ដោយៈ រ៉ាណេត
កំពតៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានពន្យល់ថា ការបំពានកម្មសិទ្ធិបញ្ញា មិនត្រឹមតែធ្វើឱ្យអាជីវកម្មបរាជ័យ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស ប៉ុណ្ណោះទេ ប៉ុន្តែសហគ្រិនដែលជាម្ចាស់ នឹងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត បើសិនជាមានករណីប្តឹងផ្តល់កើតឡើង។
រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ាបានមានប្រសាសន៍ថា កម្ពុជា គឺជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន និងប្រជាពលរដ្ឋ តាមរយៈការចងក្រង និងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការចូលរួមសន្ធិសញ្ញា និងកិច្ចព្រៀមព្រៀងអន្តរជាតិ និងការបញ្ជ្រាបវិស័យកម្មសិទ្ធិបញ្ញា ទៅក្នុងប្រព័ន្ធអប់រំជាតិជាដើម។
ជាមួយគ្នានេះ លោក រាជ រ៉ា ក៏បានមានប្រសាសន៍បន្តឱ្យដឹងថែមទៀតថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់បណ្តាសាធារណៈជនទូទៅ ជាពិសេសម្ចាស់សហគ្រិនទាំងអស់ ស្វែងយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងចូលរួមអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយសហគ្រិនភាព ដែលជាមូលដ្ឋានគ្រឹះ នៃការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ ដូចមានចែងនៅក្នុងមុំទី៣ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងជំពូកទី៦ នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ។
បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បានលើកយកប្រធានបទសំខាន់ៗជាច្រើន ដើម្បីបណ្តុះបណ្តាលបន្ថែមទៅដល់មន្ត្រីដែលពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ដែលក្នុងនោះរួមមានដូចជា ៖ ច្បាប់កម្មសិទ្ធិបញ្ញា សិទិ្ធអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ព្រមទាំងទោសទណ្ឌចំពោះការរំលោភកម្មសិទ្ធិបញ្ញា៕