រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​ខេត្តក្រចេះ​ និង​មណ្ឌលគិរី​

0
​រុករក​រ៉ែ​លោហៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ខេត្ត​ចំនួន២ ដែល​ស្ថិត​ប៉ែក​ឦសាន​ប្រទេស​ រួមមាន​ខេត្តក្រចេះ​ និង​ខេត្តមណ្ឌលគីរី​ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ សហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​កំណត់​គោលដៅ​សិក្សា​ និង​ឈាន​ទៅ​ធ្វើសកម្មភាព​រុករក​រ៉ែ​លោហៈ​ក្នុង​ពេល​ខាងមុខនេះ​។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ ម្សិលមិញ​ លោក​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) សម្រាប់​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​ភ្នំ​ខ្ទង់​ លើ​ផ្ទៃដី​ ទំហំ​ ២១០​,៧៥​ គីឡូម៉ែត្រ​ការ៉េ​ (ស្មើនឹង​ ២១.០៧៥​ ហិ​កតា​) ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ស្រែជិះ​ ឃុំ​រលួសមានជ័យ​ និង​ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​។

​ដោយឡែក​ខេត្តមណ្ឌលគីរី​ សម្រាប់​តំបន់​ទីតាំង​ដែល​ត្រូវ​សិក្សា​ និង​រុករក​រ៉ែ​លោហៈ​ដូច​ការ​លើកឡើង​របស់​គម្រោង​ គឺ​ស្ថិតនៅ​ឃុំ​ពូ​ជ្រី​ ក្នុង​ស្រុក​ពេជ្រា​ដា​។ គម្រោង​ដែល​ត្រូវ​បាន​លើកយក​មក​សិក្សា​លម្អិត​ពី​ផល​ប៉ះពាល់​ខាងលើ​នេះ​ គឺជា​គម្រោង​របស់​ក្រុមហ៊ុន​ RENAISSANCE​ លល​ MINERALS​ Cambodia​ Limited​ និង​រៀបចំ​របាយការណ៍​ IESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ E &​ A Consultant​ Co​,.Ltd​ ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​បានសម្រេច​គាំទ្រ​ទៅលើ​គម្រោង​ទាំងស្រុង​ ជាមួយនឹង​ការកំណត់​នូវ​ផែនការ​មួយចំនួន​ដូចជា៖​

ទី១​. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់​ភ្នំ​ខ្ទង់​នេះ​។

២. ស្នើរ​ដ្ឋ​បាល​ខេត្តក្រចេះ​រៀបចំ​កិច្ច​ ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​បី​ ដែល​មាន​ទីតាំង​ ត្រួតស៊ីគ្នា​ជាមួយ​ទីតាំង​សិក្សា​ស្វែង​រុករក​នេះ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​មុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ រួច​ផ្ញើរ​បាយ​ការណ៍​មក​ក្រសួងបរិស្ថាន​។

ទី៣​. នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវ​ធ្វើ​ លិខិត​គោរព​ជម្រាប​ជូន​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ទាក់ទង​ទៅ​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ ផ្លូវ​ជនបទ​ និង​បង្គន់​អនាម័យ​។ ទី៤នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ត្រូវ​ធ្វើ​លិខិត​គោរព​ជូន​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ការពារ​និង​អភិរក្ស​ធម្មជាតិ​ អំពី​ទីតាំង​ត្រួតស៊ីគ្នា​ជាមួយ​តំបន់​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ឦសាន​ ទំហំផ្ទៃ​ដី៨.០៦២​ ហិ​កតា​ ដើម្បី​ការពារ​ការ​ប៉ះពាល់​ដល់​កា​របំ​លាស់​ទី​សត្វព្រៃ​ និង​ជម្រក​។

ទី៥​. ម្ចាស់​គម្រោង​ត្រូវ​អប់រំ​បុគ្គលិក​-កម្មករ​ហាម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​។

ទី៦​. ម្ចាស់​គម្រោង​មិន​ត្រូវ​ចុះទៅ​ធ្វើការ​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ មុន​ពេល​ក្រសួងបរិស្ថាន​ឯកភាព​លើ​របាយការណ៍​វាយ​តម្លែ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​នេះ​ទេ​។

ទី៧​. ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​យក​មតិយោបល់​របស់​អង្គប្រជុំ​ ដែល​បាន​លើកឡើង​ទៅ​ធ្វើការ​កែសម្រួល​យ៉ាង​យូរ១ខែ​ រួច​ដាក់​ជូន​ក្រសួងបរិស្ថាន​។

៨​. ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​គោរព​ តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​របស់​កម្ពុជា​ ដែល​មាន​ជាធរមាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here