ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញសញ្ញាឱនភាព(ធ្លាក់ចុះ)យ៉ាងគំហុក តាមរយៈការធ្លាក់ចុះនៃសេដ្ឋកិច្ចអាល្លឺម៉ង់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិន ដល់កំរិតទាបបំផុតក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ។

-->
ការធ្លាក់ចុះនៃទីផ្សារមូលបត្របំណុល (bond) របស់អាមេរិក និងអង់គ្លេស។ ការធ្លាក់ចុះនៃផ្សារហ៊ុននៅបណ្តាប្រទេសនៃសហគមអឺរ៉ុប។
នៅក្នុងសារព័ត៌មានដដែលបានបង្ហាញថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានបង្ករជាកង្វល់ និងផលអវិជ្ជមាន ដូចជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រមាណ ៣០០ក្រុមហ៊ុនបានប្រកាសក្ស័យទុន កសិករដាំពោតរបស់អាមេរិកខាត់បង់ប្រាក់ប្រមាណ៣៥០០លានដុល្លាអាមេរិក។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញផ្នែកវិនិយោគរបស់អាមេរិក បានផ្តល់ជាអនុសាសន៍ ដល់បណ្តាអ្នកវិនិយោគវ័យក្មេង ដែលបានវិនិយោគលើផ្សារហ៊ុនថា សុំកុំអោយមានភាពស្លន់ស្លោ ហើយប្រញ៉ាប់លក់ភាគហ៊ុនដែលខ្លួនមាន។ តើអ្នកគួរត្រៀមខ្លួនបែបណាដើម្បីទប់ទល់នឹងរលកយក្ស១នេះ?។
អ្នកនៅក្នុងវិស័យអចលនទ្រព្យនិយាយវិធីទប់ទល់
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានលើកឡើងថា ជាការទប់ស្កាត់នូវការខាតបង់ ក៏ដូចជាការទប់ទល់នឹងស្ថានភាពអាក្រក់នៅក្នុងវិស័យនេះ ប្រសិនលោកអ្នកបានជួបនឹងស្ថានការណ៍ បែបអវិជ្ជមានក្នុងវិស័យនេះគម្បីដោះស្រាយដោយវិធីសាស្ត្រចំនួនបីរួមមានដូចជា ទី១ កុំបង្ខំលក់ចេញ : ភាពភ័យស្លន់ស្លោ ហើយបង្ខំលក់អចលនទ្រព្យ ឬហ៊ុនដែលអ្នកកាន់កាប់ធ្វើឱ្យអ្នកខាតបង់ខ្លាំង។ ដូច្នេះត្រូវមានចិត្តអំណត់ និងរស់នៅដោយសាមញ្ញ (ចំណាយតិច) បំផុតតាមដែលអាចធ្វើបាន។
ទី២ កុំតាមដានព័ត៌មានទីផ្សារស្អិតពេក : ការទទួលបានព័ត៌មានអវិជ្ជមានជាប់ជាប្រចាំក្នុងកំឡុងពេលទីផ្សារមានវិបត្តិ អាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងហាមចិត្តមិនបានឈានដល់ដំណាក់កាលលក់ឡៃឡុង។
ទី៣ កុំគិតខ្លី : មនុស្សដែលគិតវែងឆ្ងាយរមែងត្រៀមខ្លួនជានិច្ច សំរាប់តបនឹងកាលៈទេសៈដែលមានវិបត្តិ។
លោកបានបញ្ជាក់ថា “គេជឿថាវិបត្តិគ្រាន់តែជាព្រឹត្តិការណ៍ បណ្តោះអាសន្នប៉ុណ្ណោះ ហើយវិបត្តិរមែងនាំមកនូវឱកាសល្អ” ។លោកបន្តថា “ជាក់ស្ដែង រូបខ្ញុំផ្ទាល់ក៏ធ្លាប់បានអនុវត្តដូច្នេះ នៅចន្លោះឆ្នាំ២០០៨-២០១៣ ក្នុងកំឡុងពេលមានវិបត្តិអចលនទ្រព្យនៅកម្ពុជា ហើយក៏បានឃើញពីលទ្ធផលដែលបានពីការអត់ធ្មត់ផងដែរ៕
អានបន្ត៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងគ្រោះថ្នាក់នៃវិបត្តិហិរញ្ញវត្ថុសកលមួយថ្មីទៀត