ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលទីផ្សារខុនដូកំពុងមានការរីកចម្រើន វិស័យនេះក៏មានបញ្ហាផងដែរ ខណៈគុណភាពសំណង់ ប្រព័ន្ឋសុវត្ថិភាពសំរាប់អាគារនិមួយៗហាក់មិនសូវមានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកអភិវឌ្ឍន៍នៅឡើយទេ ហើយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបារម្ភទៅលើបញ្ហានេះ។
កាលពីពេលកន្លងទៅថ្មីៗនេះ ក៏ដូចជាពេលបច្ចុប្បន្ននេះ មានសំណង់អគារជាច្រើនត្រូវបានអជ្ញាធរ និងក្រសួងជំនាញចុះធ្វើការផ្អាកសកម្មភាពសាងសង់ បន្ទាប់ពីមើលឃើញថា មានការអនុវត្តខុសពីច្បាប់កំណត់ និងមិនមានគុណភាព។ ជាមួយនឹងការបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ទៅលើគុណភាពសំណង់ទាំងនេះ កាលពីចុងដើមសប្ដាហ៍កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានធ្វើការព្រមានចំៗ ចំពោះបណ្តាអគារទាំងឡាយណាដែលមានកម្ពស់ចាប់ពី ៤ជាន់ឡើងទៅ។
-->
អគារដែលគួរតែមានការយកចិត្ទុកដាក់ខ្ពស់បំផុត និងបង្កើនការប្រុងប្រយ័ត្នបំផុតនោះ រួមមាន អគារអាផាតមិន និងខុនដូរ ដែលត្រូវតែអនុវត្តតាមច្បាប់ ហើយក៏ក្រើនរំលឹកដល់អ្នកទិញទាំងអស់ គួរតែបង្កើនការប្រុងប្រយ័ត្ន ទៅលើប្រព័ន្ធការពារសុវត្ថិភាពនៅលើអគារឱ្យបានត្រឹមត្រូវ ជៀសវាងកើតមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានមានប្រសាសន៍ថា “មកទល់ម៉ោងនេះអគារខ្លះ មិនទាន់បានធ្វើច្រកសង្គ្រោះទេ អាសញ្ញាសង្គ្រោះក៏មិនបំពាក់ សម្លេងសារ៉ែនក៏អត់បានដាក់ ចឹងដល់ពេលឆេះ អ្នកនៅក្នុងអគារអត់បានដឹង។ លោកបន្ដថា “បន្ទាប់ពីការស្រាវជ្រាវ និងសិក្សាដោយមន្ដ្រីជំនាញផ្នែកបង្ការ និងពន្លត់អគ្គីភ័យកាលពីពេលថ្មីៗនេះ បានរកឃើញថា អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅកម្ពុជា មិនមានច្រកសុវត្ថិភាពសម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គីភ័យកើតឡើងឡើយ។
លោកបានបញ្ជាក់ឱ្យដឹងថា នៅកម្ពុជាសព្វថ្ងៃនេះ មានអគារធ្វើរហូតដល់៦០ជាន់ ប៉ុន្ដែឡានទឹកបាញ់បានត្រឹមតែ៣ ទៅ៤ជាន់ដូច្នេះនេះជាបញ្ហា។ ម្ចាស់អ្នកផ្ទះ និងអ្នករស់នៅប្រើប្រាស់អគារខ្ពស់ៗ មួយចំនួនពួកគាត់មិនទាន់យល់ដឹងថា តើអ្វីទៅដែលបណ្ដាលឱ្យមានអគ្គីភ័យ? ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានា ដែលបណ្តាលឱ្យមានគ្រោះអគ្គីភ័យកើតឡើង។
ក្រសួងមហាផ្ទៃបានជំរុញឱ្យអ្នកជំនាញ ឯកទេសស្ថាបត្យករសំណង់ទាំងអស់ ជាពិសេសម្ចាស់អភិវឌ្ឍគម្រោងតែម្ដង ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ នៅពេលចេញគម្រោងប្លង់របស់ខ្លួន។
ជាមួយគ្នានេះកាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាក៏បានបញ្ចេញរបាយការណ៍ថ្មីមួយទាក់ទងនឹងភាពមិនប្រក្រតីនៃអាគារសហកម្មសិទ្ឋ(ខុនដូ) ដែលបានចែងមិនច្បាស់លាស់ទាក់ទងនឹងចំណតយានយន្ត ដែលនឹងបង្កឲ្យមានបញ្ហាដល់អ្នករស់នៅតាមខុនដូនាពេលអនាគត ដោយសារចំណតយានយន្តមិនត្រូវបានតម្រូវដោយច្បាប់ឲ្យបានច្បាស់លាស់ ទាក់ទងនឹងចំនួនយូនីតខុនដូ និងចំនួនចំណតយានយន្តដែលមានតុល្យភាពនឹងគ្នា។
បញ្ហានេះនឹងបង្កជម្លោះនៅក្នុងសហគមន៍រួម ប្រសិនជាចំណតយានយន្តមិនត្រូវបានបំពេញបង្គ្រប់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ទទួលស្គាល់ថា សំណង់អគារខ្ពស់ៗមួយចំនួននៅកម្ពុជា ពិតជាមិនទាន់បានអនុវត្តន៍ ស្របទៅតាមការកំណត់ដោយច្បាប់ ពីកិច្ចការពារសុវត្ថិភាពប្រាកដមែន ប៉ុន្តែមិនមែនគ្រប់អគារទាំងអស់នោះទេ។
លោកឧកញ៉ាបានបន្តទៀតថា “ ភាគច្រើនអ្នកទិញជាជនជាតិកម្ពុជា ពួកគាត់មិនសូវជាយកចិត្តទុកដាក់ទៅលើការប្រឈមទៅនឹងហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងអគារនោះទេ ដោយសារតែពួកគាត់ជឿ និងទុកចិត្ត។ លោកឧកញ៉ាបានបន្តថា “ការគិតបែបនេះ គឺជារឿងគ្រោះថ្នាក់បំផុត ឧទាហរណ៍ បើសំណង់អគារ ឬខុនដូដែលគាត់បានទិញ និងកំពុងស្នាក់នៅ ដែលគ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ បានន័យថា គាត់កំពុងតែស្នាក់នៅទាំងភាពប្រថុយប្រថានខ្ពស់។
លោកឧកញ៉ាបានបន្តទៀតថា “អាគារដែលគ្មានគុណភាពសំណង់ស្ដង់ដា និងគ្មានប្រពន្ធសុវត្ថិភាព គឺពាក់ព័ន្ធទៅនឹងភាគចំនួន២សំខាន់ គឺខាងក្រសួងមានសមត្ថកិច្ច និងខាងម្ចាស់គម្រោង។ លោកបន្តថា “ដោយសារតែការបំពាក់ប្រព័ន្ធការពារសុវត្ថិភាពត្រូវចំណាយច្រើនអាចស្មើនឹង៥ ទៅ១០ភាគរយនៃទុនវិនិយោគ ដូច្នេះម្ចាស់គម្រោងអាចគឹបគេងដើម្បីបន្ថយចំណាយ។ ដោយឡែកមន្ត្រីជំនាញ អាចមានភាពចន្លោះប្រហោងក្នុងការត្រួតពិនិត្យ ឬអាចក្នុងប្រយោជន៍ណាមួយ ក៏ត្រូវបិទភ្នែកដើរចេញក៏មាន ដែលទាំងអស់នេះសុទ្ធតែជាបញ្ហាប្រឈម។

ពាក់ព័ន្ធទៅនឹងការលើកឡើង ពីភាពប្រឈមនៃសំណង់អគារខ្ពស់ៗខាងលើនេះ អគ្គនាយកក្រុមហ៊ុនអន្តរជាតិ ERA Cambodia លោក ខន គង្គា បានមានប្រសាសន៍ថា គ្រប់សំណង់អគារធំៗដែលកំពុងសាងសង់ ក៏ដូចជាបញ្ចប់គម្រោងសាងសង់ទាំងស្រុង និងដាក់បម្រើនៅលើទីផ្សារនាពេលបច្ចុប្បន្ន សុទ្ធតែស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអ្នកជំនាញគ្រប់គ្រង។
លោកបានបន្តទៀតថា “ប្រសិនបើសំណង់មិនមានគុណភាព ក្រសួងមិនអនុញ្ញាត្តឱ្យសាងសង់នោះទេ ហើយអ្នកអភិវឌ្ឍក៏គេមិនយកដើមទុន រាប់សិបលានដុល្លារមកចោលនៅកណ្តាលទីនោះដែរ។
លោកខន គង្គា បានមានប្រសាសន៍បន្តទៀតថា “មុនពេលដែលក្រុមហ៊ុនសម្រេចដាក់លក់គម្រោងនៅលើទៅផ្សារ គឺសុទ្ធតែត្រូវបានធានាថាមានគុណភាព មានសុវត្ថភាព និងសោភ័ណភាពត្រឹមត្រូវទាំងអស់ ព្រោះវាជាជំនួញមួយដ៏ធំ និងមានរយៈពេលយូរ ហើយគេក៏មិនយកកេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលមានភាពល្បីល្បាញមកបញ្ចប់ត្រឹមគម្រោងតូចៗដែលគ្មានគុណភាពនោះទេ។
ទោះជាយ៉ាងណាការអនុវត្តច្បាប់ទាក់ទងនឹងវិស័យនេះនៅមានកម្រិត ហើយខច្បាប់គ្រប់គ្រងវិស័យសំណង់នៅកម្ពុជាក៏មិនទាន់បានអនុម័តនៅឡើយដែរ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋជាច្រើន ជាក់ស្តែងកាលពីពេលថ្មីៗនេះសំណង់អាគារកំពស់៧ជាន់នៅក្រុងព្រះសីហនុបានដួលរលំ ដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងរបួស៕
អានបន្ត៖ ទីផ្សារខុនដូតម្លៃសមរម្យបានងាកមកកាន់អតិថិជនក្នុងស្រុកកាន់តែច្រើន
ល្អ