ក្រុមហ៊ុន​ Royal​ Railway​ ដាក់​ដំណើរការ​ក្បាលរថភ្លើង​ ១០គ្រឿង​បន្ថែម​ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​

0
Royal​ Railway

ដោយៈ​រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ជា​ការ​ពង្រឹង​ និង​បន្ថែម​សមត្ថភាព​ក្នុង​ការ​ដឹកជញ្ជូន​ តាមផ្លូវ​ដែក​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ល្អ​ប្រសើរ​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ ក្រុមហ៊ុន​ Royal​ Railway​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង បានសម្រេច​ដាក់​ឱ្យ​ដំណើរការ​ក្បាលរថភ្លើង​ចំនួន១០គ្រឿង​ រួម​ជាមួយនឹង​ទូ​ផ្ទុកទំនិញ​ចំនួន៥០បន្ថែម​ទៀត​។

Royal​ Railway

ការ​ដាក់​បន្ថែម​នូវ​ក្បាលរថភ្លើង​នេះ​ ជា​កិច្ច​ឆ្លើយតប​ និង​ព្យាយាម​អនុវត្ត​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ជួយ​សម្រួល​ និង​បង្កើត​លទ្ធភាព​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ក្រុមហ៊ុន​ Royal​ Railway​ បាន​បន្ត​នូវ​បេ​សកម្ម​ និង​ចក្ខុវិស័យ​របស់​ខ្លួន​ឥត​ឈប់ឈរ​ក្នុង​គោលដៅ​ ធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​មួយ​នេះ​ បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យដឹង​ថា​ នៅដើម​ខែសីហា​ ឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​Royal​ Railway​ របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ង ទើបតែ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្បាលរថភ្លើង១០គ្រឿង​ និង​ទូ​ដឹកទំនិញ៥០បន្ថែម​ ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ដែក​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​ក្បាលរថភ្លើង​ថ្មី១០គ្រឿង​ ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ទូរ​ដឹកទំនិញ​ចំនួន៥០គ្រឿង​នាំចូល​ពី​ប្រទេស​វៀតណាម​។

​ការសម្រេច​នាំចូល​ក្បាលរថភ្លើង១០គ្រឿង​ និង​ទូ​ដឹកទំនិញ៥០បន្ថែម​ នៅពេល​នេះ​ គឺ​ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​ តាមផ្លូវ​ដែក​ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​ឆាប់រហ័ស​ ជាពិសេស​គឺ​បង្កើន​ទំនុកចិត្ត​លើ​ការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ដែក​ពីសំណាក់​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ ដែល​ដែល​ធ្លាប់​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវគោក​ ដែល​មានការ​ចំណាយ​ច្រើន​នា​ពេល​កន្លងមក​។

តំណាង​ក្រុមហ៊ុន​ Royal​ Railway​ បាន​បញ្ជាក់​បន្ថែម​ថា​ នៅពេល​ដែល​ទំនិញ​កាន់តែ​ច្រើន​ ត្រូវ​បាន​ដឹក​តាម​រថភ្លើង​ចេញពី​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​នោះ​ នឹង​ជួយ​កាត់បន្ថយ​នូវ​អត្រា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ នៅ​តាម​ដងផ្លូវ​ជាតិ​សំ​ខាន់​ៗ ដូចជា​ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៣​ ដែល​តែងតែ​បង្កឡើង​ពីសំណាក់​រថយន្ត​កុងតឺន័រ​ ដែល​កន្លងមក​ឧស្សាហ៍​ កើតមាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​និង​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវជាតិ​ជាដើម​។

Royal​ Railway

ក្រុមហ៊ុន​ Royal​ Railway​ នា​ពេលនេះ​ គឺ​បាន​ប្រែក្លាយ​ពី​ឈ្មោះ​ពី​ក្រុមហ៊ុន​ចាស់​ដែល​មានឈ្មោះ​ថា​ TOLL​ Royal​ ក្រោយពី​ទទួល​បានការ​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការនាំចូល​គ្រឿងចក្រ​ ឧបករណ៍​បរិក្ខារ​ សម្រាប់​គម្រោង​សម្បទាន​ផ្លូវដែក​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង៨០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ក្រុមហ៊ុន​ធ្លាប់​បាន​នាំចូល​ក្បាលរថភ្លើង​ (Locomotives​) ពី​ប្រទេស​អូស្ត្រាលី​ចំនួន១១គ្រឿង​ ដែល​មានតម្លៃ​ជាង១១លាន​ដុល្លា​អាមេរិក​ និង​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ម៉ិកស៊ីកូ​ចំនួន៣គ្រឿង​ សម្រាប់​បម្រើ​តម្រូវការ​គម្រោង​សម្បទាន​ផ្លូវដែក​ នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ ស្របតាម​ចំណារ​របស់​សម្ដេច​ តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here