ដោយ វុត្ថា
មីយ៉ាន់ម៉ាៈ រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) មានចំនួន ២៣០០ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ នេះ ដែលបានកើនឡើង៧៧ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែចំនួន ១,៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
យោងតាមស្ថិតិពីនាយកដ្ឋានវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុនបានឱ្យដឹងនៅដើមខែនេះថា ប្រទេសសិង្ហបុរីគឺជាប់ក្នុងចំណាត់ថ្នាក់លេខរៀងទី១ដែលបានវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ដែលមានទំហំទឹកប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិក និងមានគម្រោងវិនិយោគចំនួន១៣ និងប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ ៣៣០លានដុល្លារ និងមានគម្រោងវិនិយោគចំនួន ៦០គម្រោង។
-->
វិស័យឧស្សាហកម្មសំណង់ ដឹកជញ្ជូន និងគមនាគមន៍ ទទួលបានការវិនិយោគច្រើនបំផុតដែលមានទឹកប្រាក់ចំនួន១ពាន់លានដុល្លារ ។ រោងចក្រទទួលការវិនិយោគចំនួន៨០០លានដុល្លារ ខណៈដែលវិស័យសេវាកម្មទទួលបាន ១៦០លានដុល្លារ។ វិស័យសណ្ឋាគារ និងទេសចរណ៍ក៏ដូចជាឧស្សាហកម្មបសុសត្វ និងនេសាទមានទឹកប្រាក់ចំនួន ១៣០លានដុល្លារ។
ធនាគារពិភពលោកនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពី ប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលមធ្យមដែលត្រូវបានគាំទ្រដោយការងើបឡើងវិញបន្តិចម្តងៗ នៅក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពខ្ពស់ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានធ្វើសេរីភាវូបនីយកម្ម។ ក្នុងចំណោមនោះសេវាកម្មធនាគារ និងហិរញ្ញវត្ថុរួមទាំងការធានារ៉ាប់រង នឹងមានការរីកចម្រើន។
ធនគារពិភពលោករំពឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងត្រូវអនុវត្តន៍រួមទាំងការសាងសង់ច្រករបៀងសេដ្ឋកិច្ច រួមជាមួយនឹងការអនុវត្តគម្រោងថាមពល និងដឹកជញ្ជូន។ សន្ទុះកំណើននៅក្នុងវិស័យផលិតកម្មក៏នឹងបន្តរីកចំរើនទៅមុខទៀតផងដែរ។
លោក U Phyo Min Thein ប្រធានគ្រប់គ្រងវិនិយោគទីក្រុង Yangon បានឱ្យដឹងថា ថ្មីៗនេះប្រទេសមីយ៉ាន់ម៉ា បានបង្កើនសកម្មភាពដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការរៀបចំវេទិកាលើកកម្ពស់ការវិនិយោគ នៅក្នុងទីក្រុងយ៉ាំងហ្គន តំបន់តានីនថារី រដ្ឋរ៉ាឃីន និងរដ្ឋឈិន។
លោកបន្តថា “យើងកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតដែលជាអាទិភាពរបស់យើង”៕