កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​ទទួលបាន​ផល​យ៉ាង​សម្បើម​ពីគម្រោង​ក្រវ៉ាត់១ និង​ផ្លូវ១

0
​ក្រវ៉ាត់១ និង​ផ្លូវ១

ប្រែ​សម្រួល​ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញ​កម្ពុជា​បាន​ថ្លែងថា សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំង​ប្រទេស​កម្ពុជា កំពុង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​១ និង​ផ្លូវ​១ (BRI) ដែល​ធ្វើឡើង​ដោយ​ចិន។

​ក្រវ៉ាត់១ និង​ផ្លូវ១

លោក​បណ្ឌិត​គិ​ន ភា អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កំ​ណើ​ន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន​ក៏ដូចជា នៅលើ​ពិភពលោក​ទាំងមូល។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន នៅ​ខាងក្រៅ​សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី អាស៊ាន​ថា “BRI គឺជា​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​ដ៏​ល្អ​មួយ ដែល​បាន​ផ្តល់ឱកាស និង​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​បណ្តា​ប្រទេស​ដែល​ចូលរួម។

លោក​គិ​ន ភា​បាន​មានប្រសាសន៍ថា “BRI បាននិងកំពុង​ជួយ​អាស៊ាន​ដែលមាន​សមាជិក១០ ប្រទេស​ក្នុងការ​ពង្រឹង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ធាតុ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

ក្រុម​អាស៊ាន​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​វៀតណាម។

លោក​បាន​មានប្រសាសន៍ថា “តាមរយៈ BRI បណ្តា​ប្រទេស​អាស៊ាន​បានទទួល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន ពី​ប្រទេស​ចិន ដូចជា ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក អាកាសយានដ្ឋាន និង​កំពង់ផែ​សមុទ្រ​ជាដើម។ លំហូរ​ចូល​របស់​វិនិយោគិន​ចិន និង​ភ្ញៀវទេសចរ​មកកាន់​អាស៊ាន ក៏​កើនឡើង​ផងដែរ ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​តំបន់។

លោក​បាន​និយាយថា ស្ថិតក្រោម​គម្រោង ​BRI ទំនាក់ទំនង​អាស៊ាន-ចិន​នឹង​បន្ត​កាន់តែ​រឹងមាំ​នាពេល​អនាគត ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន។

គម្រោង​ BRI ដែលជា​ឯកសារយោង​លើ​ខ្សែក្រវាត់​សេដ្ឋកិច្ច ផ្លូវជំនួញ​សូត្រ និង​ផ្លូវជំនួញ​សមុទ្រ​សតវត្សរ៍​ទី២១ ត្រូវបាន​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​កសាង​បណ្តាញ​ពាណិជ្ជកម្ម វិនិយោគ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក​តាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​បុរាណ។

រហូតមកដល់​ពេលនេះ មាន​ប្រទេស​ចំនួន១២៦ និង​អង្គការ​អន្តរជាតិ​ចំនួន២៩ បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​នេះ។ លោក ភា បាន​ជឿជាក់ថា ប្រទេស​ជាច្រើន​នឹងចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ។

លោក គី សេរី​វ​ឌ្ឍ នាយក​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជាទូទៅ​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន និង​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង BRI ។

លោក​បាន​ប្រាប់​សារព័ត៌មាន Xinhua នៅក្រៅ​សន្និសីទ​ថា “សម្រាប់​ប្រទេស​កម្ពុជា គម្រោង​ BRI បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវ​ល្បឿន​លឿន កំពង់ផែ និង​អាកាសយានដ្ឋាន។

លោក​បាន​បន្ថែមថា “គម្រោង​នេះ​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​របស់​ប្រទេស​ភ្ជាប់​រវាង​ទីក្រុង​និង​ជនបទ។ ដូច្នេះ​កសិករ​ងាយស្រួល​យក​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​ទៅកាន់​ទីផ្សារ ខណៈ​ភ្ញៀវទេសចរ​ងាយស្រួល​ធ្វើដំណើរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

លោក ឯក ថា អនុប្រធាន​អចិន្ត្រៃយ៍ នៃ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍ថា ក្រោម​ក្របខ័ណ្ឌ​នៃ​គម្រោង​ BRI ប្រទេស​កម្ពុជា​បានទទួល​វិនិយោគិន​ចិន​ជាច្រើន ជាពិសេស​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និង​សំណង់ កសិកម្ម និង​ទេសចរណ៍។

លោក​បាន​និយាយថា “ទន្ទឹមនឹងនេះ​សមាជិក​អាស៊ាន​ដទៃទៀត ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី BRI ដែរ ពីព្រោះ​តំបន់​នេះ​នៅតែមាន​កន្លែង សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ឧស្សាហកម្ម និង​ទេសចរណ៍។

លោក ឯក ថា បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ BRI មិន​ត្រឹមតែ​នាំមក​នូវ​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​ដល់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ ដោយសារ​ភូមិសាស្ត្រ​តម្លៃ​វប្បធម៌ និង​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​អាស៊ាន។

លោក​បាន​និយាយថា ចិន និង​អាស៊ាន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ នៅក្នុង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដោយសារ​ប្រទេស​ចិន មាន​ប្រជាជន​ប្រមាណ ១,៤ ពាន់​លាន​នាក់ ហើយ​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង ៦០០លាន​នាក់។

លោក​បាន​មានប្រសាសន៍ថា “BRI ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ទំនាក់ទំនង​អាស៊ាន-ចិន។ គ្រាន់តែ​ចាំ​ថា តម្លៃ​វប្បធម៌ គឺជា​ធាតុ​សំខាន់​ក្នុង​ទំនាក់ទំនង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here