ដោយ Donald lee
ភ្នំពេញៈ របាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរកឃើញថា កម្ពុជា ឡាវ និងវៀតណាម ជាប្រទេសមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។
ត្រាកំណើនសេដ្ឋកិច្ច៧ភាគរយរបស់ប្រទេសកម្ពុជា បាននាំមុខគេលើសមាជិកអាស៊ានទាំងអស់ បន្ទាប់មកគឺប្រទេសឡាវមានកំណើន ៦,៨ ភាគរយ និងប្រទេសវៀតណាមមានអត្រាកំណើន៦,៥ ភាគរយ។
-->
សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ជាទូទៅនៅតែរឹងមាំដដែល ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ីបានកែប្រែការព្យាករណ៍របស់ខ្លួនទាបជាងមុនបន្តិច ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសអាស៊ាន ដែលពឹងផ្អែកលើពាណិជ្ជកម្មដូចជា សឹង្ហបូរី។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូ ADB បាននិយាយនៅក្នុងរបាយការណ៍ថា “ទោះបីជម្លោះពាណិជ្ជកម្មនៅតែបន្ត ក៏តំបន់នេះត្រូវបានកំណត់ថា នឹងរក្សាបាននូវកំណើនរឹងមាំ ប៉ុន្តែមានកម្រិតមធ្យម”។
លោក Yasuyuki បានបន្ថែមថា “ទោះយ៉ាងណារហូតដល់មានកិច្ចព្រមព្រៀងរវាងប្រទេសដែលមានសេដ្ឋកិច្ច ធំទាំងបំផុតទាំងពីរនៅលើពិភពលោក ភាពមិនប្រាកដប្រជានឹងបន្តអាចកើតមានលើទស្សនវិស័យក្នុងតំបន់”។
សេដ្ឋកិច្ចវៀតណាម នៅតែមានកំណើនខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ដោយការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសបានកើនឡើង២៧ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
វៀតណាម និងប្រទេសកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដោយសារក្រុមហ៊ុនផលិតកម្ម កំពុងធ្វើចំណាកស្រុកពីប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីជៀសវាងពន្ធសម្រាប់ទំនិញចូលទីផ្សារអាមេរិក។
អាមេរិកគឺជាទីផ្សារធំបំផុតទី២របស់កម្ពុជា ដែលទទួលបានការធ្វើពាណិជ្ជកម្មសេរីក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានលក្ខណៈទូទៅ (GSP)។
ពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាបានកើនឡើងដល់ជាង១ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំនេះ។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ១,១២ ពាន់លានដុល្លារទៅកាន់អាមេរិកចាប់ពីខែ មករា ដល់ខែមីនា បើធៀបនឹងការនាំចេញកាលពីឆ្នាំមុន ក្នុងរយៈពេលដូចគ្នាមានទឹកប្រាក់៩០៣,៦លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទំហំទឹកប្រាក់ប្រមាណ៣,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្រុមហ៊ុនដូចជា ក្រុមហ៊ុន Nike Inc និងក្រុមហ៊ុន Lululemon Athletica Inc ក្រុមហ៊ុន Eclat Textile Co ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សង្វាក់ផលិតកម្ម កំពុងស្វែងរកផែនការបង្កើតមូលដ្ឋានរោងចក្រដែលមានសក្តានុពលនៅកម្ពុជា ហើយគ្រោងនឹងវិនិយោគទឹកប្រាក់៨០លានដុល្លារ សម្រាប់ខ្សែសង្វាក់ផលិតកម្មចំនួន១២០ ដើម្បីចៀសវាងពន្ធគយអាមេរិកលើទំនិញដែលមានប្រភពមកពីចិន។
ក្រុមហ៊ុន Eclat បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៦ ដែលលក្ខខណ្ឌផលិតកម្មមានតម្លៃទាប និងប្រសើរជាងមុន។ ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានរីករាលដាលដល់ប្រទេសវៀតណាមកាលពីខែមុន ក្រុមហ៊ុននេះត្រូវបានរំពឹងថា នឹងធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួនដើម្បីឆ្លើយតបនឹងការដំឡើងពន្ធអាមេរិក ទៅលើទំនិញវៀតណាមផងដែរ។
ប្រធានក្រុមហ៊ុន Eclat លោក Hung Cheng-hai បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា “អតិថិជនក៏ចង់អោយយើងធ្វើពិពិធកម្មហានិភ័យ និងមិនចង់អោយមានមូលដ្ឋានផលិតកម្ម ស្ថិតនៅក្នុងប្រទេសមួយនោះទេ។ ឥឡូវនេះផលិតសម្លៀកបំពាក់៥០ភាគរយរបស់យើង ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ដូច្នេះយើងមិនមានការធ្វើពិពិធកម្មនោះទេ”៕