ដោយៈ រ៉ាណេត
ភ្នំពេញៈ ខេត្តចំនួន២ ដែលស្ថិតប៉ែកឦសានប្រទេស រួមមានខេត្តក្រចេះ និងខេត្តមណ្ឌលគីរី កំពុងត្រូវបានក្រុមហ៊ុនឯកជន សហការជាមួយស្ថាប័នរដ្ឋាភិបាលកំណត់គោលដៅសិក្សា និងឈានទៅធ្វើសកម្មភាពរុករករ៉ែលោហៈក្នុងពេលខាងមុខនេះ។
នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈនៅតំបន់ភ្នំខ្ទង់ លើផ្ទៃដី ទំហំ ២១០,៧៥ គីឡូម៉ែត្រការ៉េ (ស្មើនឹង ២១.០៧៥ ហិកតា) ដែលមានទីតាំងស្ថិតនៅឃុំស្រែជិះ ឃុំរលួសមានជ័យ និងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
-->
ដោយឡែកខេត្តមណ្ឌលគីរី សម្រាប់តំបន់ទីតាំងដែលត្រូវសិក្សា និងរុករករ៉ែលោហៈដូចការលើកឡើងរបស់គម្រោង គឺស្ថិតនៅឃុំពូជ្រី ក្នុងស្រុកពេជ្រាដា។ គម្រោងដែលត្រូវបានលើកយកមកសិក្សាលម្អិតពីផលប៉ះពាល់ខាងលើនេះ គឺជាគម្រោងរបស់ក្រុមហ៊ុន RENAISSANCE លល MINERALS Cambodia Limited និងរៀបចំរបាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A Consultant Co,.Ltd ។
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចគាំទ្រទៅលើគម្រោងទាំងស្រុង ជាមួយនឹងការកំណត់នូវផែនការមួយចំនួនដូចជា៖
ទី១. អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់នេះ។
២. ស្នើរដ្ឋបាលខេត្តក្រចេះរៀបចំកិច្ច ប្រជុំជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងបី ដែលមានទីតាំង ត្រួតស៊ីគ្នាជាមួយទីតាំងសិក្សាស្វែងរុករកនេះ ដើម្បីធ្វើការដោះស្រាយឱ្យបានមុនធ្វើការសិក្សាស្រាវជ្រាវ រួចផ្ញើរបាយការណ៍មកក្រសួងបរិស្ថាន។
ទី៣. នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវធ្វើ លិខិតគោរពជម្រាបជូន ក្រសួងអភិវឌ្ឍន៍ជនបទ ទាក់ទងទៅនឹងបញ្ហាជនជាតិដើមភាគតិច ផ្លូវជនបទ និងបង្គន់អនាម័យ។ ទី៤នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើលិខិតគោរពជូនអគ្គនាយកដ្ឋានរដ្ឋបាល ការពារនិងអភិរក្សធម្មជាតិ អំពីទីតាំងត្រួតស៊ីគ្នាជាមួយតំបន់របៀងអភិរក្សជីវៈចម្រុះឦសាន ទំហំផ្ទៃដី៨.០៦២ ហិកតា ដើម្បីការពារការប៉ះពាល់ដល់ការបំលាស់ទីសត្វព្រៃ និងជម្រក។
ទី៥. ម្ចាស់គម្រោងត្រូវអប់រំបុគ្គលិក-កម្មករហាមប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃ។
ទី៦. ម្ចាស់គម្រោងមិនត្រូវចុះទៅធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ មុនពេលក្រសួងបរិស្ថានឯកភាពលើរបាយការណ៍វាយតម្លែហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះទេ។
ទី៧. ក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំ ដែលបានលើកឡើងទៅធ្វើការកែសម្រួលយ៉ាងយូរ១ខែ រួចដាក់ជូនក្រសួងបរិស្ថាន។
៨. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវគោរព តាមលិខិតបទដ្ឋានគតិយុត្តិនានារបស់កម្ពុជា ដែលមានជាធរមាន៕