំពុងជួបរឿងអាក្រក់ណាស់ ដែលជាឆ្នាំអាក្រក់បំផុតក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ”។
លោក Trump បានអត្ថាធិប្បាយអំពីការសន្យារបស់ប្រទេសចិន ក្នុងការនាំចូលសណ្តែកសៀងពីអាមេរិកថា ជាវិធានការសុឆន្ទៈ មុនពេលកិច្ចពិភាក្សាពាណិជ្ជកម្ម ដោយបាននិយាយថា “ចិនគួរចាប់ផ្តើមទិញផលិតផលកសិកម្មរបស់យើង ប៉ុន្តែវាមិនកើតឡើង”។
ការនាំចេញសណ្តែកសៀងរបស់អាមេរិក បានធ្លាក់ចុះដល់កំរិតទាបបំផុតនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំ។
លោក Trump បានបន្ថែមថា “នោះគឺជាបញ្ហាជាមួយប្រទេសចិន ដោយពួកមិនបានសហការទេ។ សេដ្ឋកិច្ចរបស់យើងមានទំហំធំជាងសេដ្ឋកិច្ចចិន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ”។
អ្នកវិភាគខ្លះយល់ឃើញថា ការអត្ថាធិប្បាយរបស់លោក Trump គឺជាវិធីសាស្ត្រចរចាមួយ ដែលនឹងធ្វើឱ្យវាហាក់ដូចជា អ្នកចរចាអាមេរិកសុខចិត្តដើរចេញ ពីពាណិជ្ជកម្ម ប្រសិនបើសម្បទានមិនត្រូវបានបំពេញ។
លើសពីនេះទៀត ការអត្ថាធិប្បាយតាមបណ្តាញសង្គមបានបង្ហាញថា លោក Trump ជឿជាក់ថា លោកជាអ្នកទទួលខុសត្រូវ ចំពោះកាតធ្លាក់ចុះសេដ្ឋកិច្ចចិន បន្ទាប់ពីបានដាក់ពន្ធលើការនាំចូលរបស់ចិន ដែលមានតម្លៃ ២០០ពាន់លានដុល្លារ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក។
ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជិត ៩ភាគរយ នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Trump បាននិយាយថា “ប្រទេសចិនកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយខ្ញុំ ប៉ុន្តែថាតើខ្ញុំនឹងធ្វើវា ឬអត់នោះ វាអាស្រ័យលើខ្ញុំ វាមិនមែនអាស្រ័យលើពួកគេទេ”។ លោក Trump បានបន្ថែមថា “ខ្ញុំគិតថា ចិនសុខចិត្តលះបង់ច្រើនណាស់ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំសុខចិត្តទទួលយកទេ”។
របាយការណ៍សេដ្ឋកិច្ចរបស់ Bloomberg ដែលបានចេញផ្សាយកាលពីខែមុនបានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនអាចឈានដល់ ១,២ ពាន់ពាន់លានដុល្លារ និងទាញសេដ្ឋកិច្ចពិភពលោក ឱ្យខិតទៅរកវិបត្តិសេដ្ឋកិច្ចជាសាកល៕






