កំណើនសេដ្ឋកិច្ច​កម្ពុជា​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​រ៉ឹង​មាំ​ក្នុងឆ្នាំនេះ

0
កំណើនសេដ្ឋកិច្ច​កម្ពុជា​

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាងថា នឹង​បន​ម្ត​រក្សាបាន​នូវ​កំណើន​ក្នុង​រង្វង់ ៧ភាគរយ សម្រាប់​រយៈពេល​មធ្យម​នាពេលខាងមុខ​បន្តទៀត ភាពជា​វិជ្ជមាន​នេះ កំពុង​ជួយ​ជំរុញ​ការរីកចម្រើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​កាន់តែ​មាន​ភាព​រ៉ឹង​មាំ។

កំណើនសេដ្ឋកិច្ច​កម្ពុជា​

កំណើន​វិនិយោគ និង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​បាននិងកំពុង​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ​ក្នុង​ឆមាស​ទី១ បានបង្ហាញ​ពី​ភាព​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​រាជធានី​ភ្នំ​ដែល​នឹង​បន្ត​ភាព​រីកចម្រើន​សម្រាប់​ឆ្នាំ ២០១៩នេះ។

តួលេខ​វិនិយោគ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៩ បង្ហាញ​ពី​ភាព​វិជ្ជមាន​ជាច្រើន ដែល​គម្រោង​វិនិយោគ​ត្រូវបាន​អនុម័ត​មាន​ចំនួន១៥៣គម្រោង និង​មាន​ទុនវិនិយោគ​ប្រមាណ ៥,២ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨ ដោយ​ចំនួន​គម្រោង​មានការ​កើនឡើង៤៨គម្រោង ខណៈដែល​ទុនវិនិយោគ​មានការ​កើនឡើង​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក។

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ និង​ជំរុញ​សេដ្ឋកិច្ច ស្របពេល​សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម។

អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​អាច​បន្ត​រក្សាបាន​កំនើន​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ។ នេះ​បើ​យោងតាម​របា​ការណ៍​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​បណ្ឌិត​អូន ព័​ន្ឋ​មុនី​រ័ត្ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទោះជា​ប្រឈម​នឹង​បញ្ហា​ខាងក្នុង និង​ខាងក្រៅ​មួយចំនួន ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សាបាន​កំនើន​ក្នុង​រង្វង់៧ភាគរយ សំរាប់​រយៈពេល​មធ្យម​ខាងមុខ​បន្តទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៩ នឹងមិន​ហក់​ឡើង​ខ្ពស់​ខ្លាំង​នោះទេ ប៉ុន្តែ​ផ្នែកសំខាន់ៗនៅក្នុង​វិស័យនេះ នៅតែ​សម្រេចបាន​កំនើន​សមរម្យ​មួយ ដូចជា ផ្នែក​លំនៅដ្ឋាន​នឹង​អាច​សម្រេចបាន ១០ទៅ ១៥ភាគរយ តម្លៃ​ដីធ្លី​អាច​ហក់​ឡើងដល់ ១៥ភាគរយ តម្រូវការ​ការិយាល័យ​អាច​សម្រេចបាន​កំនើន១៥ទៅ២០ភាគរយ។

ចំនែក​ខុន​ដូ នឹង​មានការ​ផ្គង់​ផ្គង់​ចូល​ទីផ្សារ​ច្រើន ហេតុនេះ​តម្លៃ​នឹងមិន​កើនឡើង​នោះទេ តែ​តម្រូវការ​អាច​កើន​ក្នុង​ចន្លោះ៥ទៅ៧ភាគរយ។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ក្នុង​វិស័យនេះ ដោយសារ​តម្លៃ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​នេះ ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ការរីកចម្រើន​ក្នុង​វិស័យនេះ។លោក​បន្តថា “កំនើន​ក្នុង​វិស័យនេះ មាន​សុខភាព​ល្អ​ជាង​មុន ទោះជា​អត្រា​តម្លៃ​ស្ថិតក្នុង​កំនើន​មធ្យម​ក្តី​សម្រាប់​ឆ្នាំ២០១៩ខាងមុខ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗ នេះ​ថា តាម​ការព្យាករណ៍​តម្លៃ​ដីធ្លីនឹង​កើន​ឡើងជា​មធ្យម៧ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​ទំនោរ​នៅក្នុង​ផ្នែក​នេះ នឹងមាន​ការកើនឡើង​ខ្ពស់​ឬ​កើនឡើង​ក្នុង​កម្រិត​ទាប អាស្រ័យ​លើ​តំបន់​នីមួយៗ។

ចំនែក​ផ្នែក​ខុន​ដូ នឹងមាន​ការកើនឡើង​នូវ​ការផ្គត់ផ្គង់​កាន់តែច្រើន ធៀប​នឹង​ឆ្នាំ២០១៨នេះ ប៉ុន្តែ​តម្រូវការ​ក៏​រំពឹង​មាន​សញ្ញា​វិជ្ជមាន​ផងដែរ។

ដោយសារ​ការចូល​មក​ដល់​នៃ​អ្នកវិនិយោគ​អន្តរជាតិ​កាន់តែច្រើន តម្រូវការ​អាគារ​ការិយាល័យ និង​អា​ផាត​ម៉ិ​ន​នឹង​សម្រេច​បាន​​កំនើន​សមស្រប​មួយ​ផងដែរ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​សម្តែង​ភាព​សុទិដ្ឋិនិយម​ផងដែរ ដោយ​លោក​បាន​មានប្រសាសន៍ថា សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ នៅតែមាន​សញ្ញា​វិជ្ជមាន មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ ដោយសារ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង និង​ការរក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ។

លោក​បន្តថា “យ៉ាងណា​ទីផ្សារ​លំនៅដ្ឋាន បានចាប់ផ្តើម​ងាក​ទៅកាន់​ប្រជាជនមាន​ជីវភាព​មធ្យម​កាន់តែច្រើន ខណៈ​ប្រជាជន​ស្ថិតនៅក្នុង​ក្រុម​នេះ​កំពុង​កើនឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here