ដោយៈ រ៉ាណេត
ព្រះសីហនុៈ ខណៈពេលដែលខេត្តព្រះសីហនុ ត្រូវបានវាយប្រហារដោយគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរប៉ុន្មានថ្ងៃកន្លងទៅនេះ នៅត្រឹមព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនចិន Yunnan បានបង្ហាញពីគោលបំណងស្នើសុំអជ្ញាធរសិក្សាលម្អិត ដើម្បីសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុង។

-->
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិនមានបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលទាមទារនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រពន្ធ័ប្រឡាយលូ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានមកសិក្សាខ្លះៗ នូវប្រពន្ធ័លូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិតនិងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុន លោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការគម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូមុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយៈពេលប៉ុន្មានខែ ឆ្នាំនិងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ វាយតម្លៃ។

លោកក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះ អាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាព បរិស្ថានក្រុងទេសចរណ៍នាទិសនិរតី៕