តើ​សេដ្ឋកិច្ចពិភពលោក​កំពុង​ចាប់ផ្តើម​ធ្លាក់ចុះ​ជាថ្មី​ឬ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Bloomberg បង្ហាញថា សេដ្ឋកិច្ចពិភពលោក​កំពុង​បង្ហាញ​សញ្ញា​ឱនភាព(ធ្លាក់ចុះ)យ៉ាងគំហុក តាមរយៈ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់ និង​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ចិន ដល់​កំរិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ។

ការធ្លាក់ចុះ​នៃ​ទីផ្សារ​មូល​ប​ត្រ​បំណុល (bond) របស់​អាមេរិក និង​អង់គ្លេស។ ការធ្លាក់ចុះ​នៃ​ផ្សារ​ហ៊ុន​នៅ​បណ្តា​ប្រទេស​នៃ​សហគម​អឺរ៉ុប។

នៅក្នុង​សារព័ត៌មាន​ដដែល​បាន​បង្ហាញថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​បាន​បង្ករ​ជា​កង្វល់ និង​ផល​អវិជ្ជមាន ដូចជា ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ប្រមាណ ៣០០ក្រុមហ៊ុន​បានប្រកាស​ក្ស័យ​ទុន កសិករ​ដាំពោត​របស់​អាមេរិក​ខាត់​បង់ប្រាក់​ប្រមាណ៣៥០០លាន​ដុល្លា​អាមេរិក។

ស្របពេល​ជាមួយគ្នានេះ អ្នកជំនាញ​ផ្នែក​វិនិយោគ​របស់​អាមេរិក បានផ្តល់​ជា​អនុសាសន៍ ដល់​បណ្តា​អ្នកវិនិយោគ​វ័យក្មេង ដែល​បាន​វិនិយោគ​លើ​ផ្សារ​ហ៊ុន​ថា សុំ​កុំអោយ​មាន​ភាព​ស្លន់ស្លោ ហើយ​ប្រ​ញ៉ាប់​លក់​ភាគហ៊ុន​ដែល​ខ្លួន​មាន។ តើ​អ្នក​គួរ​ត្រៀមខ្លួន​បែបណា​ដើម្បី​ទប់ទល់​នឹង​រលក​យក្ស១នេះ?។

អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​និយាយ​វិធី​ទប់ទល់

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា និង​ជា​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើកឡើងថា ជាការ​ទប់ស្កាត់​នូវ​ការខាតបង់ ក៏ដូចជា​ការ​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់​នៅក្នុង​វិស័យនេះ ប្រសិន​លោកអ្នក​បាន​ជួបនឹង​ស្ថានការណ៍ បែប​អវិជ្ជមាន​ក្នុង​វិស័យនេះ​គ​ម្បី​ដោះស្រាយ​ដោយ​វិធីសាស្ត្រ​ចំនួន​បី​រួមមាន​ដូចជា ទី១ កុំ​បង្ខំ​លក់​ចេញ : ភាព​ភ័យ​ស្លន់ស្លោ ហើយ​បង្ខំ​លក់​អចលនទ្រព្យ ឬ​ហ៊ុន​ដែល​អ្នកកាន់កាប់​ធ្វើឱ្យ​អ្នកខាតបង់​ខ្លាំង។ ដូច្នេះ​ត្រូវមាន​ចិត្ត​អំណត់ និង​រស់នៅ​ដោយ​សាមញ្ញ (ចំណាយ​តិច) បំផុត​តាម​ដែល​អាច​ធ្វើបាន។

ទី២ កុំ​តាមដាន​ព័ត៌មាន​ទីផ្សារ​ស្អិត​ពេក : ការទទួលបាន​ព័ត៌មាន​អវិជ្ជមាន​ជាប់​ជាប្រចាំ​ក្នុងកំឡុងពេល​ទីផ្សារ​មាន​វិបត្តិ អាចធ្វើឱ្យ​អ្នក​បាក់​ទឹកចិត្ត និង​ហាម​ចិត្ត​មិនបាន​ឈានដល់​ដំណាក់កាល​លក់ឡៃ​ឡុង។

ទី៣ កុំ​គិត​ខ្លី : មនុស្ស​ដែល​គិត​វែងឆ្ងាយ​រមែង​ត្រៀមខ្លួន​ជានិច្ច សំរាប់​តប​នឹង​កាលៈទេសៈ​ដែលមាន​វិបត្តិ។

លោក​បាន​បញ្ជាក់ថា “គេ​ជឿថា​វិបត្តិ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍ បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​វិបត្តិ​រមែង​នាំមក​នូវ​ឱកាសល្អ” ។លោក​បន្តថា “ជាក់ស្ដែង រូបខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់បាន​អនុវត្ត​ដូច្នេះ នៅ​ចន្លោះ​ឆ្នាំ២០០៨-២០១៣ ក្នុងកំឡុងពេល​មាន​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយក៏​បានឃើញ​ពី​លទ្ធផល​ដែល​បាន​ពី​ការអត់ធ្មត់​ផងដែរ៕

អានបន្ត៖ មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក៖ សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី​ទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here