ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រទេសជប៉ុន Nomura Real Estate បានប្រកាសទិញអគារការិយាល័យ (Zen Plaza office) តម្លៃ ៣០០ពាន់លានយ៉េន ស្មើនឹង ២,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងហូជីមីញប្រទេសវៀតណាម ក្នុងគោលដៅបង្កើនការវិនិយោគអចលនទ្រព្យក្នុងតំបន់អាស៊ី។

-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន APAC Real Estate កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩នេះថា អគារការិយាល័យនេះមានកំពស់ ១៤ជាន់ និងនៅលើទំហំដីប្រមាណ ១១,៧០០ ម៉ែត្រឡា ដែលត្រូបានសាងសង់នៅជិតតំបន់ពាណិជ្ជកម្ម ក្នុងទីក្រុងហូជីមីញរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Nomura បានឱ្យដឹងថា ប្រតិបត្តិការទិញនេះ គឺជាសកម្មភាពចុងក្រោយនៅក្នុងមហិច្ឆតា ពង្រីកអាជីវកម្មនៅក្រៅប្រទេសរបស់ខ្លួន ដែលបានប្រកាសពីផែនការកាលពីមេសា ដើម្បីវិនិយោគលើអចលនទ្រព្យនៅបរទេសក្នុងរយៈពេល ៩ឆ្នាំខាងមុខ។
ក្រុមហ៊ុននេះបន្តថា កិច្ចព្រមព្រៀងទិញនេះ ត្រូវបានធ្វើឡើងនៅពេលដែលតម្រូវការការិយាល័យលំដាប់ A មានកម្រិតលើសការផ្គត់ផ្គង់នៅក្នុងទីក្រុងហូជីមីញ ដោយជំរុញឱ្យមានការកើនឡើង នៃការជួលជាមធ្យមក្នុងអត្រាពី ២% ទៅ ២,៥% ក្នុងមួយត្រីមាសថ្មីៗនេះ។
អគារ Zen Plaza នៅតាមបណ្តោយផ្លូវ Nguyen Trai ក្នុងសង្កាត់លេខ១ ដែលជាតំបន់ពាណិជ្ជកម្ម ដែលភាគច្រើនគ្រប់គ្រង់ដោយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបរទេសជាច្រើនផ្សេងទៀត។
មុនពេលទិញអគារនេះ ក្រុមហ៊ុន Nomura បានទិញគម្រោងអគារពហុមុខងារ Sun Wah Tower និងបានចូលរួមក្នុងគម្រោងអគារខុនដូ Midtown Phu My Hung ក្នុងទីក្រុងហូជីមីញផងដែរ។
ទីផ្សារការិយាល័យនៅក្នុងក្រុងហូជីមីញ ត្រូវបានកាន់កាប់ជិតអស់ហើយដោយគិតជាមធ្យមក្នុងចំណោមអគារការិយាល័យ លំដាប់Aមានចំនួន៩៥% និងអគារការិយាល័យកម្រិត B ប្រមាណ ៨៨%។
ក្រុមហ៊ុនអចលនទ្រព្យជប៉ុនNomura កំពុងស្វែងរកការវិនិយោគបន្ថែមទៀតនៅក្នុងទីក្រុងហូជីមីញនេះ ដោយបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុកកាលពីដើមឆ្នាំនេះដែលជាទីក្រុងទី៥ នៅអាស៊ីបន្ទាប់ពីទីក្រុងប៉េកាំង ហុងកុង សិង្ហបុរី និងថៃ។

ស្ថិតក្រោមការពង្រីកនេះក្រុមហ៊ុន Nomura គ្រោងនឹងវិនិយោគបន្ថែមលើវិស័យអចលនទ្រព្យនៅក្នុងទីក្រុងបាងកក ទីក្រុង Shenyang ទីក្រុង Manila និងទីតាំងផ្សេងទៀតក្នុងតំបន់អាស៊ីនេះ។
ក្រុមហ៊ុនអចលនទ្រព្យ Nomura មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូប្រទេសជប៉ុនហើយមាននិយោជិកជិត៧០០០នាក់ និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៅក្នុងទីក្រុងតូក្យូផងដែរ៕