ដោយ ម៉ាណេត
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងស្វាគមន៍ សណ្ឋាគារលំដាប់អន្តរជាតិថ្មីមួយ ហើយក៏ជាសណ្ឋាគារទីមួយ របស់ក្រុមហ៊ុន Autograph Collection Hotels ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Marriott International ដែលមានសណ្ឋាគារជាង ១៧០នៅជុំវិញពិភពលោក។

ក្រុមហ៊ុន Autograph Collection Hotels បានចុះហត្ថលេខាជាមួយសណ្ឋាគារ The Khom Hotel ខណៈសណ្ឋាគារ The Khom Hotel គ្រោងនឹងបើកនៅដើមឆ្នាំ ២០២២ និងមានបន្ទប់សណ្ឋាគារចំនួន១៣០បន្ទប់។
ដោយមានទីតាំងស្ថិតនៅលើផ្លូវ ឧកញ៉ា សួនស្រ៊ុន នៅតាមបណ្តោយមហាវិថីព្រះសុរាម្រឹត។ សណ្ឋាគារ The Khom Hotel មានទីតាំងនៅជិតវត្តបទុមវត្តី ដែលជាវត្តចំណាស់ជាងគេ និងសំខាន់បំផុតមួយនៅក្នុងក្រុង ក៏ដូចជាព្រះបរមរាជវាំងនិងវិមានឯករាជ្យ។ តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលនៅជិតសណ្ឋាគាររួមមាន ផ្សារកណ្តាល និងវត្តភ្នំ។
លោក Paul Foskey ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Marriott International បានមានប្រសាសន៍ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជា មានការរីកចម្រើនទាំងកំណើនភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគនៅក្នុងវិស័យបដិសណ្ឋារកិច្ច។
លោកបានបន្តថា “យើងទន្ទឹងរង់់ចាំធ្វើជាដៃគូជាមួយក្រុមហ៊ុន Wywaza Investment ក្នុងការនាំមកនូវសណ្ឋាគារ The Khom Hotel ដែលជាសណ្ឋាគារដំបូងគេរបស់ក្រុមហ៊ុន Autograph Collection នៅលើទីផ្សារកម្ពុជានេះ។
សណ្ឋាគារខុមនឹងផ្តល់ជូនភ្ញៀវនូវសេវាជាច្រើន ដែលមានអាងហែលទឹកខាងក្រៅដែលភ្ជាប់ជាមួយសាឡុង និងបារព្រមទាំងមជ្ឈមណ្ឌលហាត់ប្រាណ និងស្ប៉ាផងដែរ។
លោក Douk Dien ម្ចាស់និងជានាយកប្រតិបត្តិក្រុមហ៊ុន Wywaza Investment បានមានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ ក្រុមហ៊ុន Marriott International ដើម្បីនាំយកសណ្ឋាគារយីហោក្រុមហ៊ុន Autograph Collection Hotels មកប្រទេសកម្ពុជា។
លោកបានឲ្យដឹងទៀតថា “យើងនឹងគ្រប់គ្រងទីតាំងសណ្ឋាគារ ដែលមានកិត្យានុភាពបំផុតនៅភ្នំពេញ ហើយធ្វើឱ្យមានការស្នាក់នៅមានកម្រិតស្តង់ដារ ជាមួយនឹងការរំពឹងទុកខ្ពស់ ដែលទីតាំងតែមួយគត់នៅជាប់នឹងព្រះបរមរាជវាំង និងសេវាផ្សេងៗទៀត។

លោកបានបន្តថា “រួមជាមួយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Marriott International លើការផ្តល់ម៉ាក និងស្តង់ដារសេវាកម្ម។ យើងជឿជាក់ថាភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកនឹងស្វាគមន៍សណ្ឋាគារនៅពេលដែលបើកនៅឆ្នាំ ២០២២” ៕






