ដោយ Donald Lee
ភ្នំពេញៈ ធនាគារកណ្តាលប្រទេសថៃ ណូវែលហ្សេឡង់ និងឥណ្ឌាបានទម្លាក់អត្រាការប្រាក់កាលពីថ្ងៃ ពុធដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ នៅពេលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនគំរាមកំហែងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
តាមរយៈការទម្លាក់អត្រាការប្រាក់ ធនាគារកណ្តាលទាំងនេះគ្រោងនឹងជះឥទ្ធិពលដល់ធនាគារពាណិជ្ជកម្មឱ្យផ្តល់ប្រាក់កម្ចីក្នុងអត្រាទាប និងជំរុញឱ្យខ្ចីកាន់តែច្រើន ដើម្បីបង្កើនចរាចរប្រាក់នៅក្នុងសេដ្ឋកិច្ច។
ធនាគារកណ្តាលថៃ បានបោះឆ្នោតទម្លាក់អត្រាការប្រាក់ឱ្យនៅត្រឹម១,៥ ភាគរយ ដែលជាការធ្លាក់ចុះមួយភាគបួនភាគរយ។
ធនាគារកណ្តាលថៃ បានចេញផ្សាយកំណត់ចំណាំមួយ ដែលបានបញ្ជាក់ថា ខ្លួនរំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះ កាន់តែខ្លាំងថែមទៀតនៅឆ្នាំនេះ ដោយសារប្រាក់បាតថៃនៅតែបន្តកើនឡើង ដោយធ្វើឱ្យប៉ះពាល់ដល់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចដូចជា ការនាំចេញ និងទេសចរណ៍។
សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ធនាគារកណ្តាលនេះ បានបង្ហាញនៅថ្ងៃ ពុធ នេះថា “គណៈកម្មាធិការបានវាយតម្លៃថាសេដ្ឋកិច្ចថៃ នឹងកើនឡើងក្នុងអត្រាទាបជាងការវាយតំលៃពីមុន ដោយសារតែការធ្លាក់ចុះនៃការនាំចេញទំនិញ ដែលបានចាប់ផ្តើមប៉ះពាល់ដល់តម្រូវការក្នុងស្រុក។
ធនាគារកណ្តាលនូវែលសេឡង់ និងឥណ្ឌាក៏បានកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃនេះដែរ។
ប្រទេសឥណ្ឌាបានទម្លាក់អត្រារបស់ខ្លួនមកនៅត្រឹម ៥,៤ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងមួយទសវត្សចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមដោះស្រាយជាមួយនឹងការថយចុះអត្រាកំណើនផលិតផលក្នុងស្រុកសរុប។

សេដ្ឋកិច្ចឥណ្ឌាធ្លាក់ចុះ ដែលមានធ្លាប់មានគិតត្រឹមខែមីនាឆ្នាំនេះ ក្នុងរយៈពេល៥ ឆ្នាំ ដោយមានអត្រាកំណើនត្រឹមតែ៥,៨ភាគរយ។
ធនាគារកណ្តាលប្រទេសនូវែលហ្សេឡង់ ក៏បានទម្លាក់អត្រាការប្រាក់របស់ខ្លួនទៅជាអត្រាគួរឱ្យភ្ញាក់ផ្អើលមួយគឺត្រឹមមួយភាគរយ៕






