ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចជាច្រើនកំពុងតែបើកទ្វារចំហ រង់ចាំស្វាគមន៍ការចូលខ្លួញនរបស់បណ្តាធុរជននានាមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈដែលនៅត្រឹមរយៈពេល ៦ខែ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចផ្តល់អជ្ញាប័ណ្ណចំនួន ៤៣គម្រោង ធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានបង្ហាញថា នៅត្រឹមរយៈពេល៦ខែ នៃឆ្នាំ២០១៩ កន្លងទៅនេះ តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ នៅក្នុងចំណោមគម្រោងទាំង ១៥៣ខាងលើនេះ មានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៥១៨១ លានដុល្លារអាចបង្កើតការងារបានជាង ១៦៧,៣៣០កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ការកើនឡើងនូវចំនួនទុនវិនិយោគសរុបនៅកម្ពុជា ទៅលើគម្រោងទាំងអស់ដូចការលើកឡើងខាងលើនេះ នៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការរស់រដ្ឋាភិបាលនៅឡើយនោះទេ។
លោកឧកញ៉ាបានបន្តទៀតថា “ជាការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាឱ្យចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវគោលនយោបាយផ្ទៃក្នុងជាច្រើន បន្ថែមពីលើការអនុគ្រោះពន្ធ និងកាត់បន្ថនីតិវិធីក្នុងការនាំចេញផលិតផលសម្រេចចេញទៅកាន់ទីផ្សារលើសាកលលោក។
លោកឧកញ៉ាបានបន្តទៀតថា “គ្រប់បណ្តាក្រុមហ៊ុនដែលចូលខ្លួនមកកាន់តំបន់សេដ្ឋកិច្ចទាំងអស់នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែមានសិទ្ធិគ្រប់គ្រងទៅលើភាគហ៊ុន ឬទុនវិនិយោគសរុប។ លោកឧកញ៉ាបញ្ជាក់ថា “អ្វីដែលសំខាន់នោះគឺ ក្រុមហ៊ុនត្រូវបានអនុគ្រោះពន្ធលើប្រាក់ចំណេញ១០០ភាគរយក្នុងរយៈពេលចាប់ពី៣-៩ឆ្នាំ ខណៈដែលការនាំចូលសម្ភារៈ និងវត្ថុធាតុដើមសម្រាប់កែច្នៃធ្វើការនាំចេញក៏មិនត្រូវបានបង់ពន្ធ១០០ភាគរយ ហើយនីតិវិធីក្នុងការបំពេញបែបបទឯកសារត្រូវបានបំបាត់ចោលជាច្រើនដំណាក់កាល” ។
ភាគច្រើន ក្រុមហ៊ុនដែលចូលខ្លួនទៅកាន់តំបន់សេដ្ឋកិច្ចពិសេសរួមមានដូចជារោងចក្រកាត់ដេរ រោងចក្រស្បែកជើង រោងចក្រកាបូប រួមជាមួយនឹងរោងផលិតសម្ភារៈប្រើប្រាស់មួយចំនួនទៀតតម្រូវនាំចេញទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារអឺរ៉ុប ត្បិតទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសទាំងអស់សុទ្ធតែស្ថិតនៅជិតតំបន់ច្រកទ្វារព្រំដែន និងកំពង់ផែទឹកជ្រៅ ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន ៕