ដោយ Donald lee
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ចប់កិច្ចចរចាចរចាពាណិជ្ជកម្ម ជាមួយភាគីចិននៅទីក្រុងសៀងហៃនៅថ្ងៃនេះ ហើយបច្ចុប្បន្នកំពុងធ្វើដំណើរត្រឡប់ទៅអាមេរិក ដោយគ្មានសញ្ញាណាមួយនៃកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង។
រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី Liu He នៅថ្ងៃនេះនៅសណ្ឋាគារ Xijiao។
-->
ការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយដែលរំពឹងថា នឹងត្រូវបានធ្វើឡើងនៅថ្ងៃនេះ ត្រូវបានរារាំងយ៉ាងខ្លាំង ដោយមតិអវិជ្ជមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីការឈានទៅរកកិច្ចប្រជុំ។
កាលពីម្សិលមិញ លោក Trump បានសរសេរក្នុង Twitter ថា “ក្រុមការងាររបស់ខ្ញុំកំពុងចរចាជាមួយ [ប្រទេសចិន] ឥឡូវនេះ ប៉ុន្តែពួកគេតែងតែផ្លាស់ប្តូរកិច្ចព្រមព្រៀងនៅចុងបញ្ចប់ដើម្បីផលប្រយោជន៍របស់ពួកគេ”។
លោក Trump បានបន្ថែមទៀតថា ប្រហែលជាចិនមានបំណងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកក្រោយនៅឆ្នាំ២០២០ ហើយមើលថាតើពួកគេអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរជាងមុនដែរឬទេ ប្រសិនបើលោកTrump ចាញ់ការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “បន្ទាប់មកពួកគេអាចធ្វើបានច្រើន ដូចជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមក ហើយបន្តបំបែកអាមេរិកខ្លាំងជាងពេលមុនទៅទៀត”។
លោកបានបន្ថែមថា “បញ្ហាជាមួយចិននៅតែជាការរង់ចាំមួយគឺថា ប្រសិនបើខ្ញុំឈ្នះឆ្នោតជាថ្មី ហើយកិច្ចព្រមព្រៀងដែលពួកគេនឹងទទួលបាន នឹងកាន់តែធ្ងន់ធ្ងរជាងអ្វីដែលយើងកំពុងចរចាឥឡូវនេះ ឬគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់”។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying មានប្រសាសន៍ថា យុទ្ធសាស្ត្រដាក់សម្ពាធរបស់អាមេរិក មិនមានឥទ្ធិពលអ្វីលើការចរចាពាណិជ្ជកម្មទេ។
អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងនៅថ្ងៃនេះថា“មានតែនៅពេលដែលមេរិក បង្ហាញភាពស្មោះត្រង់គ្រប់គ្រាន់ និងមានជំនឿលើបានប៉ុណ្ណោះ ទើបយើងអាចទទួលបានវឌ្ឍនភាពនៅក្នុងកិច្ចចរចាពាណិជ្ជកម្ម”។

លោកស្រីបានបន្ថែមទៀតថា “ខ្ញុំជឿថា វាមិនសមហេតុផលសម្រាប់អាមេរិក ក្នុងការធ្វើយុទ្ធនាការរបស់ខ្លួន ដើម្បីដាក់ចេញនូវសម្ពាធអតិបរិមានៅពេលនេះទេ”៕