មីយ៉ាន់ម៉ា​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទឹកប្រាក់​ចំនួន​ ២៣​00​ពាន់​លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

មី​យ៉ាន់​ម៉ាៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) មាន​ចំនួន ២៣០០ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ ដែល​បាន​កើនឡើង៧៧ភាគរយ​បើ​ប្រៀបធៀប​ ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មានត្រឹមតែ​ចំនួន ១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

យោង​តាម​ស្ថិតិ​ពី​នាយកដ្ឋាន​វិនិយោគ​ និង​គ្រប់គ្រង​ក្រុមហ៊ុន​បានឱ្យ​ដឹង​នៅដើមខែនេះ​ថា​ ប្រទេស​សិង្ហបុរី​គឺ​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខរៀង​ទី១ដែល​បាន​វិនិយោគ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ និង​មាន​គម្រោង​វិនិយោគ​ចំនួន១៣​ និង​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី២​ ដោយមាន​ទឹកប្រាក់​ ៣៣០លាន​ដុល្លារ​ និង​មាន​គម្រោង​វិនិយោគ​ចំនួន ៦០គម្រោង​។

វិស័យ​ឧស្សាហកម្ម​សំណង់​ ដឹកជញ្ជូន​ និង​គមនាគមន៍​ ទទួល​បានការ​វិនិយោគ​ច្រើន​បំផុត​ដែល​មាន​ទឹកប្រាក់​ចំនួន១ពាន់​លាន​ដុល្លារ​ ។ រោងចក្រ​ទទួលការ​វិនិយោគ​ចំនួន៨០០លាន​ដុល្លារ​ ខណៈ​ដែល​វិស័យ​សេវាកម្ម​ទទួល​បាន ១៦០លាន​ដុល្លារ​។ វិស័យ​សណ្ឋាគារ​ និង​ទេសចរណ៍​ក៏ដូចជា​ឧស្សាហកម្ម​បសុសត្វ​ និង​នេសាទ​មាន​ទឹកប្រាក់​ចំនួន ១៣០លាន​ដុល្លារ​។

ធនាគារពិភពលោក​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ស្តី​ពី​ ប្រទេស​មីយ៉ាន់ម៉ា​បានឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងរយៈពេល​មធ្យម​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ នៅក្នុង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផលិតភាព​ខ្ពស់​ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សេរី​ភាវូបនីយកម្ម​។ ក្នុងចំណោម​នោះ​សេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​រួម​ទាំង​ការធានា​រ៉ាប់រង​ នឹង​មានការ​រីកចម្រើន​។

ធន​គារ​ពិភពលោក​រំពឹង​ថា​ គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ នឹង​ត្រូវ​អនុវត្តន៍​រួម​ទាំង​ការសាងសង់​ច្រករបៀង​សេដ្ឋកិច្ច​ រួម​ជាមួយនឹង​ការអនុវត្ត​គម្រោង​ថាមពល​ និង​ដឹកជញ្ជូន​។ សន្ទុះ​កំណើន​នៅក្នុង​វិស័យ​ផលិតកម្ម​ក៏​នឹង​បន្ត​រីក​ចំរើន​ទៅមុខ​ទៀតផង​ដែរ​។

លោក​ U Phyo​ Min​ Thein​ ប្រធាន​គ្រប់គ្រង​វិនិយោគ​ទីក្រុង ​Yangon​ បានឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​បង្កើន​សកម្មភាព​ដើម្បី​ទាក់ទាញ​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ តាមរយៈ​ការរៀបចំ​វេទិកា​លើកកម្ពស់​ការ​វិនិយោគ​ នៅក្នុង​ទី​ក្រុ​ងយ៉ាំងហ្គន​ តំបន់​តា​នីន​ថា​រី​ ​រដ្ឋ​រ៉ា​ឃីន​ និង​រដ្ឋ​ឈិន​។

លោក​បន្ត​ថា​ “យើង​កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​ដែល​ជាអាទិភាព​របស់​យើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here