ធនាគារធំៗនៅ​អាស៊ី​ចាប់ផ្តើម​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ខណៈ បារម្ភ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក

0

ដោយ Donald Lee

ភ្នំពេញៈ ធនាគារកណ្តាល​ប្រទេស​ថៃ ណូ​វែ​ល​ហ្សេ​ឡង់ និង​ឥណ្ឌា​បាន​ទម្លាក់​អត្រា​ការប្រាក់​កាលពី​ថ្ងៃ ពុធ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​គំរាមកំហែង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ។

តាមរយៈ​ការទម្លាក់​អត្រា​ការប្រាក់ ធនាគារកណ្តាល​ទាំងនេះ​គ្រោង​នឹង​ជះឥទ្ធិពល​ដល់​ធនាគារ​ពាណិជ្ជកម្ម​ឱ្យ​ផ្តល់ប្រាក់​កម្ចី​ក្នុង​អត្រា​ទាប និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែច្រើន ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច។

ធនាគារកណ្តាល​ថៃ បាន​បោះឆ្នោត​ទម្លាក់​អត្រា​ការប្រាក់​ឱ្យនៅ​ត្រឹម១,៥ ភាគរយ ដែលជា​ការធ្លាក់ចុះ​មួយ​ភាគ​បួន​ភាគរយ។

ធនាគារកណ្តាល​ថៃ បានចេញ​ផ្សាយ​កំណត់ចំណាំ​មួយ ដែល​បាន​បញ្ជាក់ថា ខ្លួន​រំពឹងថា អត្រាកំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ កាន់តែខ្លាំង​ថែមទៀត​នៅ​ឆ្នាំនេះ ដោយសារ​ប្រាក់​បាត​ថៃ​នៅតែ​បន្ត​កើនឡើង ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ច​ដូចជា ការនាំចេញ និង​ទេសចរណ៍។

សេចក្តីថ្លែងការណ៍​គោលនយោបាយ​របស់​ធនា​គារ​កណ្តាល​នេះ បានបង្ហាញ​នៅ​ថ្ងៃ ពុធ នេះ​ថា “គណៈកម្មាធិការ​បាន​វាយតម្លៃថា​សេដ្ឋកិច្ច​ថៃ នឹង​កើនឡើង​ក្នុង​អត្រា​ទាប​ជាង​ការវាយតំ​លៃ​ពីមុន ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ទំនិញ ដែល​បានចាប់ផ្តើម​ប៉ះពាល់​ដល់​តម្រូវការ​ក្នុងស្រុក។

ធនាគារកណ្តាល​នូ​វែ​ល​សេ​ឡង់ និង​ឥណ្ឌា​ក៏បាន​កាត់បន្ថយ​អត្រា​ការប្រាក់​នៅថ្ងៃនេះ​ដែរ។

ប្រទេស​ឥណ្ឌា​បាន​ទម្លាក់​អត្រា​របស់ខ្លួន​មក​នៅត្រឹម ៥,៤ភាគរយ ដែលជា​កម្រិត​ទាប​បំផុត​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ ខណៈដែល​ខ្លួន​ព្យាយាម​ដោះស្រាយ​ជាមួយនឹង​ការថយចុះ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប។

សេដ្ឋកិច្ច​ឥណ្ឌា​ធ្លាក់ចុះ ដែលមាន​ធ្លាប់មាន​គិត​ត្រឹម​ខែមីនា​ឆ្នាំនេះ ក្នុង​រយៈពេល៥ ឆ្នាំ ដោយមាន​អត្រាកំណើន​ត្រឹមតែ៥,៨ភាគរយ។

ធនាគារកណ្តាល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ក៏បាន​ទម្លាក់​អត្រា​ការប្រាក់​របស់ខ្លួន​ទៅជា​អត្រា​គួរឱ្យភ្ញាក់ផ្អើល​មួយ​គឺ​ត្រឹម​មួយ​ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here