ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ អ្នកជំនាញកម្ពុជាបានថ្លែងថា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ (BRI) ដែលធ្វើឡើងដោយចិន។

ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ អ្នកជំនាញកម្ពុជាបានថ្លែងថា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ (BRI) ដែលធ្វើឡើងដោយចិន។

លោកបណ្ឌិតគិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍កាលពីម្សិលម៉ិញនេះថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងអាស៊ានក៏ដូចជា នៅលើពិភពលោកទាំងមូល។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅខាងក្រៅសន្និសីទអន្តរជាតិមួយស្តីពី អាស៊ានថា “BRI គឺជាគំនិតផ្តួចផ្តើមតភ្ជាប់ដ៏ល្អមួយ ដែលបានផ្តល់ឱកាស និងអត្ថប្រយោជន៍យ៉ាងច្រើនដល់បណ្តាប្រទេសដែលចូលរួម។
លោកគិន ភាបានមានប្រសាសន៍ថា “BRI បាននិងកំពុងជួយអាស៊ានដែលមានសមាជិក១០ ប្រទេសក្នុងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្រុមអាស៊ានរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។
លោកបានមានប្រសាសន៍ថា “តាមរយៈ BRI បណ្តាប្រទេសអាស៊ានបានទទួលគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ពីប្រទេសចិន ដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រជាដើម។ លំហូរចូលរបស់វិនិយោគិនចិន និងភ្ញៀវទេសចរមកកាន់អាស៊ាន ក៏កើនឡើងផងដែរ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។
លោកបាននិយាយថា ស្ថិតក្រោមគម្រោង BRI ទំនាក់ទំនងអាស៊ាន-ចិននឹងបន្តកាន់តែរឹងមាំនាពេលអនាគត ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
គម្រោង BRI ដែលជាឯកសារយោងលើខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវជំនួញសូត្រ និងផ្លូវជំនួញសមុទ្រសតវត្សរ៍ទី២១ ត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសចិនក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងកសាងបណ្តាញពាណិជ្ជកម្ម វិនិយោគ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្វ្រិកតាមបណ្តោយផ្លូវពាណិជ្ជកម្មបុរាណ។
រហូតមកដល់ពេលនេះ មានប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន២៩ បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនេះ។ លោក ភា បានជឿជាក់ថា ប្រទេសជាច្រើននឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។
លោក គី សេរីវឌ្ឍ នាយកមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជាទូទៅរដ្ឋជាសមាជិកអាស៊ានបាន និងកំពុងទទួលបានអត្ថប្រយោជន៍ពីគម្រោង BRI ។
លោកបានប្រាប់សារព័ត៌មាន Xinhua នៅក្រៅសន្និសីទថា “សម្រាប់ប្រទេសកម្ពុជា គម្រោង BRI បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន កំពង់ផែ និងអាកាសយានដ្ឋាន។
លោកបានបន្ថែមថា “គម្រោងនេះជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ប្រទេសភ្ជាប់រវាងទីក្រុងនិងជនបទ។ ដូច្នេះកសិករងាយស្រួលយកផលិតផលកសិកម្មរបស់ពួកគេទៅកាន់ទីផ្សារ ខណៈភ្ញៀវទេសចរងាយស្រួលធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយ។
លោក ឯក ថា អនុប្រធានអចិន្ត្រៃយ៍ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រោមក្របខ័ណ្ឌនៃគម្រោង BRI ប្រទេសកម្ពុជាបានទទួលវិនិយោគិនចិនជាច្រើន ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងសំណង់ កសិកម្ម និងទេសចរណ៍។
លោកបាននិយាយថា “ទន្ទឹមនឹងនេះសមាជិកអាស៊ានដទៃទៀត ក៏អាចទទួលបានអត្ថប្រយោជន៍ពី BRI ដែរ ពីព្រោះតំបន់នេះនៅតែមានកន្លែង សម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ឧស្សាហកម្ម និងទេសចរណ៍។
លោក ឯក ថា បានឲ្យដឹងទៀតថា គម្រោង BRI មិនត្រឹមតែនាំមកនូវការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចដល់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម និងការវិនិយោគផងដែរ ដោយសារភូមិសាស្ត្រតម្លៃវប្បធម៌ និងទំនាក់ទំនងល្អរវាងចិន និងអាស៊ាន។
លោកបាននិយាយថា ចិន និងអាស៊ានគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដោយសារប្រទេសចិន មានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ហើយអាស៊ានមានប្រជាជនសរុបជាង ៦០០លាននាក់។

លោកបានមានប្រសាសន៍ថា “BRI ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអាស៊ាន-ចិន។ គ្រាន់តែចាំថា តម្លៃវប្បធម៌ គឺជាធាតុសំខាន់ក្នុងទំនាក់ទំនង”៕