ដោយ វុត្ថា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បាននឹងកំពុងស្ថិតនៅក្នុងកំពូលតារាង ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ខណៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ឈរនៅលំដាប់លេខរៀងបន្ទាប់។
សម្តេចតេជោ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ។ សម្តេចបន្តថា ពិតហើយប្រទេសខ្លះទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសយើង តែអ្នកខ្លះក៏មិនទទួលស្គាល់ពីវឌ្ឍនភាពយើងដែរ។
-->
សម្តេចតេជោហ៊ុន សែនបានបន្តថា “គេទទួលស្គាល់ ឬ មិនទទួលស្គាល់គឺជារឿងរបស់គេ តែរឿងអ្វីដែលសំខាន់ជាងគេនោះ យើងត្រូវប្រឹងដោយខ្លួនឯង ងើបឈរឡើងជំនះបញ្ហាទាំងឡាយដោយខ្លួនឯង ដែលជាឧបសគ្គនៅចំពោះមុខរបស់យើង តាមរយៈខិតខំរួមគ្នាដើម្បីធ្វើឱ្យការងាររបស់យើង កាន់តែប្រសើរឡើង ប្រសិទ្ធិភាព ដែលនាំអោយមានការរីកចំរើនខាងវិស័យសេដ្ឋកិច្ច និងសង្គម កំនើនសេដ្ឋកិច្ចត្រូវតែខិតខំរក្សា”។
សម្តេចបន្ថែមថា “ថ្មីៗនេះ ADB បានចេញការព្យាករណ៍មកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងចំណោម បណ្តាប្រទេសអាស៊ានគឺនៅខ្ពស់ជាងគេ គឺ៧ភាគរយជាលេខរៀងទី១ វៀតណាមទី២ក្រោម៧ភាគរយ យើងត្រូវបន្តខិតខំ យើងមិនអាចទទួលកំណើនសេដ្ឋកិច្ច៧ភាគរយបានទេ បើអភិបាលកិច្ចស្មោករោគ”។
កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិចនៅឆ្នាំនេះធៀបនឹងឆ្នាំ ២០១៨ ប៉ុន្តែស្ថិតក្នុងកម្រិតកំណើនខ្ពស់ និងរឹងមាំ ខណៈរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកន្លងមកថា កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ច៧ ភាគរយនៅឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៨ ADB បានឲ្យដឹងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចរហូតដល់ ៧,៣ភាគរយ ដែលគាំទ្រដោយកំណើនដ៏ខ្ពស់នៃការនាំចេញ ភាពរឹងមាំនៃវិស័យទេសចរណ៍ និងការបន្តហូរចូលនៃវិនិយោគដោយផ្ទាល់ពីបរទេស (FDI)។
ស្របពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន និងប្រទេសចិន ដែលជាគោលដៅចម្បងសម្រាប់ការនាំចេញរបស់កម្ពុជា ត្រូវបានព្យាករថានឹងថយចុះជាងមុន ADB បានព្យាករថា កត្តានេះទំនងជាធ្វើឲ្យសម្ទុះកំណើន នៃការនាំចេញរបស់កម្ពុជា និងកំណើនចំនួនភ្ញៀវទេសចរមានកម្រិតទាបជាងឆ្នាំមុន។ ដូច្នេះកំណើនសេដ្ឋកិច្ចត្រូវបានមើលឃើញថា នឹងថយមកនៅ៧ភាគរយនៅឆ្នាំនេះ និង៦,៨ភាគរយក្នុងឆ្នាំ២០២០៕