ដោយៈរ៉ាណេត
ព្រះសីហនុៈ ជាការពង្រឹង និងបន្ថែមសមត្ថភាពក្នុងការដឹកជញ្ជូន តាមផ្លូវដែកនៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បានសម្រេចដាក់ឱ្យដំណើរការក្បាលរថភ្លើងចំនួន១០គ្រឿង រួមជាមួយនឹងទូផ្ទុកទំនិញចំនួន៥០បន្ថែមទៀត។

-->
ការដាក់បន្ថែមនូវក្បាលរថភ្លើងនេះ ជាកិច្ចឆ្លើយតប និងព្យាយាមអនុវត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជួយសម្រួល និងបង្កើតលទ្ធភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Royal Railway បានបន្តនូវបេសកម្ម និងចក្ខុវិស័យរបស់ខ្លួនឥតឈប់ឈរក្នុងគោលដៅ ធ្វើឱ្យវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជាកាន់តែរីកចម្រើនថែមទៀត។
ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំក្រុមហ៊ុនមួយនេះ បានប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅដើមខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនRoyal Railway របស់អ្នកឧកញ៉ាគិត ម៉េង ទើបតែបានដាក់ឱ្យដំណើរការក្បាលរថភ្លើង១០គ្រឿង និងទូដឹកទំនិញ៥០បន្ថែម ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជា ដែលក្នុងនោះក្បាលរថភ្លើងថ្មី១០គ្រឿង ត្រូវបាននាំចូលពីប្រទេសម៉ាឡេស៊ី និងទូរដឹកទំនិញចំនួន៥០គ្រឿងនាំចូលពីប្រទេសវៀតណាម។
ការសម្រេចនាំចូលក្បាលរថភ្លើង១០គ្រឿង និងទូដឹកទំនិញ៥០បន្ថែម នៅពេលនេះ គឺដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញ តាមផ្លូវដែកពីកំពង់ផែអន្តរជាតិខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសគឺបង្កើនទំនុកចិត្តលើការដឹកជញ្ជូនទំនិញតាមផ្លូវដែកពីសំណាក់ក្រុមហ៊ុនជាតិ អន្តរជាតិ ដែលដែលធ្លាប់ប្រើប្រាស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលមានការចំណាយច្រើននាពេលកន្លងមក។
តំណាងក្រុមហ៊ុន Royal Railway បានបញ្ជាក់បន្ថែមថា នៅពេលដែលទំនិញកាន់តែច្រើន ត្រូវបានដឹកតាមរថភ្លើងចេញពីកំពង់ផែស្វយ័តខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញនោះ នឹងជួយកាត់បន្ថយនូវអត្រានៃការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដែលតែងតែបង្កឡើងពីសំណាក់រថយន្តកុងតឺន័រ ដែលកន្លងមកឧស្សាហ៍ កើតមាននូវករណីគ្រោះថ្នាក់ចរាចរណ៍និងធ្វើឱ្យខូចខាតផ្លូវជាតិជាដើម។

ក្រុមហ៊ុន Royal Railway នាពេលនេះ គឺបានប្រែក្លាយពីឈ្មោះពីក្រុមហ៊ុនចាស់ដែលមានឈ្មោះថា TOLL Royal ក្រោយពីទទួលបានការលើកទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំចូលគ្រឿងចក្រ ឧបករណ៍បរិក្ខារ សម្រាប់គម្រោងសម្បទានផ្លូវដែក ក្នុងទំហំទឹកប្រាក់ជាង៨០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុនធ្លាប់បាននាំចូលក្បាលរថភ្លើង (Locomotives) ពីប្រទេសអូស្ត្រាលីចំនួន១១គ្រឿង ដែលមានតម្លៃជាង១១លានដុល្លាអាមេរិក និងរថភ្លើងដឹកអ្នកដំណើរពីប្រទេសម៉ិកស៊ីកូចំនួន៣គ្រឿង សម្រាប់បម្រើតម្រូវការគម្រោងសម្បទានផ្លូវដែក នៅកម្ពុជារបស់ក្រុមហ៊ុន ស្របតាមចំណាររបស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕