ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការឆ្លើយតប និងមានវិធានការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរឡើងវិញ ខណៈដែលតួរលេខបានបង្ហាញពីឱនភាពនៃចំនួនទេសចរនៅតំបន់អង្គរប្រមាណ ៨,២៩ភាគរយនៅដើមឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍បានជំរុញ និងបង្កើនផលិតផលទេចសរណ៍ថ្មី ដោយសហការជាមួយប្រទេសជប៉ុន។

-->
ជាមួយនឹងការដាក់វិធានការថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញលើវិស័យទេសចរណ៍នៅកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យមួយនេះបន្ថែមទៀត ពិសេស តាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ លោក ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ។ ក្នុងនោះ កាលពីឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០១៨ ទេសចរណ៍ជប៉ុនមកកាន់កម្ពុជាមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើនជាង ៣.៥% ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ ក្នុងកំណើន ៣% ។ ព្រមជាមួយនោះកាលឆ្នាំ២០១៨ កន្លងមក ក៏មានទេសចរកម្ពុជាជាង ២២.០០០នាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអីផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្ត ជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ ដែលក្រសួងទេសចរណ៍បាននិងកំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរ អប្សរា អាជ្ញាធរសំបូរព្រៃគុក ក្រសួងវប្បធម៌ និង ICC អង្គរ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន័តំបន់បិតិកភណ្ឌទាំងពីរនេះ។
ចំពោះសំណើទាំងនេះ ត្រូវបានលោក ORINOUCHI បានទទួលយក និងសន្យាពាំនាំទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ លោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធដ៏យូរអង្វែង រួមជាមួយនឹងការសន្យាផ្តល់ជាជំនួយផ្សេងៗដើម្បីចូលរួមជួយជំរុញកិច្ចអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែមានភាពល្អប្រសើ៕