ដោយៈ រ៉ាណេត
ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងខ័ណ្ឌព្រែកព្នៅ បានកើនឡើងរហូតដល់២៧ភាគរយនៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុន Key Real Estate។

ដោយៈ រ៉ាណេត
ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងខ័ណ្ឌព្រែកព្នៅ បានកើនឡើងរហូតដល់២៧ភាគរយនៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុន Key Real Estate។

តាមរបាយការណ៍ដែលសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនអលចនទ្រព្យ KEY Real Estate ដែលទើបបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ស្របពេលដែលកំណើនប្រជាសាស្ត្រចូលទៅរស់នៅ ក៏ដូចជាមានគម្រោងអភិវឌ្ឍពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយនឹងវិស័យឯកជនផងដែរនោះបានជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យនៅក្នុងខណ្ឌមួយនេះមានកាកើនឡើង។
ស្ថាបនិក និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate លោក សន សៀប បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះខណ្ឌព្រែកព្នៅមិនស្ងប់ស្ងាត់ និងឯកោដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។ បើប្រៀបធៀបជាមួយខណ្ឌដទៃ វិស័យដីធ្លីនៅក្នុងខណ្ឌព្រែកព្នៅ ហាក់មានកម្រិតទាបជាងគេនៅឡើយ។
លោកបានបន្តទៀតថា “នៅពេលតម្លៃដីនៅទាប វិសាលភាពដីទំនេរនៅទូលាយវាជាឱកាសដ៏ល្អ សម្រាប់បណ្តាអ្នកវិនិយោគ ចូលទៅធ្វើការអភិវឌ្ឍនៅក្នុងខណ្ឌមួយនេះ”។លោកបានបន្តទៀតថា “ថ្វីត្បិតថាមធ្យមភាគមានការកើនឡើងខ្ពស់ ជាងបណ្តាខណ្ឌនានា ប៉ុន្តែបើប្រៀបពីតម្លៃវិនិយោគគឺមានចំនួនតិចនៅឡើយ ខណៈដែលខណ្ឌដទៃទៀតមានតម្លៃខ្ពស់រួចទៅហើយ”។
លោក សន សៀប បានមានប្រសាសន៍បន្តទៀតថា ខណ្ឌព្រែកព្នៅកំពុងតែទទួលបានឥទ្ធិពលពីតំបន់អភិវឌ្ឍចំនួន២ ដែលស្ថិតនៅសងខាងខ្លួន ដោយមួយចំណែកទទួលឥទ្ឋិពលមកពីខណ្ឌសែនសុខ ហើយមួយចំណែកទៀតទទួលបានមកពីការអភិវឌ្ឍរបស់គម្រោងដ៏ធំរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ដែលធ្វើឱ្យអ្នកជំនួញផ្នែកដីឡូតិ៍ភាគច្រើនចាប់អារម្មណ៍ទៅធ្វើសកម្មភាពក្នុងខណ្ឌនេះ។
តម្លៃដីធ្លីខណ្ឌព្រែកព្នៅ គឺមានភាពប្រទាប់ប្រសងទៅនឹងខណ្ឌដង្កោ ដោយសារតែតម្លៃនៃដីគឺប្រហាក់ប្រហែលគ្នា ពោលគឺតំបន់ដែលមានមនុស្សរស់នៅ អាចមានតម្លៃក្នុងរង្វង់២៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅទីប្រជុំអាចមានតម្លៃក្នុងរង្វង់ ១៥០០-១៧០០ដុល្លារក្នុងមួយម៉ែត្រ។
ជាមួយនឹងសន្ទុះនៃតម្លៃដីធ្លីខាងលើនេះ លោកសន សៀបបានរំពឹង និងជឿជាក់ថា នៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ ខណ្ឌព្រែកព្នៅ នឹងតែមានការកើនឡើងតម្លៃបន្តទៀត ខណៈដែលបច្ចុប្បន្ន មានគម្រោងអភិវឌ្ឍជាច្រើនកំពុងតែហូរទៅកាន់តំបន់នេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានទទួលស្គាល់ពីការកើនឡើងនូវតម្លៃដី ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតមួយទាបនៅឡើយ។ លោកបានបន្តទៀតថា មានកត្តាមួយចំនួនដែលជំរុញឱ្យតម្លៃដី ក្នុងខណ្ឌនេះមានការកើនឡើង ដែលក្នុងនោះក្រៅពីផ្ទៃដីនៅមានភាពទំនេរច្រើនងាយ ស្រួលក្នុងការអភិវឌ្ឍ វានៅមានភាពល្អប្រសើរ ដែលផ្តើមចេញចាប់តំបន់ទំនប់កប់ស្រូវ និងបឹងតាម៉ោក ស្ថិតក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល។

លោកបន្តទៀតថា បច្ចុប្បន្នទិដ្ឋភាពជាក់ស្ដែង តំបន់ដែលធ្លាប់តែជាបឹងឬដីលិចទឹកមួយចំនួនត្រូវបានចាក់ដីលុបបំពេញ និងក្លាយជាគម្រោងដីឡូតិ៍រួចទៅហើយ ហើយតំបន់ខ្លះក៏មានការអភិវឌ្ឍជាសំណង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមផងដែរ៕