ដោយ ម៉ាណេត
ភ្នំពេញ៖ ខណៈមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ លើសតម្រូវការនៃគម្រោងខុនដូខ្ពស់ៗទំនើប ខុនដូដែលមានតម្លៃសមរម្យ កំពុងមានប្រជាប្រិយភាពសម្រាប់អតិថិជន ក្នុងស្រុក ស្របពេលមានការផ្លាស់ប្តូរការរស់នៅ តាមបែបផែនស៊ីវីល័យរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។
នាយិកាប្រតិបត្តិក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍កាលពីថ្មីៗនេះថា ទីផ្សារក្នុងស្រុកកំពុងចាប់ផ្តើមបង្ហាញសក្តានុពលកាន់តែច្រើន។ តំបន់សែនសុខ ដែលមាន AEON2 និងសាលារៀននិងជាទីតាំងល្អសម្រាប់គ្រួសារ ក្នុងស្រុកវ័យក្មេងមានចាប់អារម្មណ៍ខ្លាំងសម្រាប់ការវិនិយោគ ដោយអ្នកអភិវឌ្ឍន៍ខុនដូដែលមានតំលៃសមរម្យ។
-->
លោកស្រីបន្តថា “អ្នកវិនិយោគក្នុងស្រុក កំពុងវិនិយោគនៅក្នុងខុនដូនៅទីនេះសម្រាប់កូនៗរបស់ពួកគាត់ដែលកំពុងធ្វើការ ឬសិក្សានៅបរទេស។ លោកស្រីបន្ថែមថា “ ពួកគាត់រំពឹងថា ពួកគេនឹងវិលត្រលប់មកប្រទេសវិញ និងចាប់ផ្ដើមគ្រួសារនៅក្បែរទីប្រជុំជនដែលជាទម្លាប់រស់នៅរបស់ពួកគេ ដោយសារមានទម្លាប់រស់នៅជាច្រើនឆ្នាំនៅបរទេស។
ចំនួនយូនីតខុនដូនៅក្នុងរាជធានីភ្នំពេញ អាចនឹងកើន ៣៥,០០០យូនីតនៅដំណាច់ឆ្នាំនេះ ស្មើនឹងកំនើន ១២០ភាគរយបើធៀបនឹងឆ្នាំមុន។
យោងតាមលោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទីផ្សារកម្ពុជាមិនទាន់មានការផ្លាស់ប្តូរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Hodge បានថ្លែងថា មិនមានសកម្មភាពធ្លាក់ចុះណាមួយគួរឱ្យកត់សម្គាល់ទេ ព្រោះពេលនេះធៀបកាលពីឆ្នាំមុនទីផ្សារនៅតែធម្មតាដូចកាលពីមុន។
លោក Hodge បានឲ្យដឹងបន្តថា “ការអភិវឌ្ឍន៍អចលនទ្រព្យបែបទំនើបជាធម្មតាជាការវិនិយោគរួមរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនបរទេសដែលមានទ្រព្យសម្បត្តិច្រើនដែលអាស្រ័យលើការកំណត់គោលដៅ គុណភាព និងការយកចិត្តទុកដាក់ទីផ្សារដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រើ។

លោកបន្តថា “ការទិញខុនដូជាទូទៅគឺជារឿងធម្មតា ហើយជារឿយៗវានឹងកើតឡើងនៅក្នុងគម្រោងធំៗ ដែលអ្នកអភិវឌ្ឍន៍គួរតែមានវិសាលភាពបន្ថែមទៀត ដើម្បីកែសម្រួលតម្លៃដើម្បីទាក់ទាញអ្នកទិញច្រើន ប៉ុន្តែវាក៏អាចកើតឡើងនៅក្នុងការអភិវឌ្ឍតូចតាចដែរ ប្រសិនបើគោលដៅរបស់អ្នកទិញ ស្របតាមការផ្តល់ជូនវិនិយោគរបស់ការអភិវឌ្ឍន៍នោះ”៕