ដោយ ម៉ាណេត
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា នឹងបនម្តរក្សាបាននូវកំណើនក្នុងរង្វង់ ៧ភាគរយ សម្រាប់រយៈពេលមធ្យមនាពេលខាងមុខបន្តទៀត ភាពជាវិជ្ជមាននេះ កំពុងជួយជំរុញការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកាន់តែមានភាពរ៉ឹងមាំ។

-->
កំណើនវិនិយោគ និងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បាននិងកំពុងបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំក្នុងឆមាសទី១ បានបង្ហាញពីភាពវិជ្ជមានដល់វិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសរាជធានីភ្នំដែលនឹងបន្តភាពរីកចម្រើនសម្រាប់ឆ្នាំ ២០១៩នេះ។
តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន១៥៣គម្រោង និងមានទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ២ពាន់លានដុល្លារអាមេរិក។
វិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញសេដ្ឋកិច្ច ស្របពេលសេដ្ឋកិច្ចនៅតែបន្តភាពរឹងមាំ ដែលគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។
អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានកំនើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ នេះបើយោងតាមរបាការណ៍ចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទោះជាប្រឈមនឹងបញ្ហាខាងក្នុង និងខាងក្រៅមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនក្នុងរង្វង់៧ភាគរយ សំរាប់រយៈពេលមធ្យមខាងមុខបន្តទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ ប៉ុន្តែផ្នែកសំខាន់ៗនៅក្នុងវិស័យនេះ នៅតែសម្រេចបានកំនើនសមរម្យមួយ ដូចជា ផ្នែកលំនៅដ្ឋាននឹងអាចសម្រេចបាន ១០ទៅ ១៥ភាគរយ តម្លៃដីធ្លីអាចហក់ឡើងដល់ ១៥ភាគរយ តម្រូវការការិយាល័យអាចសម្រេចបានកំនើន១៥ទៅ២០ភាគរយ។
ចំនែកខុនដូ នឹងមានការផ្គង់ផ្គង់ចូលទីផ្សារច្រើន ហេតុនេះតម្លៃនឹងមិនកើនឡើងនោះទេ តែតម្រូវការអាចកើនក្នុងចន្លោះ៥ទៅ៧ភាគរយ។
លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដោយសារតម្លៃសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ជាមូលដ្ឋានដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យនេះ។លោកបន្តថា “កំនើនក្នុងវិស័យនេះ មានសុខភាពល្អជាងមុន ទោះជាអត្រាតម្លៃស្ថិតក្នុងកំនើនមធ្យមក្តីសម្រាប់ឆ្នាំ២០១៩ខាងមុខ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ នេះថា តាមការព្យាករណ៍តម្លៃដីធ្លីនឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ ហើយទំនោរនៅក្នុងផ្នែកនេះ នឹងមានការកើនឡើងខ្ពស់ឬកើនឡើងក្នុងកម្រិតទាប អាស្រ័យលើតំបន់នីមួយៗ។
ចំនែកផ្នែកខុនដូ នឹងមានការកើនឡើងនូវការផ្គត់ផ្គង់កាន់តែច្រើន ធៀបនឹងឆ្នាំ២០១៨នេះ ប៉ុន្តែតម្រូវការក៏រំពឹងមានសញ្ញាវិជ្ជមានផងដែរ។
ដោយសារការចូលមកដល់នៃអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន តម្រូវការអាគារការិយាល័យ និងអាផាតម៉ិននឹងសម្រេចបានកំនើនសមស្របមួយផងដែរ។

ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានសម្តែងភាពសុទិដ្ឋិនិយមផងដែរ ដោយលោកបានមានប្រសាសន៍ថា សម្រាប់ទីផ្សារលំនៅដ្ឋាននៅឆ្នាំនេះ នៅតែមានសញ្ញាវិជ្ជមាន មិនមានអ្វីគួរឲ្យបារម្ភនោះទេ ដោយសារប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើង និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ។
លោកបន្តថា “យ៉ាងណាទីផ្សារលំនៅដ្ឋាន បានចាប់ផ្តើមងាកទៅកាន់ប្រជាជនមានជីវភាពមធ្យមកាន់តែច្រើន ខណៈប្រជាជនស្ថិតនៅក្នុងក្រុមនេះកំពុងកើនឡើង”៕