ដោយ ម៉ាណេត
ភ្នំពេញ៖ គម្រោងផ្សារទំនើបខ្នាតយក្សភ្ជាប់ជាមួយនឹងអាគារខុនដូ ៤៦ជាន់ របស់ក្រុមហ៊ុន Yuetai នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៣ ខែសីហានេះ ខណៈក្រុមហ៊ុននេះអះអាងថា គម្រោងនេះនឹងមានភាពប្លែកជាងគេនៅកម្ពុជា ជាមួយមុនងារ និងសេវាកម្មពាណិជ្ជកម្មចម្រុះ។

-->
លោក ឈួរ ជុងឆាយ តំណាងផ្នែកលក់ គម្រោង Yuetai Phnom Penh Harbour បានឲ្យដឹងនៅថ្ងៃទី ១២ ខែសីហានេះថា គម្រោងនេះត្រូវបានបែងចែកជាបួនដំណាក់កាល ដោយ ដំណាក់កាលទី១ នឹងត្រូវសាងសង់ចាប់ពីស្ពានជ្រោយចង្វាររហូតដល់អាគាររដ្ឋបាលចាស់នៃកំពង់ ផែស្វយ័តភ្នំពេញ។ ដំណាក់កាលទី២ ចាប់ពីអគាររដ្ឋបាលចាស់នៃកំពង់ផែស្វយ័តភ្នំពេញរហូតដល់ជញ្ជាំងខាងត្បូង កំពង់ដដែលនេះ។
លោក បានឲ្យដឹងទៀតថា ចំណែកទីតាំងអភិវឌ្ឍសម្រាប់ដំណាក់កាលទី៣ គឺចាប់ពីកន្លែងជួសជុលនាវាចម្បាំងទឹករហូតដល់ ជញ្ជាំងភោជនីយដ្ឋានទន្លេបាសាក់។ និងទីតាំងសម្រាប់ការអភិវឌ្ឍដំណាក់កាលទី៤ ចាប់ពីជញ្ជាំងភោជនីយដ្ឋានទន្លេបាសាក់រហូតដល់ ភោជនីយដ្ឋានទីតានិក។
គម្រោង Yuetai Phnom Penh Harbour ដែលស្ថិតនៅក្បែរព្រះបរមរាជវាំងទាំងមូលគ្រប់ដណ្ដប់លើផ្ទៃដី ១.១៧ លានម៉ែត្រការ៉េ ដែលមានទំហំអភិវឌ្ឍន៍ ១,១៧០,០០០ ម៉ែត្រការ៉េ។
លោក បានបន្តថា ដោយឡែក “គម្រោងនេះនឹងចាប់ពីគម្រោងទី ២ (បញ្ចប់ការសាងសង់ខែធ្នូ ឆ្នាំ ២០២២) និងទី៤ មុនសិន ដោយសារគម្រោងទី ១ និងទី៣ត្រូវការទាមការងារបច្ចេកទេសក្នុងការសាងសង់ ហើយចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់។
លោក បានថ្លែងថា “គម្រោងនេះមានអមដោយផ្សារទំនើបខ្នាតធំ ទីធ្លាសម្រាប់គយគន់មាត់ទន្លេសម្រាប់អ្នកទេសចរ ស្ថានីយ៍អ្នកដំណើរតែមួយគត់ វប្បធម៌ និងវិថីវប្បធម៌សិល្បៈពាណិជ្ជកម្មតាមមាត់ទន្លេ សាលវិចិត្រសិល្បៈតំបន់ទន្លេមេគង្គនិងវប្បធម៌អង្គរ រចនាបថនៃវិថីពាណិជ្ជកម្មទំនើប កន្ត្រកវិល កន្លែងសម្ដែងវប្បធម៌ និងសិល្បៈ ឧទ្យានវប្បធម៌ និងមជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុងភ្នំពេញ។
គម្រោងមជ្ឈមណ្ឌលផ្សារទំនើបខ្នាតធំត្រូវបានរចនាឡើងតាមបែបទាន់សម័យជាមួយនឹងរចនារចនាបទបែបខ្មែរ ដែលផ្សារទាំងមានទំហំជាង ១២០,០០០ ម៉ែត្រការ៉េ មានកន្លែងចតឡានចំនួន ៣,៥០០ កន្លែង និងចំណតម៉ូតូ ២,០០០ កន្លែង។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការរីកចម្រើនផ្សារទំនើប គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនអំណាចនៃការទិញ ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំនើប ដែលមានបច្ចុប្បន្ននៅមិនទាន់ច្រើននោះទេ បើធៀបទៅនឹងទំហំផ្សារ និងចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងមួយនេះ។
លោកបន្តថា ៗបើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំណើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីសំណាក់អ្នកវិនិយោគនៅតំបន់នោះ គឺចំនួនផ្សារទាំងនោះនៅមិនទាន់ច្រើននោះទេ។

កាលពីថ្មីៗនេះ ក្រុមហ៊ុន ARB បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Chean Chhoeng Thai Group (CCTG) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Guangzhou Yuetai Group Co Ltd ដែលបានចុះបញ្ជីនៅទីក្រុងសៀងហៃ ដើម្បីដំឡើងបច្ចេកវិទ្យាបច្ចេកវិទ្យាឆ្លាតវៃតម្លៃ ១០០លានដុល្លារ នៅក្នុងគម្រោងនៅទីក្រុងភ្នំពេញរួមមាន អគារការិយាល័យ ផ្សារទំនើប ខុនដូ និងសណ្ឋាគារផ្កាយប្រាំ។