សម្តេច​តេជោ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិតនៅ​លំដាប់​កំពូល​តារាង​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​

0
សម្ដេចតេជោ ហ៊ុន សែន

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​គូសបញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ បាន​នឹង​កំពុង​ស្ថិតនៅ​ក្នុង​កំពូល​តារាង​ ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ខណៈ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ ឈរ​នៅ​លំដាប់​លេខរៀង​បន្ទាប់​។

សម្តេច​តេជោ​ បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ វិទ្យា​សា​ស្រ្ដនគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ថ្នាក់​បរិញ្ញាបត្រ​ និង​វិញ្ញាបនបត្រ​ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន​ និង​សិក្ខាកាម​ជ័យលាភី ១​,៤៦៥នាក់​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នា​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩នេះ​។ សម្តេច​បន្ត​ថា​ ពិតហើយ​ប្រទេស​ខ្លះ​ទទួលស្គាល់​ពី​វឌ្ឍនភាព​របស់​ប្រទេស​យើង​ តែ​អ្នកខ្លះ​ក៏​មិន​ទទួលស្គាល់​ពី​វឌ្ឍនភាព​យើង​ដែរ​។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ “គេ​ទទួលស្គាល់​ ឬ មិន​ទទួលស្គាល់​គឺជា​រឿង​របស់​គេ​ តែ​រឿង​អ្វី​ដែល​សំខាន់​ជាងគេ​នោះ​ យើង​ត្រូវ​ប្រឹង​ដោយខ្លួនឯង​ ងើបឈរ​ឡើង​ជំនះ​បញ្ហា​ទាំងឡាយ​ដោយខ្លួនឯង​ ដែល​ជា​ឧបសគ្គ​នៅចំពោះមុខ​របស់​យើង​ តាមរយៈ​ខិតខំ​រួមគ្នា​ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​យើង​ កាន់តែ​ប្រសើរ​ឡើង​ ប្រសិទ្ធិ​ភាព​ ដែល​នាំ​អោយ​មានការ​រីក​ចំរើន​ខាង​វិស័យ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​កំនើន​សេដ្ឋកិច្ច​ត្រូវតែ​ខិតខំ​រក្សា​”។

សម្តេច​បន្ថែម​ថា​ “ថ្មី​ៗនេះ ADB ​បាន​ចេញ​ការព្យាករណ៍​មក​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងចំណោម​ បណ្តា​ប្រទេស​អាស៊ាន​គឺ​នៅ​ខ្ពស់​ជាងគេ​ គឺ៧ភាគរយ​ជា​លេខរៀង​ទី១​ វៀតណាម​ទី២ក្រោម៧ភាគរយ​ យើង​ត្រូវ​បន្ត​ខិតខំ​ យើង​មិន​អាច​ទទួល​កំណើន​សេដ្ឋកិច្ច៧ភាគរយ​បានទេ​ បើ​អភិបាលកិច្ច​ស្មោក​រោគ​”។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​មានការ​ថមថយ​បន្តិច​នៅ​ឆ្នាំនេះ​ធៀប​នឹង​ឆ្នាំ​ ២០១៨​ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​កំណើន​ខ្ពស់​ និង​រឹងមាំ​ ខណៈ​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ចេញផ្សាយ​កន្លងមក​ថា​ កម្ពុជា​នឹង​មាន​អត្រាកំណើន​សេដ្ឋកិច្ច៧​ ភាគរយ​នៅ​ឆ្នាំ២០១៩​។

កាលពី​ឆ្នាំ២០១៨​ ADB ​បាន​ឲ្យដឹង​ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រហូតដល់​ ៧,៣ភាគរយ​ ដែល​គាំទ្រ​ដោយ​កំណើន​ដ៏​ខ្ពស់​នៃ​ការនាំចេញ​ ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍​ និង​ការ​បន្ត​ហូរ​ចូល​នៃ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ​(FDI​)។

ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​ និង​ប្រទេស​ចិន​ ដែល​ជាគោល​ដៅ​ចម្បង​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​នឹង​ថយ​ចុះ​ជាង​មុន​ ADB​ បាន​ព្យាករ​ថា​ កត្តា​នេះ​ទំនងជា​ធ្វើឲ្យ​សម្ទុះ​កំណើន​ នៃ​ការនាំចេញ​របស់​កម្ពុជា​ និង​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​មានកម្រិត​ទាប​ជាង​ឆ្នាំមុន​។ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​មើលឃើញ​ថា​ នឹង​ថយ​មក​នៅ៧ភាគរយ​នៅ​ឆ្នាំនេះ​ និង៦​,៨ភាគរយ​ក្នុង​ឆ្នាំ២០២០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here