កម្ពុជា​ វៀតណាម​ ជា​ប្រទេស​ពីរ​នៅក្នុង​អាស៊ាន​ដែល​មានការ​រីកចម្រើន​លឿន​បំផុត​ក្នុង​ឆ្នាំ២០១៩​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ របាយការណ៍​ចុងក្រោយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​រក​ឃើញថា​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ជា​ប្រទេស​មាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ខ្ពស់​ជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

ត្រា​កំណើន​សេដ្ឋកិច្ច៧ភាគរយ​របស់​ប្រទេស​កម្ពុជា​ បាន​នាំមុខ​គេ​លើស​មា​ជិ​កអាស៊ាន​ទាំងអស់​ បន្ទាប់មក​គឺ​ប្រទេស​ឡាវ​មាន​កំណើន ៦​,៨ ភាគរយ​ និង​ប្រទេស​វៀតណាម​មាន​អត្រាកំណើន៦​,៥ ភាគរយ​។

សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ជាទូទៅ​នៅតែ​រឹងមាំ​ដដែល​ ប៉ុន្តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​កែប្រែ​ការព្យាករណ៍​របស់​ខ្លួន​ទាប​ជាង​មុន​បន្តិច​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដូចជា​ សឹង្ហ​បូរី​។

លោក​ Yasuyuki​ Sawada​ ប្រធាន​សេដ្ឋវិទូ ​ADB​ បាន​និយាយ​នៅក្នុង​របាយការណ៍​ថា​ “ទោះបី​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​បន្ត​ ក៏​តំបន់​នេះ​ត្រូវ​បាន​កំណត់​ថា​ នឹង​រក្សា​បាន​នូវ​កំណើន​រឹងមាំ​ ប៉ុន្តែ​មានកម្រិត​មធ្យម​”។

លោក​ Yasuyuki​ បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​រហូតដល់​មាន​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ ធំ​ទាំង​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​ ភាព​មិន​ប្រាកដប្រជា​នឹង​បន្ត​អាច​កើតមាន​លើ​ទស្សនវិស័យ​ក្នុង​តំបន់​”។

សេដ្ឋកិច្ច​វៀតណាម​ នៅតែ​មាន​កំណើន​ខ្លាំង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ប្រទេស​បាន​កើនឡើង២៧​ ភាគរយ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។

វៀតណាម​ និង​ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ដោយសារ​ក្រុមហ៊ុន​ផលិតកម្ម​ កំពុង​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ជៀសវាង​ពន្ធ​សម្រាប់​ទំនិញ​ចូល​ទីផ្សារ​អាមេរិក​។

អាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​ទី២របស់​កម្ពុជា​ ដែល​ទទួល​បានការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ទូទៅ ​(GSP​)។

ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​កម្ពុជា​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំនេះ​។ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ១​,១២​ ពាន់​លាន​ដុល្លារ​ទៅកាន់​អាមេរិក​ចាប់ពី​ខែ​ មករា​ ដល់​ខែមីនា​ បើ​ធៀប​នឹង​ការនាំចេញ​កាលពី​ឆ្នាំមុន​ ក្នុងរយៈពេល​ដូចគ្នា​មាន​ទឹកប្រាក់៩០៣​,៦លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៣​,៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ដូចជា​ ក្រុមហ៊ុន​ Nike​ Inc​ និង​ក្រុមហ៊ុន​ Lululemon​ Athletica​ Inc​ ក្រុមហ៊ុន​ Eclat​ Textile​ Co​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​ កំពុង​ស្វែងរក​ផែនការ​បង្កើត​មូលដ្ឋាន​រោងចក្រ​ដែល​មាន​សក្តា​នុ​ពល​នៅ​កម្ពុជា​ ហើយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់៨០លាន​ដុល្លារ​ សម្រាប់​ខ្សែ​សង្វាក់​ផលិតកម្ម​ចំនួន១២០​ ដើម្បី​ចៀសវាង​ពន្ធគយ​អាមេរិក​លើ​ទំនិញ​ដែល​មាន​ប្រភព​មក​ពី​ចិន​។

ក្រុមហ៊ុន​ Eclat​ បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០១៦​ ដែល​លក្ខខណ្ឌ​ផលិតកម្ម​មានតម្លៃ​ទាប​ និង​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​កាលពី​ខែមុន​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ការដំឡើង​ពន្ធ​អាមេរិក​ ទៅលើ​ទំនិញ​វៀតណាម​ផង​ដែរ​។

ប្រធាន​ក្រុមហ៊ុន​ Eclat​ លោក​ Hung​ Cheng​-hai​ បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “អតិថិជន​ក៏​ចង់​អោយ​យើង​ធ្វើ​ពិពិធ​កម្ម​ហានិភ័យ​ និង​មិន​ចង់​អោយ​មាន​មូលដ្ឋាន​ផលិតកម្ម​ ស្ថិតនៅ​ក្នុង​ប្រទេស​មួយ​នោះ​ទេ​។ ​ឥឡូវនេះ​ផលិត​សម្លៀកបំពាក់៥០ភាគរយ​របស់​យើង​ ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​ ដូច្នេះ​យើង​មិន​មានការ​ធ្វើ​ពិពិធ​កម្ម​នោះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here